en     km
en     km

លោក ឡេង ណាវ៉ាត់ត្រា ច្រានចោលការផ្សាយ ដែលថាលោក លាងលុយកខ្វក់ ឱ្យអ្នកមានអំណាច

Share

ថ្លែងនៅចំពោះមុខក្រុមកម្មករ នៃក្រុមហ៊ុនរបស់ខ្លួន ប្រមាណ១ពាន់នាក់ លោក ឡេង ណាវ៉ាត្រា ដែលមានគោរមងារ ជាអ្នកឧកញ៉ា បានច្រានចោល ដោយប្រតិកម្មចំៗឈ្មោះបុគ្គល អំពីការចុះផ្សាយចេញពីទឹកដីអាមេរិក របស់ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលថា លោកជាអ្នកលាងលុយឱ្យអ្នកមានអំណាច។ លោក គីម ចាន់ចាវ រាយការណ៍

ថ្មីៗនេះ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចុះផ្សាយព័ត៌មានដែលរៀបចំដោយ លោក តាំង សារ៉ាដា បញ្ជាក់ថា «ប្រភពដ៏ជឿទុកចិត្តមួយបានលាតត្រដាងថា ឧកញ៉ាជំនាន់ថ្មីម្នាក់ក្នុងចំណោមឧកញ៉ាចាស់វស្សា១២នាក់ គឺលោកឡេង ណាវ៉ាត្រា ដែលមានទ្រព្យសម្បត្តិច្រើន ហើយមានលឿនជាងគេនៅកម្ពុជានោះ ពុំដែលទទួលបានប្រាក់ចំណេញពីគម្រោងវិនិយោគ ទាំងអស់របស់ខ្លួននោះទេ។ ក្រុមអ្នកឃ្លាំមើលសង្ស័យថា ឧកញ៉ារូបនេះអាចកំពុងដឹកនាំបងប្អូនបង្កើតរបស់ខ្លួនទាំងគ្រួសារ និងតារាចម្រៀងល្បីៗមួយចំនួន ឲ្យរកស៊ីលាងលុយកខ្វក់សម្រាប់គ្រួសារអ្នកមានអំណាចនៅកម្ពុជា ដែលតម្រូវឲ្យ សមត្ថកិច្ចត្រូវបើកការស៊ើបអង្កេត ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់នេះ»។

ជាថ្មីម្ដងទៀត លោក ឡេង ណាវ៉ាត់ត្រា បានច្រានចោលការផ្សាយនេះ ហើយនិយាយបកស្រាយថា លោកមិនបានលាងលុយកខ្វក់ដូចការផ្សាយនោះទេ។ មិនត្រឹមតែលោកឡេង ណា វ៉ាត់ត្រានោះទេ សូម្បីតែតារាចម្រៀងល្បីៗមួយចំនួនដែលកំពុងបម្រើការងារឱ្យផលិតកម្មរបស់លោក ក៏នាំគ្នាចេញមុខបដិសេដ និងថ្កោលទោសចំពោះការចុះផ្សាយនេះដែរ។ ដើម្បីបង្ហាញភាពស្អាតស្អំពីការផ្សាយនេះលោក បានលើកឡើងពីផលចំណេញក្នុងការវិនិយោគរបស់ខ្លួន។

«ប៉ុន្តែដាច់ខាត អ្នកឯងមកចោទខ្ញុំថា ខ្ញុំលាងលុយគឺមិនបាន ព្រោះខ្ញុំអត់បានធ្វើ។ បើនិយាយថាខ្ញុំជំពាក់គេគឺបាន កុំឱ្យតែបោកប្រាស់គេ។ យើងមិនបានបោកប្រាស់គេទេ។ ខ្ញុំមិនបានបោកប្រាស់បងប្អូនណាទេ។ពុកម៉ែបងប្អូនដឹងពីការរីកចម្រើននៃក្រុមហ៊ុនយើង។ ក្រុមហ៊ុនខ្ញុំដើរក្នុងរយៈពេល៥ឆ្នាំនេះអតិថិជនជំពាក់លុយខ្ញុំជាង៣០០លានដុល្លារមិនតិចទេ។ គាត់ក៏លំបាកខ្ញុំក៏លំបាក»។

 

អ្នកឧកញ៉ាវ័យក្មេងរូបនេះ ចាត់ទុកការផ្សាយរបស់លោក តាំង សារ៉ាដាចង់ផ្ដួលរំលំលោក
គឺមិនអាចទៅរួចទេ ដោយព្រលយសារឌឺដងឱ្យលោកសារ៉ាដា រៀននិពន្ធរឿងឱ្យល្អជាងនេះ។

