en     km
en     km

មានមនុស្សរាប់ពាន់នាក់បានស្នើសុំទារិកានៅរស់ពីការរញ្ជួយដីនៅប្រទេសស៊ីរីយកធ្វើជាកូនចិញ្ចឹម

Share

 

មនុស្សរាប់ពាន់នាក់បានស្នើសុំយកទារិកាដែលកើតនៅក្រោមគំនរអគារបាក់រលំនៅភាគពាយព្យប្រទេសស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទទី៦ កុម្ភៈ ២០២៣។នៅពេលទារិកា Aya ត្រូវបានជួយសង្គ្រោះគេឃើញទងផ្ចិតនាងជាប់ជាមួយម្តាយនៅឡើយ។ព្រឹត្តិការណ៍នេះគេជឿថាជាអព្ភូតហេតុដ៏អស្ចារ្យនៅក្នុងជំនឿសាសនាអារ៉ាប់។

ម្តាយ ឪពុក និងបងប្អូនបង្កើតរបស់ទារិកា Aya ទាំងអស់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារទីក្រុង Jindayris ។ពេលនេះទារិកា Aya កំពុងសម្រាកនៅមន្ទីរពេទ្យ។គ្រូពេទ្យកុមារលោកHani Marouf ដែលមើលថែនាងបាននិយាយថា “នាងបានមកដល់មន្ទីរពេទ្យកាលពីថ្ងៃចន្ទក្នុងស្ថានភាពអាក្រក់បែបនេះ នាងមានស្នាមជាំ នាងត្រជាក់រងា និងស្ទើរតែគ្មានដង្ហើម”។ឥឡូវនេះនាងស្ថិតក្នុងស្ថានភាពនឹងនរ។

វីដេអូនៃការជួយសង្គ្រោះទារិកា Aya បានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម។ វីដេអូ​បង្ហាញ​ពី​បុរស​ម្នាក់​រត់ចេញ​ពី​​អគារ​បាក់រលំមួយ​ដោយ​បី​ទារិកា​ដែលប្រលាក់សុទ្ធតែ​ធូលី។Khalil al-Suwadi ជាសាច់ញាតិឆ្ងាយម្នាក់ ដែលនៅកន្លែងកើតហេតុ នៅពេលដែលទារិកាត្រូវបានទាញចេញទៅកាន់កន្លែងសុវត្ថិភាព បាននាំទារិកាទើបនឹងកើតទៅមន្ទីពេទ្យនៅក្នុងទីក្រុង Afrin ប្រទេសស៊ីរី។

មនុស្ស​រាប់​ពាន់​នាក់​នៅ​លើ​បណ្ដាញ​សង្គម​ស្នើសុំ​នាងទៅចិញ្ចឹម។មនុស្ស​ម្នាក់​បាន​និយាយ​ថា​៖ «​ខ្ញុំ​ចង់​ចិញ្ចឹម​នាង ហើយ​ផ្តល់​ជីវិត​សមរម្យ​ដល់​នាង​។ពិធីករព័ត៌មានទូរទស្សន៍គុយវ៉ែតម្នាក់បាននិយាយថា “ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីមើលថែ និងចិញ្ចឹមកូននេះ ប្រសិនបើនីតិវិធីផ្លូវច្បាប់អនុញ្ញាតឱ្យខ្ញុំយកនាងមកចិញ្ចឹម”។

អ្នកគ្រប់គ្រងមន្ទីរពេទ្យ Khalid Attiah និយាយថា គាត់បានទទួលការហៅទូរស័ព្ទរាប់សិបដងពីមនុស្សជុំវិញពិភពលោកដែលចង់យកទារិកា Aya ធ្វើជាកូនចិញ្ចឹម។វេជ្ជបណ្ឌិត Attiah ដែល​មាន​កូន​ស្រី​អាយុ​ទើប​តែ​បួន​ខែ​​បាន​និយាយ​ថា “ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​យក​នាង​ឥឡូវ​នេះ​ទេ។ រហូត​ដល់​គ្រួសារសាច់ញាតិ​របស់​នាង​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ចាត់​ទុក​នាង​ដូច​ជា​កូន​របស់​ខ្ញុំ”។ពេលនេះប្រពន្ធរបស់ខ្ញុំកំពុងបំបៅដោះទារិកាជាមួយកូនស្រីខ្លួនឯង។

នៅទីក្រុង Jindayris ប្រទេសស៊ីរី ដែលជាស្រុកកំណើតរបស់ទារិកា Aya ។លោក Mohammed al-Adnan បានប្រាប់ BBC ថា “ស្ថានភាពគឺជាគ្រោះមហន្តរាយ។ មានមនុស្សច្រើនណាស់នៅក្រោមគំនរអគារបាក់បែក។ មានមនុស្សជាច្រើនដែលយើងមិនទាន់បានយកចេញនៅឡើយ”។លោកបានប៉ាន់ប្រមាណថា 90% នៃទីក្រុងនេះត្រូវបានបំផ្លាញ ហើយជំនួយភាគច្រើនបានមកពីប្រជាជនក្នុងតំបន់។

ក្រុមអ្នកជួយសង្គ្រោះមកពីអង្គការ White Helmets ដែលមានបទពិសោធជួយមនុស្សចេញពីគំនរបាក់រលំអស់រយៈពេលជាងមួយទសវត្សរ៍ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី បានជួយសង្គ្រោះនៅទីក្រុង Jindayris ។

លោក Mohammed al-Kamel បាននិយាយថា “អ្នកជួយសង្គ្រោះក៏អាចក្លាយជាជនរងគ្រោះផងដែរ ដោយសារតែអគារទាំងនេះអាចបាក់បន្ថែមទៀតពេលប្រតិបត្តិការជួយសង្គ្រោះ”។លោកបានបន្ថែមថា “យើងទើបតែទាញសាកសព៣ចេញពីគំនរបាក់បែក ហើយយើងគិតថាមានគ្រួសារមួយនៅទីនោះដែលនៅរស់នៅឡើយ  យើងនឹងបន្តធ្វើការ” ។តាមរបាយការណ៍នៅប្រទេសស៊ីរីមានអ្នកស្លាប់ជាង 3,000 នាក់ ដោយការរញ្ជួយដី។តួលេខ​នេះ​មិន​រាប់​បញ្ចូល​អ្នក​​ស្លាប់​ក្នុង​តំបន់​កាន់កាប់​ដោយ​ក្រុម​ប្រឆាំង​ស៊ីរី​ទេ។

ប្រភព៖ BBC ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣

Share

Image
Image
Image