en     km
en     km

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

Share

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់និងអភិរក្សបរិស្ថានបានបំបួសនៅក្នុងតំបន់អារ៉ែងកាលពីចុងឆ្នាំ២០២២ ត្រូវបានកាប់បំផ្លាញជាបន្តបន្ទាប់។ ការប្រទះឃើញការកាប់បំផ្លាញដើមឈើធំៗនេះ កើតឡើងក្នុងពេលដែលក្រុមករុណាព្រៃអារ៉ែង ក្រុមយុវជនខ្មែរថាវរៈ ព្រមទាំងយុវជន និងរួមជាមួយសហគមន៍ជនជាតិដើមភាគតិច(ជង)ចំនួនប្រមាណ ៣០អង្គនិងនាក់ បានចុះបេសកកម្មអនុវត្តសិទ្ធិ និងតួនាទីរបស់ខ្លួនក្នុងការរួមចំណែកការពារធនធានធម្មជាតិក្នុងតំបន់អារ៉ែង ខេត្តកោះកុង រយៈពេល ៤ថ្ងៃ កាលពីថ្ងៃទី០២ដល់០៥ ខែកុម្ភៈ ឆ្នាំ២០២៣។

(លោក គីម ចាន់ចាវ រាយការណ៍ )

 

 

បើទោះបីជាដើមឈើត្រូវបានដួលរលំដោយការកាប់បំផ្លាញហើយក្ដី ក្រុមព្រះសង្ឃ និងយុវជននៃក្រុមករុណាព្រៃអារ៉ែង និងក្រុមយុវជនខ្មែរថាវរៈ បានសូត្រធម៌នៅជុំវិញដើមឈើនោះជាថ្មី ដូចកាលដែលពួកគេធ្លាប់បានបំបួសដើមឈើទាំងនោះ កាលពីអំឡុង ខែតុលា ឆ្នាំ២០២២។ ព្រះតេជគុណ សៅ សុខរាជ ដែលបានចូលរួមកម្មវិធីបំបួសដើមឈើនេះ ចាត់ទុកការកាប់បំផ្លាញដើមឈើដែលត្រូវបានបំបួសដោយក្រុមព្រះសង្ឃ និងយុវជនខ្មែរបែបនេះជាការបំផ្លាញ់នូវសម្បត្តិរបស់ព្រះពុទ្ធសាសនា។

 

«ដើមឈើនេះជា… អាចថាជាសម្បត្តិរបស់ព្រះពុទ្ធសាសនាមួយដែរ ដោយសារតែធ្លាប់មានព្រះសង្ឃបានបំបួស អ៊ីចឹងហើយដោយសារមានការកាប់បំផ្លាញ។ ក្នុងមានយើងជាពុទ្ធសាសនិក ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាបែរជាបំផ្លាញអាសម្បត្តិព្រះពុទ្ធសាសនាហ្នឹងវិញ។ ហើយវាមានការស៊ីជម្រៅមែនទែន នៅក្នុងព្រះពុទ្ធសានា ដោយសារតែព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រនៅក្រោមដើមឈើ ហើយត្រាស់ដឹង បរិនិព្វានអីនៅក្រោមដើមឈើទាំងអស់។ អ៊ីចឹងដើមឈើ គឺជារឹសមួយដ៏សំខាន់ដែរនៅក្នុងព្រះពុទ្ធសាសនា»។

     

 

