បើតាមរបាយការណ៍របស់អង្គការសុខភាពលោក ដែលបានបង្ហាញដោយលោកវេជ្ជបណ្ឌិតយ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពប្រចាំកម្ពុជា ដែលបានបង្ហាញនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ យុវជន និងគ្រឿងស្រវឹងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ផលប៉ះពាល់អវិជ្ជមានធំៗបួន ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹងរួមមាន បង្កជាជំងឺមិនឆ្លង គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងការខាតបង់សេដ្ឋកិច្ចជាដើម ។ របាយកាណ៍នេះក៏បង្ហាញផងដែរថា រៀងរាល់មួយនាទី មានមនុស្សម្នាក់ស្លាប់ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង។
តំណាងសុខភាពពិភពលោក លោកវេជ្ជបណ្ឌិតយ៉ិល ដារ៉ាវុធ បានឱ្យដឹងថា រៀងរាល់មួយនាទី មានមនុស្សម្នាក់បានស្លាប់ដោយសារគ្រឿងស្រវឹង។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី «យុវជន និងគ្រឿងស្រវឹង» លោកវេជ្ជបណ្ឌិតយ៉ិល ដារ៉ាវុធ បានមានប្រសាសន៍ថា គ្រឿងស្រវឹងគឺជាកត្តាហានិភ័យឈានមុខគេលំដាប់ទី៥ ដែលបង្កឱ្យមានបន្ទុកនៅក្នុងនៅក្នុងពិភពលោក។
លោកបន្ថែមថា បើយោងតាមរបាយការណ៍សុខភាពពិភពលោកឆ្នាំ២០១៤ មានមនុស្ស៣លាន៣សែននាក់ រួមទាំងយុវជនចំនួន៣២ម៉ឺននាក់ដែលមានអាយុពី១៥ ដល់២៩ឆ្នាំ បានស្លាបបាត់បង់ជីវិត។
លោកបន្តថា មូលហេតុដែលបណ្តាលឱ្យយុវជនទទួលទានគ្រឿងស្រវឹង គឺផឹកដើម្បីអបអរសាទរ ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដើម្បីគ្រប់គ្រងទៅលើអារម្មណ៍អវិជ្ជមាន និងដើម្បីកាត់បន្ថយ ឬជៀសវាងបញ្ហាជាដើម ។
ចំណែកលោកវេជ្ជបណ្ឌិតមុំ គង់ ប្រធានអង្គការ ចលនាសុខភាពកម្ពុជា បានថ្លែងថា ការប្រើប្រាស់គ្រឿងស្រវឹង បង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធំៗបួនដូចជា បង្កជាជំងឺមិនឆ្លង គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងការខាតបង់សេដ្ឋកិច្ចជាដើម។ លោកថ្លែងបន្តទៀតថា ក្រៅពីនេះ គ្រឿងស្រវឹង ក៏ធ្វើឱ្យបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់៣៨១នាក់ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះទៅទៀត វាធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិ៥៤លានដុល្លារក្នុងមួយឆ្នាំៗផងដែរ។
លោកវេជ្ជបណ្ឌិតមុំ គង់បានឱ្យដឹងទៀតថា ភាគច្រើនមនុស្សពេញកម្លាំងធ្វើការ ដែលមានអាយុចន្លោះពី១៨ឆ្នាំ ដល់៣៤ឆ្នាំ ជាអ្នកប្រើប្រាស់គ្រឿងស្រវឹងច្រើនជាងគេ គឺ៨២.១% ។ លោកថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងត្រូវបានចាត់ទុកថា ជាកាតាលីករមួយដែលជំរុញឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹង ហើយភាពងាយរកបាននៃគ្រឿងស្រវឹងក៏ជាការជំរុឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។
លោកមានប្រសាសន៍ទៀតថា ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាវិធានការដ៏មានប្រសិទ្ធភាពមួយ ដែលអាចកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងទប់ស្កាត់ការចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង ជាពិសេសក្នុងចំណោមស្ត្រី និងកុមារ។ ហើយវិធានការក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងដែរនោះ គឺតម្លើងពន្ធទៅលើគ្រប់ផលិតផលគ្រឿងស្រវឹងទាំងអស់។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រីគឹម សេដ្ឋានី មានប្រសាសន៍ថា ការប្រើប្រាស់គ្រឿងស្រវឹង បានបង្កឱ្យមានផលប៉ះពាល់ និងផលលំបាកយ៉ាងខ្លាំង។ លោកស្រីបន្តថា ដើម្បីចូលរួមក្នុងការកាត់បន្ថយគ្រឿងស្រវឹង ក្រសួងសុខាភិបាល ដែលជាក្រសួងជំនាញ បានបញ្ជូន សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី និងបានប្រជុំឆ្លងអន្តរក្រសួងរួចហើយ។
លោកស្រីបន្ថែមថា នៅពេលដែលច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងត្រូវបានអនុម័តជាផ្លូវការ នោះនឹងមានការកំណត់ការផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជាការចែកចាយការលក់ និងទិញគ្រឿងស្រវឹង រីឯពន្ធលើផលិតផលគ្រឿងស្រវឹងត្រូវបានដំឡើងផងដែរ។
អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា មានមនុស្ស២ពាន់លាននាក់ បានប្រើប្រាស់គ្រឿងស្រវឹង ហើយមានមនុស្សចំនួន៧៦លាន៣សែននាក់ ដែលមានរោគវិនិច្ឆ័យថា មានជំងឺទាក់ទងនឹងការប្រើប្រាស់គ្រឿងស្រវឹងខុសប្រក្រតី៕