គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាស ឱ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ត្រៀមខ្លួនដាក់ពាក្យចុះឈ្មោះសម្រាប់សង្កេតមើលការបោះឆ្នោតថ្នាក់ជាតិ ដែលនឹងធ្វើឡើងអំឡុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ អង្គការសង្គមស៊ីវិល ដែលធ្លាប់តាមដានសង្កេតការណ៍បោះឆ្នោតកន្លងមក មួយចំនួនអះអាងថា ខ្លួននឹងចូលរួមសង្កេតការបោះឆ្នោតថ្នាក់ជាតិនៅអាណត្តិទី៧ខាងមុខនេះ ប៉ុន្តែស្ថាប័នខ្លះទៀតហាក់នៅស្ទាក់ស្ទើរនូវឡើយ។ លោក គីម ចាន់ចាវ រាយការណ៍
បើតាមប្រតិទិនដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីសប្តាហ៍មុនបង្ហាញថា ពេលវេលាដែលគណបក្សនយោបាយ ត្រូវចុះឈ្មោះអ្នកសង្កេតការណ៍ បម្រើឱ្យការបោះឆ្នោតថ្នាក់ជាតិ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា និងបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ ទោះយ៉ាងណា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទី០៩ ខែកុម្ភៈនេះថា រហូតដល់ពេលនេះមិនទាន់មានស្ថាប័នណាមួយដាក់ពាក្យដើម្បីចូលរួមសង្កេតការបោះឆ្នោតនៅឡើយទេ ដោយសារតែ គ.ជ.ប ទើបតែប្រកាស។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា(NICFEC) បានប្រាប់វិទ្យុស្ត្រីថា អង្គការរបស់លោកនឹងចុះឈ្មោះដាក់អ្នកសង្កេតការណ៍ ដោយហេតុថា អង្គការរបស់លោកធ្វើការពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យ និងឃ្លាំមើលការបោះឆ្នោត។ មួយវិញទៀតលោកមើលឃើញស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន ហាក់ធ្លាក់ចុះកម្តៅជាងមុនក៏អាចជាកត្ដាជំរុញឱ្យស្ថាប័នលោកចូលរួមអង្កេតការណ៍ផងដែរ។
«ស្ថានភាពយើងឃើញថា បើគិតទៅបច្ចុប្បន្នរាងប្រសើរសិទ្ធិនយោបាន សិទ្ធិពលរដ្ឋណា៎ រាងធូស្បើយជាងមុន ជាងខែមុនណា៎បាទ។ ប៉ុន្តែទោះបីយ៉ាងម៉េចយើងត្រូវតែចូលរួម ព្រោះអីយើងធ្វើការខាងប្រជាធិបតេយ្យ យើងត្រូវតែឃ្លាំមើលដំណើរការបោះឆ្នោត»។
ការបោះឆ្នោតថ្នាក់ជាតិនេះ នៅតែជាចម្ងល់មួយសម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយ និងអង្គការសង្គមស៊ីវិល ថាតើអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឬយ៉ាងណា ស្របពេលដែលថ្នាក់ដឹកនាំគ្រាក់ៗនៃបក្សប្រឆាំងនៅជាប់រឿងក្តីក្តាំនៅតុលាការនៅឡើយ។
ក្នុងរឿងនេះដែរលោក កន សាវ៉ាង្ស អ្នកនាំពាក្យគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្ដិធម៌ (ខុមហ្វ្រែល) អះអាងថា អង្គការរបស់លោកនៅមិនទាន់សម្រេចចិត្តថា ត្រូវដាក់អ្នកសង្កេតការណ៍ ឬយ៉ាងណាទេ ពីព្រោះ កំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យ និងពិចារណា។
«យើងអត់ទាន់មានការសម្រេចិត្តនៅក្នុងដំណើរការនៃការចូលរួមណាមួយទេអូន ព្រោះឥលូវហ្នឹងយើងកំពុងតែធ្វើលើកិច្ចការងាររឿងហ្នឹង យើងរៀបចំលើផែនការអស់ហ្នឹង ប៉ុន្តែការសម្រេចចិត្តហ្នឹងមិនទាន់ បានជាសាធារណៈនៅឡើយទេបាទ មិនទាន់បានប្រកាស ឬក៏ជជែកគ្នាជាសាធារណៈហ្នឹងនៅឡើយទេ»។
