en     km
en     km

អ្នកពាក់ព័ន្ធបង្ហាញមូលហេតុសិស្សស្រីប្រលងជាប់បាក់ឌុបឆ្នាំ២០២២ច្រើនជាងសិស្សប្រុស

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបង្ហាញនូវចម្ងល់ដែលសម្តេចសង្កេតឃើញថា សិស្សស្រីប្រឡងបាក់ឌុកឆ្នាំសិក្សា២០២២នេះ មានចំនួនច្រើនជាងបើធៀបនឹងសិស្សប្រុស។សម្តេចក៏ជំរុញឱ្យមានការស្រាវជ្រាវមួយលើបញ្ហានេះ។ តែយ៉ាងអ្នកជំនាញនិងអ្នកធ្វើការលើវិស័យអប់រំនៅកម្ពុជា យល់ឃើញថា សិស្សស្រីមានសន្ទុះប្រឹងប្រែងសិក្សា ការយកចិត្តទុកដាក់ ពិសេសគឺស្រ្តីបច្ចុប្បន្នមានភាពក្លាហានចង់ជម្នះផ្នត់គំនិតដែលថា ស្រ្តីបង្វិលចង្រ្កានមិនជុំ។​

(កញ្ញា គុជ ស៊ីកុល ជូនសេចក្តីរាយការណ៍ពីព័ត៌មាន)

ថ្លែងក្នុងកម្មវិធីជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិន្ទេស A កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីលើកឡើងជាមតិចាប់អារម្មណ៍នូវករណីចំនួនសិស្សស្រីបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំសិក្សា២០២២ គឺមានកំណើនខ្ពស់ជាងសិស្សប្រុស។ រឿងនេះដែរ សម្តេចបានថ្លែងដោយមានមន្ទិល និងចង់ស្នើដល់អ្នកពាក់ព័ន្ធសិក្សាទៅលើបញ្ហានេះផងដែរ។

(សំឡេង)

ទាក់ទងរឿងនេះ វិទ្យុស្រ្តីបានសុំការយល់ឃើញពីអ្នកជំនាញនិងអ្នកធ្វើការងារផ្នែកអប់រំ ដោយក្នុងនោះ លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជាថា លោកកំពុងតែពិចារណាសិក្សាទៅលើមូលហេតុនៃការកើនឡើងនៃចំនួនសិស្សស្រីបានប្រឡងជាប់បាក់ឌុបច្រើនជាងសិស្សបុរស។ តែចំពោះមុខនេះលោកយល់ថា រឿងនេះអាចមកពីសិស្សស្រីរៀនពូកែជាង និងខិតខំរៀនសូត្រជាង។ ប្រការនេះលោកយល់ថា ជាការល្អប្រសើរ ដែលអាចជាឱកាសឱ្យស្រ្តីមានវត្តមានប្រឡូកការងារក្នុងសង្គមបានច្រើនផងដែរ។

លោក ឈត ប៊ុនថង៖ «ប្រសិនជានៅក្នុងតួលេខហ្នឹងគេរកឃើញថាសិស្សស្រីមានការកើនឡើង ខ្ញុំបាទលើកឡើងថាជារឿងដែលយើងគួរតែសប្បាយរីករាយ ហើយវាហ្នឹងធ្វើឱ្យចំនួនសិស្សស្រី ឬក៏ចំនួននារីដែលមានចំណេះដឹងហ្នឹងកាន់តែកើនឡើង ហើយកាលណាចំនួននារីមានចំណេះដឹងហ្នឹងកាន់តែកើនឡើងមានន័យថាយើងនឹងមានស្រ្តីជាម្តាយ ជាមេផ្ទះហ្នឹងក៏កាន់តែកើនឡើងមានចំណេះដឹងល្អគ្រប់គ្រងគ្រសារបានល្អ ដឹកនាំកូនបានល្អ ហើយក៏វាបានបង្ហាញថាភាគរយស្រ្តីដែលចូលរួមក្នុងកិច្ចការសង្គម កិច្ចការនយោបាន កិច្ចការអជីវកម្មក៏នឹងច្រើន និងមានសមត្ថភាពមិនចាញ់បុរសទេធ្វើឱ្យសង្គមយើងឆ្ពោះទោរកការរីកចម្រើនមួយដែលមានការរួមបញ្ចូលតាំងបុរសនិងស្រ្តីជាមួយគ្នា»។

