en     km
en     km

មេដឹកនាំ​កូរ៉េ​ខាងជើង​បញ្ជា​ឱ្យ​យោធា​បង្កើន​ការ​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម

Share

 

យោងតាមសារព័ត៌មាន AP មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបញ្ជាឱ្យយោធាធ្វើសមយុទ្ធ បន្ថែមទៀតនិងត្រៀមខ្លួនធ្វើសង្គ្រាម ខណៈដែលលោកសម្លឹងមើលការប្រឈមមុខនឹងភាពតានតឹងកាន់​តែ​​ខ្លាំងជាមួយប្រទេសជិតខាង និងទីក្រុងវ៉ាស៊ីនតោន។

លោក Kim បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិមនៃបក្សពលករ កាលពីថ្ងៃចន្ទទី៦ ខែកុម្ភៈ២០២៣ បានលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធឱ្យអនុវត្តឱ្យបាន “ជោគជ័យដែលមិនធ្លាប់មាន” និងបង្ហាញ “កម្លាំងយោធាដែលមិនអាចផ្គូផ្គងបាន” ដើម្បីឈានទៅរកការអភិវឌ្ឍន៍ដំណាក់កាលថ្មី នេះបើយោងតាមសារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើ​រាយការណ៍​កាលពី​ថ្ងៃ​អង្គារទី៧ កុម្ភៈ ២០២២៣។

កិច្ចប្រជុំនេះធ្វើឡើងចំពេលមានសញ្ញាថា កូរ៉េខាងជើងកំពុងរៀបចំផែនការព្យុហយាត្រាយោធា ដែលអាចជាឱកាសមួយដើម្បីបង្ហាញកម្លាំងនិងសព្វាវុធចុងក្រោយនៃកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងកើនឡើង ដែលកំពុងតែបង្កក្តីបារម្ភដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអាស៊ី។

សមាជិកនៃគណៈកម្មាការ ដែលតំណាងឱ្យយោធាកំពូលរបស់លោក គីម បានពិភាក្សាក្នុងគោលបំណងជំរុញឱ្យមាន “ការផ្លាស់ប្តូរដ៏អស្ចារ្យ” នៅក្នុងវិស័យយោធា រួមមាន “ការពង្រីក និងពង្រឹងប្រតិបត្តិការ និងសមយុទ្ធប្រយុទ្ធជាបន្តបន្ទាប់” និង “ការធ្វើឱ្យកាន់តែមានភាពតឹងរ៉ឹងក្នុងការត្រៀមខ្លួនសម្រាប់សង្គ្រាម” ។

គណៈកម្មាការក៏បានពិភាក្សាអំពីការផ្លាស់ប្តូរស្ថាប័នដើម្បី “កែលម្អជាមូលដ្ឋាន និងពង្រឹង” កិច្ចការយោធា កិច្ចប្រជុំបានបង្ហាញទង់តំណាងឱ្យនាយកដ្ឋានថ្មីដែលអាចហៅថា “ការិយាល័យទូទៅមីស៊ីល” ។ប្រទេសកូរ៉េខាងជើងប្រារព្ធខួបលើកទី 75 នៃការបង្កើតកងទ័ពប្រជាជនកូរ៉េនៅថ្ងៃពុធ ហើយអាចនឹងប្រារព្ធជាមួយនឹងក្បួនដង្ហែរនៅទីក្រុងព្យុងយ៉ាង។

លោក Lee Sung-jun អ្នកនាំពាក្យនៃអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា យោធាកូរ៉េខាងត្បូងបានរកឃើញ “ការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនកងទ័ព និងយានយន្ត” នៅក្នុងតំបន់ដែលមានការហាត់សមព្យុហយាត្រា។

លោក Lee បាននិយាយថា យោធាកូរ៉េខាងត្បូងកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍ទាក់ទងនឹងការដែលកូរ៉េខាងជើងអាចបង្កើតការិយាល័យយោធាថ្មីមួយទាក់ទងនឹងមីស៊ីល ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ អ្នក​វិភាគ​ខ្លះ​និយាយ​ថា នាយកដ្ឋាន​ថ្មី​អាច​ដោះស្រាយ​ការ​អភិវឌ្ឍ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​ប្រព័ន្ធ​បាញ់ផ្លោង។

ការអត្ថាធិប្បាយរបស់លោក គីម ពីកិច្ចប្រជុំយោធា គឺជាការព្រមានចុងក្រោយពីទីក្រុងព្យុងយ៉ាងថា ខ្លួនកំពុងរៀបចំបង្កើនសកម្មភាពយោធារបស់ខ្លួន បន្ទាប់ពីបំបែកកំណត់ត្រាក្នុងការសាកល្បងមីស៊ីល។ ការព្រមាននេះគឺជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូង។ កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានគំរាមទប់ទល់នឹងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកជាមួយនឹង “កម្លាំងនុយក្លេអ៊ែរដ៏ខ្លាំងបំផុត” ខណៈដែលខ្លួនបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះផែនការពង្រីកសមយុទ្ធជាមួយកូរ៉េខាងត្បូង និងដាក់ពង្រាយសម្ភារៈយោធាកម្រិតខ្ពស់បន្ថែមទៀតដូចជាយន្តហោះទម្លាក់គ្រាប់បែក និងនាវាផ្ទុកយន្តហោះទៅកាន់តំបន់។

ប្រភព៖ AP ថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2023

Share

Image Not Found
Image

ព័ត៌មានទាក់ទង