en     km
en     km

ទារិកាម្នាក់នៅរស់រានមានជីវិតក្នុងគំនររលំអគារក្នុងហេតុការណ៍រញ្ជួយដីនៅប្រទេសស៊ីរី

Share

ទារិកាទើបនឹងកើតម្នាក់ ត្រូវក្រុមអ្នករុករកជួយសង្គ្រោះពីក្រោមគំនរបាក់បែកនៃអគារកើតហេតុក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅភាគពាយព្យនៃប្រទេសស៊ីរីកាលពីថ្ងៃច័ន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន BBC ចុះនៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
បច្ចុប្បន្ននេះ ទារិកាខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Afrin ប្រទេសស៊ីរី។ វេជ្ជបណ្ឌិតបាននិយាយថា ទារិការូបនេះមិនទាន់មានបញ្ហាសុខភាពណាមួយចោទនៅឡើយទេ។
យ៉ាងណាមិញ ជាអកុល ម្តាយ ឪពុក និងបងប្អូនរបស់នាង ៤ នាក់ទៀតបានស្លាប់ក្នុងហេតុការគ្រោះរញ្ជួយដីកម្រិត ៧.៨ រិចទ័រនៅទីក្រុង Jindayris នៅជិតព្រំដែនតួកគី។ អគារដែលគ្រួសាររបស់ទារិការស់នៅ គឺជាអគារមួយក្នុងចំណោមអគារ៥០ផ្សេងទៀតដែលត្រូវគ្រោះមហន្តរាយបំផ្លាញទាំងស្រុង។
គួរបញ្ជាក់ថា លោក Khalil al-Suwadi ជាពូបង្កើតរបស់ទារិកាខាងលើបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី៧ ខែកុម្ភៈ នេះថា លោកបានទៅទីតាំងកើតហេតុភ្លាមៗក្រោយពេលដឹងព័ត៌មានថា ក្រុមគ្រួសារលោកកំពុងស្នាក់នៅអគារកើតហេតុ។ លោកបន្តថា លោកបានឮសំឡេងមួយ ខណៈលោកកំពុងជីកកកាយរកសមាជិកគ្រួសារ។ ជាសំណាងល្អ លោកបានរកឃើញទារិកាដែលមានទងផ្ចិតនៅនឹងលើខ្លួន រួចលោកសម្រេចកាត់វាចោល និងបញ្ជូនទៅមន្ទីរពេទ្យភ្លាម។
មកទល់នឹងពេលនេះ តាមប្រភពសារព័ត៌មាន BBC ដដែលបានឱ្យដឹងថា តួរលេខអ្នកស្លាប់បានកើនឡើងដល់ចំនួនជាង ៩០០០នាក់ ហើយក្រុមអ្នកជួយសង្រ្គោះកំពុងបន្តជីករុករកជនរងគ្រោះក្រោមឧបទ្ទេវហេតុដួលរលំអគារដោយសារគ្រោះរញ្ជួយដី៕

ប្រភព៖ BBC ចុះថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣

Share

Image
Image
Image