ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយដោយតម្រូវឱ្យគ្រឹះស្ថានសិក្សាឯកជនត្រូវលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ ដោយត្រូវដាក់បញ្ចូលក្នុងម៉ោងសិក្សា។ សេចក្តីណែនាំនេះកើតឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេច ហ៊ុន សែន បានថ្លែងជំរុញដល់អ្នកពាក់ព័ន្ធត្រូវដាក់បញ្ចូលមុខវិជ្ជាទាំងនេះដល់សាលាឯកជន ជាអ្វីដែលលោក ហ៊ុន ម៉ាណែត បារម្ភខ្លាចកូនខ្មែររស់នៅលើទឹកដីខ្មែរ មិនចេះភាសានិងសីលធម៌របស់ខ្មែរ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ បានដាក់វិធានការពង្រឹងការសិក្សាលើភាសាខ្មែរ វប្បធម៌ និងអរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធិសក្សាអន្ដរជាតិ។
ក្រសួងបានបញ្ជាក់ថា ការពង្រឹងនេះ ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ ការយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរ ដល់សិក្សានុសិស្សដែលមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំ២០២២-២០២៣ តទៅ។ ផ្អែកតាមក្រសួងដដែលថា ការជ្រើសរើសភាសាខ្មែរ គឺតម្រូវឱ្យសិស្សានុសិស្សដែលមានសញ្ជាតិខ្មែរ ជ្រើសរើសជាមុខវិជ្ជាកាត្វកិច្ច។ ចំណែកគ្រឹះស្ថានសិក្សាត្រូវរៀបចំបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅស្ដីពីវប្បធម៌ និងអរិយធម៌ខ្មែរ។
ជាការកត់សម្គាល់សេចក្តីណែនាំរបស់ក្រសួងអប់រំនេះ កើតឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងដោយជំរុញឱ្យអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ដាក់បញ្ចូលការសិក្សាភាសាខ្មែរ វប្បធម៌ និងសីលធម៌ ដល់កូនខ្មែរបានសិក្សាជៀសវាងកូនខ្មែរមិនចេះខ្មែរ។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះធ្វើឡើងក្នុងឱកាសលោកចូលរួមប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជាកាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៣។
ជុំវិញការចេញសេចក្ដីណែនាំពង្រឹងមុខវិជ្ជាភាសាខ្មែរក្នុងសាលាឯកជននេះដែរ សាស្ដ្រចារ្យប្រវត្តិសាស្ដ្រ លោក សំបូរ មាណារ៉ា ដែលទើបត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ដ្រី មានឋានៈស្មើរដ្ឋមន្ដ្រី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ធ្លាប់បានលើកគំនិតនេះជារឿយៗលើបណ្តាញសារព័ត៌មាន។លោកប្រាប់វិទ្យុស្រ្តីថា លោកប៉ងចង់ស្នើសុំរាជរដ្ឋាភិបាលគិតគូរពីម៉ោងសិក្សាភាសាខ្មែរ វប្បធម៌ គុណធម៌ និងអរិយធម៌ចំពោះសាលាឯកជន ព្រោះកន្លងមកលោកសង្កេតឃើញថា សាលាឯកជនសូវគិតគូរលើរឿងទាំងនេះឡើយ។
ទាក់ទងរឿងនេះអ្នកស្រាវជ្រាវពីបញ្ហាសង្គមនិងអ្នកធ្វើការងារក្នុងវិស័យអប់រំជំរុញឱ្យ ក្រសួងអប់រំត្រូវកែទម្រង់ខ្លឹមសារ និងរបៀបបង្រៀនមុខវិជ្ជាខាងលើឱ្យល្អប្រសើរជាងមុន៕