តែទន្ទឹមគ្នានេះអ្នកស្រាវជ្រាវនៃរាជ្យបណ្ឌិតសភារូបនេះក៏សង្កេតឃើញថា មានអត្រាសិស្សបោះបង់ចោលការសិក្សាផងដែរ ដោយខ្លះសម្រេចធ្វើការងារទាំងក្នុងនិងក្រៅស្រុក ហើយខ្លះទៀតអាចបណ្តាលមកពីសិស្សដើរផ្លូវខុស ប្រព្រឹត្តិអំពើអបាយមុខនិងសេពគ្រៀងញៀនជាដើម។ ជុំវិញបញ្ហានេះ លោកស្នើឱ្យក្រសួង ឬសាកលវិទ្យាល័យ ស្ថាប័ននានា ធ្វើការស្រាវជ្រាវបន្ថែមដើម្បីរកដំណោះស្រាយ។

លោក ឈត ប៊ុនថង៖ « ប្រហែលជាត្រូវក្រសួងពាក់ព័ន្ធនានា ក្រសួងអប់រំយុវជន និងកីឡា សាកលវិទ្យាក័យនានាទាំងរដ្ឋ ទាំងឯកជនរួមទាំងរាជបណ្ឌិត្យសភាកម្ពុជា ឬក៏ស្ថាប័នស្រាវជ្រាវនៅក្នុងវិស័យឯកជន សង្គមស៊ីវិល ឬក៏អ្នកស្រាវជ្រាវឯកជនដទៃទៀតហ្នឹង ក៏អាចសិក្សាស្រាវជ្រាវមើលថា តើមូកហេតុអ្វីបានជាតួលេខហ្នឹងចេញមក អីចឹងអ្វីដែលខ្ញុំលើកឡើងគ្រាន់តែជាការពិចារណារបស់ខ្ញុំទៅលើតួរលេខដែលសម្តេចនាយករដ្ឋមន្រ្តី លោកចាប់អារម្មណ៍ដែលថាសិស្សស្រីប្រឡងជាប់បាក់ឌុបមានចំនួនច្រើន ហើយប្រសិនបើយើងរកឃើញថាប្អូនៗនៅក្នុងវ័យសិក្សាហ្នឹង វ័យសិក្សាជាភេទប្រុសគាត់បោះបង់ការសិក្សាចោល មិនចូលរៀនច្រើន ត្រូវតែដោះស្រាយហើយអាហ្នឹង ដើម្បីឱ្យពួកគាត់បានចូលរៀន កុំឱ្យទៅពាក់ព័ន្ធជាមួយគ្រៀងញៀន គ្រឿងស្រវឹង ក្រុមបងធំ បងតូច ឬក៏បោះបង់ការសិក្សាចោលទាំងវ័យក្មេង »។

ចំណែកអ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យតួលេខសិស្សស្រីខ្ពស់ជាងសិស្សប្រុស ដោយសារតែសិស្សស្រីមានការព្យាយាម និងមានមហិច្ឆិតាចង់ប្រកួតប្រជែងយកកិត្តិយសជូនគ្រួសារ ពិសេសចង់យកឈ្នះនូវផ្នត់គំនិតដែលថា«ស្រ្តីបង្វិលចង្ក្រានមិនជុំ»។