«ត្រូវចាំឱ្យច្បាស់! លោក តាំង សារ៉ាដា ត្រូវចាំឱ្យច្បាស់ ហើយនិពន្ធសាច់រឿងឱ្យបានល្អជាងនេះមក។ និពន្ធបែបនេះ វាអត់ត្រូវទេ។ ទៅស៊ើបអង្កេតខ្ញុំតទៅទៀតទៅ! ផ្ទះខ្ញុំលក់រាប់ម៉ឺនល្វែង អ្នកឯងកុំនិយាយតាមអំពើចិត្តអ្នកឯង។ អ្នកឯងកុំចង់វ៉ៃបំបាក់ទឹកចិត្តអ្នកដែលចង់ជួយសង្គមជួយជាតិ ឱ្យសោះ។ អ្នកឯងវ៉ៃក្បាលខ្ញុំវ៉ៃខុសហើយ អ្នកឯងច្រលំមនុស្សហើយ មិនអាចទូលដូចអ្នកឯងគិតងាយៗទេ ព្រោះគម្រោងរបស់ខ្ញុំទាំងអស់សុទ្ធតែតម្លៃល្អបងប្អូនទាំងអស់មិនអាចបោះបង់ចោលគម្រោងរបស់ខ្ញុំទេ»។

សារព័ត៌មានឌឹ ខេមបូឌា ដេលី បានចេញផ្សាយវីដេអូសំឡេងម្ដងជាពីរដង ពាក់ព័ន្ធនិងជីវប្រវត្តិ និងរបររកស៊ីរបស់លោក ឡេង ណាវ៉ាត់ត្រា ហើយវីដេអូព័ត៌មាននោះត្រូវបានដាក់លើទំព័រមុខ ឬPin នៅទំព័រដើមនៃផេកហ្វេកប៊ុករបស់ខ្លួនទៀតផង។


សារព័ត៌មាននោះ បានរៀបរាប់អំពីទ្រព្យសម្បត្តិរបស់លោក ឡេង ណាវ៉ាត្រា ដោយថា មានការសង្ស័យថា លោកកំពុងឈរឈ្មោះរកស៊ីលាងលុយកខ្វក់ឱ្យអ្នកមានអំណាចកំពូលនៅកម្ពុជា។

«អតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ឆ្នាំ (២០១០-២០១៤) និងជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ ដែលមានដើមទន់វិនិយោគដំបូងត្រឹមតែ១ម៉ឺន១ពាន់ដុល្លារ បន្ទាប់ពីធ្វើជាកម្មករនៅកូរ៉េបានពីរឆ្នាំ បានក្លាយជាអ្នកឧកញ៉ាវ័យក្មេងជាងគេ ដែលឈរលើលេខរៀងទី១២ក្នុងចំណោមឧកញ៉ាចាស់វស្សាចំនួន១៨រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅប្រទេសកម្ពុជាក្នុងចំណោមឧកញ៉ាសរុបចំនួន ១០៧០នាក់ គិតត្រឹមឆ្នាំ២០២០។ ហើយក៏ជាឧកញ៉ាម្នាក់ផ្ដល់ថវិកា២៣,៣លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន និងសម្មភាពសប្បុរសធម៌នានា ដែលជាទូទៅតែងតែលើកឡើងថា កំពុងឈរឈ្មោះរកស៊ីលាងលុយកខ្វក់ឱ្យអ្នកមានអំណាចកំពូលនៅកម្ពុជានោះគឺអ្នកឧកញ៉ាឡេង ណាវ៉ាត្រា»។

 

ពាក់ព័ន្ធនឹងការចុះផ្សាយនេះ លោក តាំង សារ៉ាដា បានបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីនោះឡើយ នៅពេលអ្នកសារព័ត៌មានទាក់ទងសុំការបំភ្លឺបន្ថែម ។ ក៏ប៉ុន្តែលោក ប៉ែន បូណា ដែលទើបទទួលតំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា វិជ្ជាជីវៈសារព័ត៌មានមិនអនុញ្ញាតឱ្យយកការសង្ស័យមកធ្វើជាកម្មវត្ថុក្នុងការចោទប្រកាន់បុគ្គលណាម្នាក់ភ្ជាប់ទៅនឹងបទល្មើសអ្វីមួយឡើយ។ លោកបានផ្ដល់ដំបូន្មានថា បើចង់ផ្សាយរឿងធំបែបនេះ អ្នកសារព័ត៌មានត្រូវបើកការស៊ើបអង្កេតស៊ីជម្រៅមួយដើម្បីប្រមូលឯកសារ ភ័ស្តុតាងឱ្យបានគ្រប់គ្រាន់ និងរឹងមាំបំផុតជាមុនសិន។ ទោះយ៉ាងណា សារណែនាំរបស់លោក ប៉ែន បូណា ត្រូវបានលុបទៅវិញភ្លាមៗ នៅថ្ងៃដដែលនោះដែរ៕

Share

Image
Image
Image