យោងតាមរ៉យទ័រ របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យជនស៊ីវិលដែល “ស្មោះត្រង់នឹងរបបយោធា” អាចដាក់ពាក្យសុំអាជ្ញាប័ណ្ណកាន់អាវុធបាន។នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងឯកសាររដ្ឋាភិបាល។
ឯកសារលេចធ្លាយដែលត្រូវបានគេរាយការណ៍ថាមានប្រភពចេញពីក្រសួងមហាផ្ទៃត្រូវបាន កំណត់លក្ខណៈវិនិច្ឆ័យសម្រាប់អ្នកដែលចង់បានអាជ្ញាប័ណ្ណកាន់អាវុធ។អ្នកជំនាញបារម្ភថា ការអនុញ្ញាតឱ្យជនស៊ីវិលកាន់កាំភ្លើងនឹងផ្តល់សិទ្ធិអំណាចដល់ក្រុមគាំទ្ររបបយោធា និងនាំឱ្យកើនឡើងនៃអំពើហិង្សា។
ការផ្ដល់សិទ្ធិកាន់អាវុធដល់ជនស៊ីវិលនេះមានគោលបំណងការពារសន្តិសុខ ដែលមានលក្ខខណ្ឌដូចជាត្រូវមានអាយុ 18 ឆ្នាំឡើង និងត្រូវមានភាពស្មោះត្រង់នឹងរបបយោធា។Reuters មិនអាចផ្ទៀងផ្ទាត់ឯកសារដែលមាន15ទំព័រភ្លាមៗបានទេ ហើយវាមិនច្បាស់ថានៅពេលណាដែលច្បាប់នេះនឹងចូលជាធរមាន។
ឯកសារនេះផ្តល់សិទ្ធិកាន់អាវុធដល់កងជីវពល មន្រ្តីយោធាចូលនិវត្តន៍ជាដើម។ ពួកគេអាចកាន់កាំភ្លើងខ្លី កាំភ្លើងវែង និងកាំភ្លើងយន្ត ដើម្បីបង្ក្រាបការបះបោរដែលប្រឆាំងនឹងរបបយោធា។ឯកសារទាំងនេះក៍បានបញ្ជាក់ដែរថា រដ្ឋាភិបាលយោធាមានសិទ្ធិនាំចូល លក់អាវុធ និងគ្រាប់រំសេវដែលមានអាជ្ញាប័ណ្ណពីក្រសួងការពារជាតិ។
ក្រុមឃ្លាំមើលជម្លោះនៅភូមាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយថា មនុស្សប្រហែល 19,000 នាក់បានស្លាប់កាលពីឆ្នាំមុន ដោយការបង្រ្កាបរបស់យោធាលើការតវ៉ា បាននាំឱ្យមនុស្សជាច្រើនកាន់អាវុធប្រឆាំងនឹងរបបយោធាវិញ។
មនុស្សប្រហែល 1.2 លាននាក់ត្រូវបានផ្លាស់ទីលំនៅ ហើយជាង 70.000 នាក់បានចាកចេញពីប្រទេស។នេះបើយោងតាមអង្គការសហប្រជាជាតិដែលបានចោទប្រកាន់យោធាពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ប្រភព៖ Reuters ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