ខណៈដែលការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតចូលមកដល់ ពោលគឺនៅសល់រយៈពេលប្រមាណតែ៥ខែទៀតនោះ អ្នកវិភាគនយោបាយ ចង់ឃើញអ្នកនយោបាយគ្រប់និន្នាការ រកផ្លូវមួយសម្រាប់ដោះស្រាយដោយភាពចាស់ទុំ និងរៀបចំកម្លាំងប្រកួត ដោយភាពស្រុះស្រួលគ្នាទាំងថ្នាក់លើនិងក្នុងមូលដ្ឋាន។ លោក គីម ចាន់ចាវ រាយការណ៍ Chanchav-07-02-23-02-Politic
លោកបណ្ឌិត មាស នី អ្នកតាមដាន និងវិភាគនយោបាយនៅកម្ពុជា ចាត់ទុកថាប្រជាធិបតេយ្យនៅកម្ពុជា ដើរដល់សភាពទាល់ច្រកចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាអតីតបក្សប្រឆាំងដ៏មានឥទ្ធិពលកាលពីឆ្នាំ២០១៧ រហូតដល់ការកើតមានក្ដីក្ដាំបង្ករជាព្យុះភ្លៀងដល់គណបក្សភ្លើងទៀននៅដើមឆ្នាំ២០២៣នេះ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាប់អារម្មណ៍ឥរិយាបថ ដែលថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដឹកនាំដោយលោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន តំណាងលោកទាវ វណ្ណុល ប្រធានគណបក្សចូលរួមគោរពវិញ្ញាណក្ខន្ធ លោកស្រី ប៊ុន សុថា ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេច ប៊ុន រ៉ានី ហ៊ុនសែន និងត្រូវជាប្អូនថ្លៃរបស់សម្តេចនាយករដ្ឋមន្ត្រី។ លោកចាត់ទុកការជ្រើសយកវប្បធម៌នេះ គឺជាសញ្ញាវិជ្ជមានមួយយ៉ាងល្អសម្រាប់ស្ថានការណ៍នយោបាយនៅកម្ពុជា ហើយក៏ជាការបន្សល់ទុកនូវវប្បធម៌នយោបាយសម្រាប់យុវជនជំនាន់ក្រោយ ប្រសិនបើគណបក្សភ្លើងទៀននៅតែបន្តសកម្មភាពនេះរហូត។
ទោះយ៉ាងណា លោកបណ្ឌិត មាស នី ចាត់ទុកសកម្មភាពរបស់គណបក្សភ្លើងទៀនបែបនេះ មិនមែនជាការបន្ទន់ឥរិយាបថនោះទេ ប៉ុន្តែជាវប្បធម៌នៃការគោរពប្រពៃណី។
គិតត្រឹមដើមឆ្នាំ២០២៣នេះ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន៣នាក់ហើយបានរកក្ដីតាំនៅតុលាការ ក្នុងនោះលោក ថាច់ សេដ្ឋា ដែលជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រោមការចោទប្រកាន់ ពីបទ «មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬហៅថា ការចេញសែកដោយគ្មានសាច់ប្រាក់ ចំនួន៥សន្លឹក ទៅឱ្យក្រុមហ៊ុន រិន ឆាយ ផនសប ដែលប្រព្រឹត្តតាំងពីឆ្នាំ២០១៩ ។
ចំណែកអនុប្រធានគណបក្សភ្លើងទៀនម្នាក់ទៀត គឺលោក សុន ឆ័យ ក៏កំពុងមានរឿងក្តីនៅតុលាការ ដោយត្រូវបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ប្តឹងទារសំណងជំងឺចិត្តរាប់សិបម៉ឺនដុល្លារ ហើយត្រូវប្រឈមការរឹបអូសទ្រព្យសម្បត្តិលក់ឡាយឡុង ដើម្បីសងប្រាក់ជំងឺចិត្តទៅដើមបណ្ដឹងផងដែរ។
ដោយឡែក លោក គង់ គាំ ក៏បានសម្រេចចិត្តបញ្ចប់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះតទៅ ក្រោយពីបានប្រគល់ដីផ្ទះនៅកណ្ដាលរាជធានីភ្នំពេញឱ្យទៅរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា និងបានសារភាពទទួលស្គាល់កំហុស និងសុំអភ័យទោសជាសាធារណៈទៅសម្តច នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រោយមេបក្សកាន់អំណាចព្រមានចាត់វិធានការច្បាប់។
លើបញ្ហានយោបាយចុងក្រោយនេះ លោកបណ្ឌិត គិន ភា ចង់ឃើញភាគីនយោបាយបន្ទន់ឥរិយាបថ នយោបាយបក្សប្រឆាំងដែលគ្រាន់តែរិះគន់តែគោលនយោបាយដើម្បីអភិវឌ្ឍជាតិ ជាជាងការវាយប្រហារលើតែបញ្ហាបុគ្គលផ្ទាល់ខ្លួន។
ស្រដៀងគ្នានេះដែរ លោក មាស នី ចង់ឃើញគណបក្សភ្លើងទៀនត្រូវកាត់បន្ថយភាពជ្រុលនិយម និងការជេរប្រមាថ ដោយមិនត្រូវបន្ទន់តែថ្នាក់លើនោះឡើយ។
ទោះយ៉ាងណា អ្នកឃ្លាំមើលនយោបាយមួយចំនួនបាន បង្ហាញក្ដីបារម្ភថា បើគណបក្សភ្លើងទៀនបន្ថយការរិះគន់ចំណុចខ្វះខាតរបស់គណបក្សកាន់អំណាច ព្រោះតែខ្លាចការធ្វើទុក្ខបុកម្នេញ ក៏អាចនឹងធ្វើឱ្យគណបក្សនេះបាត់បង់ការគាំទ្រច្រើនពីពលរដ្ឋម្ចាស់ឆ្នោតផងដែរ៕