loader

LICADHOសាទរវិធានការបិទមណ្ឌលព្រៃស្ពឺក្រោយបញ្ជូនមនុស្សចេញអស់

អង្គការសិទ្ធិមនុស្សលីការដូ សាទរចំពោះវិធានការរបស់ក្រសួងសង្គមកិច្ច ដែលឈានទៅបិទមណ្ឌលសំចតព្រៃស្ពឺ ក្រោយពេលបញ្ជូនមនុស្សចេញអស់។ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនេះ ធ្លាប់ចេញរបាយការណ៍អង្កេតរបស់ខ្លួនដោយរកឃើញថា មណ្ឌលឃាំងមនុស្សនៅខណ្ឌចោមចៅ រាជធានីភ្នំពេញនេះ មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖


លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីការដូបានសាទរចំពោះវិធានការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលអះអាងថា នឹងបិទមណ្ឌលព្រៃស្ពឺ ក្រោយពេលបញ្ជូនមនុស្សចេញអស់។ លោកបន្តថា កន្លែងសំចតនេះ ជាមណ្ឌលឃុំឃាំងមនុស្សដោយខុសច្បាប់មួយ និងបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរថែមទៀតផង។
មន្រ្តីជាន់ខ្ពស់ស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូរូបនេះ ប្រាប់វិទ្យុស្ដ្រីដឹងបន្ថែមទៀតថា អង្គការលីកាដូធ្លាប់បានស្នើបិទមណ្ឌលព្រៃស្ពឺនេះតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយសារមិនមានអ្វីដែលអាចកែប្រែបុគ្គលក្នុងមណ្ឌលនោះបានជាដុំកំភួនទេ។ ក្រោយពេលក្រសួងអះអាងបិទបែបនេះ លោកថា ជារឿងល្អមួយដើម្បីកុំឱ្យទទួលការរិះគន់ទៅលើក្រសួង និង រាជរដ្ឋាភិបាល ចំពោះការរំលោភសិទ្ធិមនុស្សនៃមណ្ឌលព្រៃស្ពឺ។


តាមរយៈមន្ដ្រីនាំពាក្យនៃក្រសួងសង្គមកិច្ច លោក តូច ចាន់នី បានឱ្យដឹងដែរថា ក្រសួងនឹងបញ្ជូនមនុស្សចេញចាប់ពីថ្ងៃទី៨ ខែកុម្ភៈ តទៅ។ បុគ្គលដែលញៀនថ្នាំ ក្រសួងនឹងនាំខ្លួនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន។ ចំណែកជនអនាថា ក្រសួងនឹងស្វែងរកផ្ទះសម្បែងនៅស្រុកកំណើត និងផ្ដល់បណ្ណក្រីក្រជូនពួកគេ។ ដោយឡែកជនវិប្បលាសស្មារតី នឹងបញ្ជូនទៅមណ្ឌលវិប្បលាសស្មារតីជាដើម។


ជាមួយគ្នានឹងវិធានការនេះ លោក អំ សំអាត យល់ថា ជារឿងល្អមួយចំពោះសមាហរណកម្មនេះ លើអ្នកដែលបានប្រព្រឹត្តិខុស ដោយសារពួកគេមិនមែនជាអ្នកទោសដែលចេញលិខិតដាក់ទោសពីតុលាការឡើយ។


សូមបញ្ជាក់ដែរថា ការអះអាងថាបិទមណ្ឌលព្រៃស្ពឺ ក្រោយពេលបញ្ជូនមនុស្សចេញអស់នេះ កើតមានឡើងបន្ទាប់ពីឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា OHCHR លោកស្រី រូអេដា អិលហេច បានជួបពិភាក្សាជាមួយលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៣។
តាមរយៈហ្វេសប៊ុកអង្គការសហប្រជាជាតិសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងថា OHCHR និងក្រសួងសង្គមកិច្ច បានពិភាក្សាអំពីផែនការកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយគម្លាតក្នុងស្ថានភាពផ្លូវច្បាប់នៃមណ្ឌលសំចតព្រៃស្ពឺ និងលក្ខខណ្ឌនៅមណ្ឌលស្តារនីតិសម្បទា យន្តការបញ្ជូន និងសិទ្ធិក្នុងការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់អ្នកជាប់ឃុំ។


គួរម្លឹកដែរថា កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ អង្គការ លីកាដូ បានចេញរបាយការណ៍រួមមួយពីចំនួនអ្នកស្លាប់នៅមណ្ឌលព្រៃស្ពឺ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលចន្លោះពីខែកក្កដា និងខែសីហា ឆ្នាំ២០២២ មណ្ឌលនេះមានអ្នកស្លាប់ ១០នាក់ ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន ក៏ធ្លាប់លើកឡើងឱ្យបិទមណ្ឌលមួយនេះម្ដងហើយដែរ កាលពីឆ្នាំ២០១៦ ដោយសារទទួលរងការរិះគន់ពីសំណាក់មហាជន ធ្វើឱ្យប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ​ដោយបង្កើនការ​ធ្វើពាណិជ្ជកម្ម និងវិនិយោគ

ជំនួបរវាងមេដឹកនាំកម្ពុជា និងម៉ាឡេស៊ី នឹងជួយ​​[...]

នាយិកាអង្គការភ្លែន៖អាពាហ៍ពិពាហ៍វ័យក្មេង និងបោះបង់ការសិក្សាជាបញ្ហាបង្អាក់ការអភិវឌ្ឍន៍ក្មេងស្រី

នាយិកាអង្គការភ្លែនអន្ដរជាតិ លោកស្រី គ្វីននេត [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x