អ្នកកស្រី អ៊ុក ឆាយ៉ាវី៖ «អត់មានអី្វចម្លែកទេក្នុងការដែលសិស្សស្រីជាប់ច្រើនជាងសិស្សប្រុស ព្រោះសតវត្សរ៍ទី២១ យើងដឹងហើយថា ស្រ្តីនិងបុរសមានសិទ្ធិស្មើគ្នា ហើយត្រូវតែប្រកួតប្រជែងហើយមិនមែនចាត់ទុកពីសម័យមុនថា សិស្សស្រីបង្វិលចង្ក្រានមិនជុំអីទេ។ ឥឡូវសិទ្ធិស្មើគ្នាអីចឹងពួកគាត់(សិស្សស្រី)ត្រូវខំហើយ ទីមួយខំដើម្បីស្តារគ្រួសារគាត់ ទីពីរគឺគាត់គិតថាប្រឡូកនៅក្នុងសង្គមហ្នឹង គាត់ឃើញមានតែស្ត្រីអីហ្នឹងជាច្រើនដឹកនាំអីចឹង អីចឹងគាត់ត្រូវតែពុះពារឱ្យឈ្នះបុរសហើយទាំងខ្ញុំតាំងគេគឺត្រូវតែលះបង់ ត្រូវតែលះបង់ហើយ»។

អ្នកធ្វើការផ្នែកអប់រំនៅកម្ពុជាមួយរូបគឺលោក សន ជ័យ ជាប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម បញ្ជាក់ឱ្យដឹងថា អត្រារបស់សិស្សស្រីបានប្រឡងជាប់ច្រើនបែបនេះ អាចបណ្តាលមកពីសិស្សស្រីប្រឹងប្រែង និងផ្តោតសំខាន់ទៅលើការសិក្សា។ ជាមួយគ្នានេះ លោកបានស្នើទៅកាន់សហគមន៍ សាលារៀន រួមទាំងអាណាព្យាបាលសិស្សានុសិស្សទាំងអស់គប្បីរួមចំណែក តាមដានការសិក្សារបស់កូនៗ ជៀសវាងសិស្សានុសិស្សដើរផ្លូវខុស និងកាត់បន្ថយអត្រាសិស្សបោះបង់ចោលការសិក្សា។

លោក សន ជ័យ៖ «ទិដ្ឋភាពបច្ចប្បន្នយើងឃើញហើយថាក្មេងខ្លះជាក្មេងបោះបង់ការសិក្សា ក្មេងខ្លះក៏ក្មេងនៅក្នុងសាលាក៏មានការពាក់ព័ន្ធជាមួយនឹងឥរិយាបថមិនត្រឹមត្រូវ ដូចបានឃើញរូបភាពថ្មីៗពេលខ្លះ វាយប្រហារឬក៏បង្កហិង្សាដាក់គ្នាទៅវិញទៅមកអីជាដើម។ អីចឹងវាជារូបភាពមួយដែលឳពុកម្តាយ គួរតែយកចិត្តទុកដាក់ច្រើន អីចឹងតួនាទីឳពុកម្តាយគួរតែពិនិត្តមើលរឿងទាំងពីរ រឿងការរកស៊ីរបស់ខ្លួន និងមើលការខុសត្រូវហើយកុំបណ្តោយកូន នៅពេលដែលឃើញមានការខុសឆ្គងគួរតែមានការអប់រំ។»

ជុំវិញរឿងនេះ លោក រស់ សុវាចា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ប្រាប់វិទ្យុស្ត្រីថាក្រសួងនឹងសិក្សាស្រាវជ្រាវករណីនេះ តាមការណែនាំរបស់នាយករដ្ឋមន្ត្រី ដែលឱ្យតាមដានករណីសិស្សស្រីទទួលជ័យលាភីនៃការប្រឡងបាក់ឌុបច្រើនជាងសិស្សប្រុសនេះ។

គួរបញ្ជាក់ថាបេក្ខជនចូលរួមបាក់ឌុបឆ្នាំសិក្សា២០២២ មានសរុបជាង១២ម៉ឺននាក់។ ចំណែកសិស្សប្រឡងជាប់មានចំនួនជាង៩ម៉ឺននាក់ ហើយសិស្សស្រីបានប្រឡងជាប់រហូតដល់ទៅជាំអ៥ម៉ឺននាក់៕

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង