en     km
en     km

សង្គមស៊ីវិល និងបណ្ឌិតមួយចំនួន ស្នើឱ្យលោកផែង វណ្ណៈសុំទោសស្ដ្រីអ្នកសារព័ត៌មានVOD

Share

សង្គមស៊ីវិលជាច្រើនស្ថាប័ន រួមទាំងបណ្ឌិតមួយចំនួនធំ បានចេញមុខប្រតិកម្មចំពោះការលើកឡើងរបស់លោក ផែង វណ្ណៈ ម្ចាស់សារព័ត៌មាន Pheng Vannak news ដោយការលើកឡើងរបស់លោកបានប្រើពាក្យសម្ដីមួយចំនួន ត្រូវបានសង្គមស៊ីវិល និងអ្នកវិភាគ យល់ថា ប៉ះពាល់ដល់តម្លៃស្ដ្រី ជាពិសេសស្ដ្រីអ្នកសារព័ត៌មាន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោកស្រី ចក់ សុភាព នាយិកាមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានលើកឡើងថា ភាសារបស់លោក​ ផែង វណ្ណៈ បានវាយប្រហារលើស្ត្រីជាអ្នកសារព័ត៌មានគឺ​ ឆ្លុះបញ្ចាំងពីកម្រិតគុណធម៌របស់លោក។  លោកស្រីបន្ថែមថា ការប្រើពាក្យសម្ដីរបស់លោក ផែង វណ្ណៈ ជាអំពើកាតទាន (ប្រមាថ)យ៉ាងច្បាស់លើស្ត្រី។ អ្នកស្រីថា​ លោកគួរសុំទោសជាសាធារណៈដល់ប្អូនស្រីអ្នកសារព័ត៌មាននេះ​ និងបញ្ឈប់នូឥរិយាបទដែលផ្ទុយពីឆន្ទៈរបស់រដ្ឋាភិបាលដែលតែងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្រ្តី​។  ក្រៅពីនេះ លោកស្រីនាយិការសិទ្ធិមនុស្សរូបនេះ ស្នើឱ្យស្ថាប័នពាក់ព័ន្ធចាត់ចំណាត់ការទង្វើបែបនេះ​ ដើម្បីបង្ហាញពីសេចក្តីថ្លៃថ្នូរ និងសីលធម៌សង្គម។

ស្របពេលជាមួយគ្នានេះ នាយិកាអង្គការតម្លាភាព និងយែនឌ័រដើម្បីការអភិវឌ្ឍន៍នៅកម្ពុជា GAD/C អ្នកនាង អេង ចាន់ឌី ក៏បានលើកឡើងដែរថា នៅពេលដែលសង្គមកំពុងជម្រុញឲ្យមានចំនួន និងគុណភាពស្រ្តីនៅក្នុងវិស័យសាពត៌មាន បុគ្គលដូច ផែង វណ្ណ: កំពុងធ្វើឲ្យការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ពន្ធ័ដើរថយក្រោយ។

អ្នកនាង សង្កត់ធ្ងន់ថា នេះការប៉ះពាល់ដល់សេរីភាព អំណាចសារពត៌មាន និងសីលធម៌ក្នុងសង្គម នឹងមានការធ្លាក់ចុះខ្លាំង។  នាយិកាវ័យក្មេងរូបនេះ បានចោទសួរថា ការបៀតបៀនស្រ្តីអ្នកសារពត៌មានតាមប្រពន្ធ័អនឡាញត្រូវបានលើកលែងឬ?

ទន្ទឹមជាមួយនិងការលើកឡើងពីសង្គមស៊ីវិល អ្នកវិភាគនយោបាយមួយចំនួនធំបាន ប្រតិកម្មដូចគ្នានិងការលើកឡើងរបស់ម្ចាស់សារព័ត៌មាន pheng vannak news នេះ។

លោក បណ្ឌិត សេង សារី បានបង្ហោះសារដោយភ្ជាប់ជាមួយអត្ថបទពីលោក ផែង វណ្ណៈ ថា  ការចាត់ការជនពាល​ និងជនវិកលចរឹត​ ដែលសង្ងំក្នុងវិស័យព័ត៌មាន​ គឺអាចយកធ្វើជាគោលនយោបាយសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតឆ្នាំ​ ២០២៣​ បានយ៉ាងមានប្រសិទ្ធភាព។