បើតាម គ.ជ.ប អ្នកដែលអាចចុះឈ្មោះចូលរួមសង្កេតការណ៍មានដូចជាគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអន្តរជាតិផងដែរ តែមិនមែនជាលក្ខណៈបុគ្គលឡើយ។ លោក ហង្ស ពុទ្ធា ឱ្យដឹងថា បើទោះបីមិនទាន់មានស្ថាប័នណាបញ្ជូនឈ្មោះអ្នកសង្កេតការណ៍ក្ដី ប៉ុន្តែមានអង្គការមួយចំនួនកំពុងសួរនាំពីនិតិវធី។
«បាទមានអង្គការមួយចំនួន លោកបានសួរអំពីនីតិវិធីបន្ថែមណា៎បាទ»
លោក កន សាវាង្ស ដែលចង់ឃើញការបោះឆ្នោតនាពេលខាងមុខនេះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយភាគីពាក់ព័ន្ធទាំងអស់ទទួលយកបាននូវលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ ចាត់ទុកស្ថានភាពនយោបាយបច្ចុប្បន្ននៅមិនទាន់មានភាពល្អប្រសើរសម្រាប់ពលរដ្ឋ និងអ្នកនយោបាយនៅឡើយទេ។
«គឺមានន័យថាម៉េច? មានន័យថា ប្រជាពលរដ្ឋហ្នឹងគឺមានការព្រួយបារម្ភនៅឡើយទេ។ ការព្រួយបារម្ភទៅលើ បញ្ហានៃការចូលរួមផ្នែកនយោបាយ ព្រួយបារម្ភទៅលើការបញ្ចេញមតិអីផ្សេងៗហ្នឹងគឺថា នៅតែមានការព្រួយរម្ភនៅឡើយ ហើយសម្រាប់ ទន្ទឹមនឹងហ្នឹងយើងឃើញហើយថា សម្រាបគណបក្សនយោបាយមួយចំនួន ដែលថ្នាក់ដឹកនាំគណបក្សដែលមានសក្កដានុពល នៅក្នុងខណៈពេលនេះផងដែរនេះ ត្រូវបានប្រើប្រព័ន្ធតុលាការ ត្រូវបានតុលាការកោះហៅ ទៅតាមដំណើររឿងផ្សេងៗ យើងមិននិយាយពាក់ព័ន្ធនឹងនយោបាយទេ។ ប៉ុន្តែយើងនិយាយអំពីការកោះហៅ ដែលវាជះឥទ្ធិពលដល់ប្រជាពលរដ្ឋនៅក្នុងការចូលរួមផ្នែកនយោបាយហ្នឹង និងការដំណើរការរបស់គណបក្សនយោបាយរៀបចំខ្លួនមុនការបោះឆ្នោតហ្នឹង គឺថាមានការប្រើប្រាស់ប្រព័ន្ធតុលាការ កោះហៅ ឬក៏ឃុំខ្លួនជាដើម»។
គិតត្រឹមដើមឆ្នាំ២០២៣នេះ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ៣ នាក់ហើយបានរងក្ដីតាំនៅតុលាការ ក្នុងនោះមានលោក ថាច់ សេដ្ឋា និងលោក សុន ឆ័យ ដែលអ្នកទាំងពីជាអនុប្រធាននៃគណបក្សភ្លើងទៀន។ និងចុងក្រោយនេះគឺលោក គង់ គាំ ប្រធានកិត្តិយសគណបក្ស ដែលបានសម្រេចចិត្តបញ្ចប់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយពីបានប្រគល់ដីផ្ទះនៅកណ្ដាលរាជធានីភ្នំពេញឱ្យទៅរដ្ឋាភិបាល ព្រមទាំងបានសារភាពទទួលស្គាល់កំហុស និងសុំអភ័យទោសជាសាធារណៈទៅសម្តចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយមេបក្សកាន់អំណាចព្រមានចាត់វិធានការច្បាប់។
លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សកាន់អំណាចធ្លាប់បានប្រាប់វិទ្យុស្ត្រីថ្មីៗនេះថា គណបក្សប្រជាជនកម្ពុជារបស់លោកគ្មានគោលការណ៍គៀបសង្កត់លើអ្នកនយោបាយ ឬគណបក្សនយោបាយណាឡើយ។ ក៏ប៉ុន្តែគណបក្សនយោបាយណាដែល វាយប្រហារលើគណបក្សប្រជាជនកម្ពុជារបស់ខ្លួន ដោយអយុត្តិធម៌ គណបក្សលោកនឹងដាក់ពាក្យប្ដឹងដើម្បីរកយុត្តិធម៌៕