ព្រះសង្ឃនិងយុវជនបានបំបួសដើមឈើនិងល្បាតព្រៃបានប្រទះឃើញបទល្មើសកាប់ព្រៃឈើធ្វើអាជីវកម្មខុសច្បាប់នៅតាមដងស្ទឹង។ ទង្វើខុសច្បាប់នេះបានបណ្តាលឱ្យដើមឈើធំៗនៅតាមដងស្ទឹងបាត់បង់ជាបន្តបន្ទាប់ ដែលនាំឱ្យបាត់បង់ទីជម្រកត្រី ត្រីនាគ ក្រពើភ្នំ ដែលជាអត្តសញ្ញាណនៃជនជាតិដើមភាគតិចជងផងដែរ។ ពួកគេអះអាងថា ជារឿយៗទាក់ទងទៅនិងបញ្ហាបទល្មើសព្រៃឈើនៅតំបន់អារ៉ែង ត្រូវបានក្រុមយុវជនលាតត្រដាងជាបន្តបន្ទាប់ ដោយមានភ្ជាប់ជាមួយនឹងវត្ថុតាង រួមទាំងបានចុះផ្សាយតាមរយៈសារព័ត៍មានផងដែរ ប៉ុន្តែមន្ត្រីបរិស្ថានខេត្តកោះកុងហាក់មិនខ្វាយខ្វល់ពីបញ្ហារបស់ក្រុមយុវជនបានបង្ហាញ និងលើកឡើងនោះទេ។

 

 

បើទោះបីដើមឈើដែលបំបួសត្រូវបានកាប់បំផ្លាញ យុវតីម្នាក់នៃក្រុមខ្មែរថាវរៈដែលបានចូលរួមសកម្ម ភាពបំបួសដើមឈើកាលពីដើមខែកុម្ភៈដែរនោះ នៅតែប្រកាន់ជំហរចូលរួមការពារព្រៃឈើដែលនៅសល់បន្តទៀត ជាមួយយុវជនផ្សេងៗដែលអាចធ្វើការរួមគ្នាបាន។

 

«មិនថាតែយុវជនផ្សេងឬក៏ក្រុមណាទេ ដូចខ្ញុំជាដើម នៅពេលដែលឃើញគេរឹតតែកាប់យើងរឹតតែចូលរួមការពារ។ យើងគិតចេះ យើងអត់ការពារយើងព្រមចុះចាញ់ បើយើងចុះចាញ់ដូចបើកដៃឱ្យគេចឹង ហើយយើងខាងកម្លាំងដែលយើងតស៊ូតាំងពីដើមមកហា៎។ លក្ខណះថាបើស៊ូស្លាប់ៗក្នុងសមរភូមិហ្មង អត់ចុះចាញ់ទេ យើងរឹតតែការពារ ហើយយើងរឹតតែគៀងគររកយុវជនបន្ថែមទៀតដើម្បីចូលរួមការពារទាំងអស់គ្នា»។

 

 

បន្ថែមពីលើនេះ យុវជនម្នាក់ទៀតដែលជាសមាជិកក្រុមករុណាព្រៃអារ៉ែង បានបង្ហាញក្ដីបារម្ភពីផលប៉ះពាល់នៃជម្រកសត្វលើគោក និងសត្វក្នុងទឹកដែលរងគ្រោះដោយការឡើងកម្ដៅនៃភពផែនដី។

 

«ផ្ដល់ផលប៉ះពាល់ច្រើនដល់ជម្រកសត្វ ដល់ជម្រកមច្ឆៈជាតិជាច្រើន។ នៅពេលដែលបាត់បង់ព្រៃឈើ នឹងធ្វើឱ្យទឹកឡើងកម្ដៅ ធ្វើឱ្យមច្ឆៈជាតិដែលនៅក្នុងទឹកគឺមិនអាចរស់នៅបាន ហើយនឹងធ្វើឱ្យបាត់បង់ប្រព័ន្ធខ្យល់បរិសុទ្ធ»។

ជុំវិញហេតុការណ៍នេះ  សកម្មជនបរិស្ថានតែងតែលើកឡើងជារឿយៗនូវរឿងរ៉ាវដែលកើតមានក្នុងព្រៃឈើនៅតំបន់អារ៉ែង ពិសេសដើមគគីនៅតាមដងស្ទឹងអារ៉ែងដែលកំពុងតែបន្តបាត់បង់។ ចំណែកសត្វកម្រមួយចំនួនមានដូចជា ក្រពើភ្នំ ត្រីនាគ ក៏កំពុងបាត់បង់ដូចគ្នាដោយសារខ្វះទីជម្រក៕

Share

Image
Image
Image