en     km
en     km

ពលរដ្ឋងាយរងគ្រោះជាង៩០០គ្រួសារក្នុងខេត្តបន្ទាយមានជ័យនឹងទទួលបានការលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ

Share

ភ្នំពេញ៖ យ៉ាងហោចណាស់គ្រួសារងាយរងគ្រោះជាង៩០០គ្រួសារក្នុងខេត្តបន្ទាយមានជ័យនឹងទទួលបានការលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ ដែលគាំទ្រជំនួយពីទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសអាឡឺម៉ង់ (BMZ) ដោយតាមរយៈអង្គការទស្សនៈពិភពលោកអាឡឺម៉ង់ អង្គការទស្សនៈពិភពលោកអន្តរជាតិនិងអង្គការដៃគូនានាផ្សេងទៀត។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា។
(កញ្ញា គុជ ស៊ីកុលរាយការណ៍ពីព័ត៌មាននេះ)

 

តាមរយៈគម្រោងនេះ ពលរដ្ឋប្រមាណ៩០០គ្រួសារស្ថិតក្នុងស្រុកចំនួន ៤ មានស្រុកភ្នំស្រុក ព្រះនេត្រព្រះ មង្គលបុរី និងថ្មពួក នៃខេត្តបន្ទាយមានជ័យ និងទទួលបានការបណ្តុះបណ្តាលចំណេះជំនាញក្នុងសហគមន៍ទាំងផ្នែក អាហារូបត្ថម្ភ និងវិធីសាស្រ្តកសិកម្ម ដែលផ្តល់ដោយអង្គការសុវណ្ណភូមិ។ នេះបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិអង្គការសុវណ្ណភូមិ លោក សុខ ហេង ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ។
ដោយឡែកលោកស្រី ហេង ចាន់ថុន នាយកិកាអង្គការវឌ្ឍនភាព បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ ដើម្បីឱ្យគម្រោងសម្រេចតាមគោលដៅដែលបានគ្រោងទុក តាមរយៈការពង្រឹងនូវកិច្ចសហការពីគ្រប់អ្នកពាក់ពន្ធ័ ដូចជាមន្រ្តីជំនាញ សង្គមស៊ីវិលក្នុងតំបន់ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគាំទ្រគ្រួសារក្រីក្រ ប្រកបដោយតម្លាភាព និងសមភាព។

ជាមួយគ្នានេះដែរលោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានមានប្រសាសន៍ថា គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុនេះ នឹងផ្ដល់ផលជៈវិជ្ជមានដល់គ្រួសារងាយរងគ្រោះ ដោយចាប់ផ្ដើមពីការផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថរបស់ពលរដ្ឋ ហើយលើកទឹកចិត្តឱ្យមានការចូលរួមតាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស និងសកម្មភាពផ្សេងៗ។
លោកបន្តថា គម្រោងនេះក៏គាំទ្រ និងជំរុញឱ្យមានកំណើននៃចំណូលរបស់គ្រួសារងាយរងគ្រោះ តាមរយៈការផ្សាភ្ជាប់ទីផ្សារ និងសម្របសម្រួលដំណើរការនៃក្រុមសហគមន៍កសិកម្ម។ លើសពីនេះទៅទៀត គម្រោងនេះនឹងផ្ដល់ផលជះទៅដល់ជីវិតរបស់កុមារងាយរងគ្រោះជាច្រើន ព្រោះការរីកចម្រើននៃសមត្ថភាពការងារ និងភាពនឹងនរនៃចំណូលរបស់ម្ដាយឪពុក និងអាណាព្យបាល អាចបង្កើតបរិយាកាសលូតលាស់ល្អមួយដល់កុមារ ទាំងលើការសិក្សារៀនសូត្រ និងសុខភាព។
ទន្ទឹមនឹងការសាទរចំពោះវត្តមាននៃគម្រោងនេះ លោកវិជ្ជបណ្ឌិត សាយ អ៊ឹង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានកត់សម្គាល់ថា បញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍមូលធន មនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម។ ដូច្នេះលោកស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការ និងចូលរួមជាមួយក្រុមប្រឹក្សាស្តារអភីវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីរួមគ្នា បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបាននូវសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាពនៅកម្ពុជា។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជាឱ្យដឹងថា មានប្រជាពលរដ្ឋប្រមាណជាង ១៧ម៉ឺនគ្រួសារ នៅបណ្តាខេត្តក្រុងចំនួន១៤ ទូទាំងប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយទឹកជំនន់ និងគ្រោះរាំងស្ងួត នៅក្នុងឆ្នាំ២០២២។ ដោយឡែកខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមខេត្តទាំង១៤ ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយជះឥទ្ធិពលដល់គ្រួសារចំនួនជាង ៤ ម៉ឺនគ្រួសារ និងកុមារចំនួនជាង ២ ម៉ឺននាក់។

របាយការណ៍កម្មវិធីស្បៀងអាហារពិភពលោក បានបង្ហាញថា រយៈពេលពីរឆ្នាំចុងក្រោយនេះ មុខម្ហូបសំខាន់ៗ ដែលប្រើប្រាស់សម្រាប់ការហូបចុកជាប្រចាំ មានការកើនឡើងពី១៧% ដល់៤២% គិតត្រឹមខែកក្កដា ឆ្នាំ២០២២។ ក្រៅពីនេះ ជំងឺកូវីដ ១៩ កត្តាប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសង្គម ជាពិសេសគ្រួសារងាយរងគ្រោះ ទៅលើការប្រកបរបរចិញ្ចឹមជីវិត និងបញ្ហាសុខភាពផ្សេងៗផងដែរ។

ដំណោះស្រាយចំពោះមុខនេះគម្រោង«លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ» នឹងអនុវត្តរយៈពេលពីរឆ្នាំកន្លះ ដែលចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២២ ដល់នៅខែឧសភា ឆ្នាំ២០២៥។ ជាការរំពឹងទុកគម្រោងនេះនឹងមានអ្នកទទួលផលចំនួន ៩០០គ្រួសារ មាន ១៦ សហគមកសិកម្ម និង៥១ មណ្ឌលសុខភាព៕

Share

ព័ត៌មានទាក់ទង

Image