តែយ៉ាងណាបន្ទាប់ពី រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់អាជ្ញាបណ្ណសារព័ត៌មានVOD លោកបណ្ឌិតថា ទាំងរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ទទួលបានយុត្តិធម៌ និងភាពត្រឹមត្រូវហើយ នៅឡើយតែ ស្ដ្រីអ្នកសារព័ត៌មាន ដែលមិនត្រឹមតែបាត់បង់ការងារទេ​ តែនាងបានទទួលរងការប្រមាថយ៉ាងធ្ងន់ធ្ងរពីបុគ្គលពាលជ្រកក្រោមស្លាកអ្នកសារព័ត៌មាន​ ផែង​ វណ្ណ​ ហើយនាងក៏មិនទាន់ទទួលបានកិត្តិយស​ និងសេចក្តីថ្លៃថ្នូរ​បស់នាងមកវិញទេ។ យ៉ាងណាលោក បណ្ឌិតសំណូមពរឱ្យ សម្តេច ពិចារណាផ្តល់យុត្តិធម៌​ កិត្តិយស​ និងសេចក្តី​ថ្លៃថ្នូឱ្យស្ដ្រីអ្នកសារព័ត៌មានផង។

ចំណែក លោក បណ្ឌិត ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជាបាន សម្ដែងនូវក្ដីសង្វេគនៅពេល លោក ផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានមួយរូប ​បានវាយប្រហារអ្នករួមអាជីពសារព័តមានដូចគ្នាដោយប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ក្នុងទម្រង់ជាហិង្សាផ្នែកពាក្យសម្តី និងការបៀតបៀនទៅលើអ្នកសារព័ត៌មានស្ត្រី។ លោកថា ក្នុងនាមជាអ្នកធ្វើការផ្នែកប្រជាធិបតេយ្យ លោកគោរព និងគាំទ្រសេរីភាពក្នុងការផ្សព្វផ្សាយ និងបញ្ចេញមតិ ប៉ុន្តែរាល់ការផ្សព្វផ្សាយ និងការបញ្ចេញមតិគួរតែមានសីលធម៌ទើបអាចដោះស្រាយបញ្ហាបាន។ លោកបណ្ឌិតបានឱ្យ លោក ផែង វណ្ណៈ គួរតែកែតម្រូវ និងសុំទោសសហជីវិនអ្នកសារព័ត៌មានរបស់ខ្លួន។

ក្រៅពីអ្នកវិភាគទាំងពីរខាងលើ គេសង្កេតឃើញ មានលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវសង្គម  លោកបណ្ឌិត ឡៅ ម៉ុងហៃជាដើម ក៏បានចេញប្រតិកម្មចំពោះការលើកឡើងរបស់លោក ផែង វណ្ណៈផងដែរ។

នៅលើហ្វេសប៊ុក លោក ផែង វណ្ណៈ បានវាយបកទៅកាន់សង្គមស៊ីវិល និងបណ្ឌិតទាំងអស់ ជាមួយការលើកឡើងនេះ។ តែលោកបង្ហាញគោលជំហមិនប្រើពាក្យសុំទោសទេ តែចោទជាសំណួរថា សង្គមស៊ីវិល និង អ្នកវិភាគ និងបណ្ឌិតទាំងនេះ ជាក្រុមជាមួយសារព័ត៌មានVOD។

ក្រសួងកិច្ចការនារី មិនទាន់អាចបញ្ជាក់បានទេ ចំពោះរឿងរ៉ាវចម្រូងចម្រាស់លើស្ដ្រីអ្នកសារព័ត៌មាននេះ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នាពេលថ្មីៗនេះ ពោលកាលពីថ្ងៃទី១១ ខែ កុម្ភៈកន្លងទៅបាន ជម្រុញឱ្យលើកតម្កើងតម្លៃស្ដ្រី និងផ្ដល់ឱកាសដល់ស្ដ្រី ឲ្យចូលរួមដោយពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម៕

Share

ព័ត៌មានទាក់ទង

Image