en     km
en     km

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

Share

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី3R  និងសេដ្ឋកិច្ចចក្រា ឬសេដ្ឋកិច្ចវិលជុំ នៅខេត្តសៀមរាប ដោយផ្ដោតលើប្រធានបទ ការគ្រប់គ្រងសំណល់ប្លាស្ទិក ដែលបច្ចុប្បន្នមានសំណល់ប្លាស្ទិកប្រមាណ ២ ប៊ីលានតោនលើភពផែនដី។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី ៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី3R  ដោយផ្ដោតការគ្រប់គ្រងសំរាមប្លាស្ទិក នៅខេត្តសៀមរាប។ 3R  មានន័យថា ការកាត់បន្ថយ ការប្រើប្រាស់ និងការកែច្នៃឡើងវិញ។

លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាមន្ដ្រីនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា កម្ពុជាមានអនុក្រឹត្យស្ដីពីការគ្រប់គ្រងការប្រើប្រាស់ប្លាស្ទិក ដោយរាប់ទាំងការហាមឃាត់ការនាំចូល គោលការណ៍លើកទឹកចិត្ត3R និងជម្រុញការផលិតជីវៈផ្លាស្ទិកដែលងាយរលាយក្នុងបរិស្ថាន ព្រមទាំងជម្រុញការការច្នៃឡើងវិញតាមរយៈសហគ្រាសធុនតូច និងមធ្យម ដើម្បីទាញយកសំណល់ពីសំរាមធ្វើការកែច្នៃ។

លោករដ្ឋលេខាធិការបានលើកឡើងបន្ថែមថា បច្ចុប្បន្ននេះ សំរាមប្លាស្ទិកនៅលើភពផែនដីមានចំនួនជាង២ប៊ីលានតោន ហើយក្នុងមួយឆ្នាំផលិតផលធ្វើពីផ្លាស្ទិក ត្រូវបានប្រើប្រាស់ចន្លោះពី៤០០ ទៅ៦០០លានតោន។ លោកថា វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3Rនៅកម្ពុជានេះ នឹងរកវិធានការរួមដោះស្រាយបញ្ហាបំពុលដោយប្លាស្ទិក ដោយសិក្សាថាតើយើងអាចគ្រប់គ្រងសំណល់នេះ បានឱ្យកម្រិតណា។

ស្របពេលជាមួយ វេទិកាដែលកម្ពុជាកំពុងចាប់ផ្ដើមធ្វើជាលើកទីមួយនេះ ក៏បានលើពីការទប់ស្កាត់លើសំណល់ប្លាស្ទិកហូរចូលក្នុងទន្លេ និងសមុទ្រផងដែរ។

សូមជម្រាបថា វេទិការ 3R ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ នៅប្រទេសជប៉ុន។ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពី3R សេដ្ឋកិច្ចចក្រានេះ មានអ្នកចូលរួមប្រមាណ ៥០០នាក់មកពីជិត ៤០ ប្រទេស៕

Share

Image
Image
Image