en     km
en     km

​អង្គការ​សុខភាព​ពិភពលោក​ថា​ រៀង​រាល់​មួយ​នាទី​ មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​គ្រឿង​ស្រវឹង​

Share

who-dead-data-alchole-cover

បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​លោក​ ដែល​បាន​បង្ហាញ​ដោយ​លោក​វេជ្ជបណ្ឌិត​យ៉ិ​ល​ ដា​រ៉ា​វុ​ធ​ តំណាង​អង្គការ​សុខភាព​ពិភព​ប្រចាំ​កម្ពុជា​ ដែល​បាន​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​សៀវភៅ​ យុវជន​ និង​គ្រឿង​ស្រវឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ បាន​ឲ្យ​ដឹង​ថា​ ផល​ប៉ះពាល់​អវិជ្ជមាន​ធំៗ​បួន​ ដែល​បណ្តាល​មក​ពី​ការ​សេព​គ្រឿង​ស្រវឹង​រួម​មាន​ បង្ក​ជា​ជំងឺមិនឆ្លង​ គ្រោះថ្នាក់​ចរាចរណ៍​ អំពើ​ហិង្សា​ និង​ការ​ខាតបង់​សេដ្ឋកិច្ច​ជាដើម​ ។​ របាយ​កាណ៍​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា​ រៀង​រាល់​មួយ​នាទី​ មាន​មនុស្ស​ម្នាក់​ស្លាប់​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​។​


តំណាង​សុខភាព​ពិភពលោក​ លោក​វេជ្ជបណ្ឌិត​យ៉ិ​ល​ ដា​រ៉ា​វុ​ធ​ បានឱ្យ​ដឹង​ថា​ រៀង​រាល់​មួយ​នាទី​ មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ដោយសារ​គ្រឿង​ស្រវឹង​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​សៀវភៅ​ស្តី​ពី​ «​យុវជន​ និង​គ្រឿង​ស្រវឹង​»​ លោក​វេជ្ជបណ្ឌិត​យ៉ិ​ល​ ដា​រ៉ា​វុ​ធ​ បាន​មាន​ប្រសាសន៍​ថា​ គ្រឿង​ស្រវឹង​គឺជា​កត្តា​ហានិភ័យ​ឈានមុខ​គេ​លំដាប់​ទី​៥​ ដែល​បង្ក​ឱ្យ​មាន​បន្ទុក​នៅ​ក្នុង​នៅ​ក្នុង​ពិភពលោក​។​

​លោក​បន្ថែម​ថា​ បើ​យោង​តាម​របាយការណ៍​សុខភាព​ពិភពលោក​ឆ្នាំ​២០១៤​ មាន​មនុស្ស​៣​លាន​៣​សែន​នាក់​ រួម​ទាំង​យុវជន​ចំនួន​៣២​ម៉ឺន​នាក់​ដែល​មាន​អាយុ​ពី​១៥​ ដល់​២៩​ឆ្នាំ​ បាន​ស្លាប​បាត់បង់​ជីវិត​។​

​លោក​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឱ្យ​យុវជន​ទទួលទាន​គ្រឿង​ស្រវឹង​ គឺ​ផឹក​ដើម្បី​អបអរសាទរ​ ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ ដើម្បី​គ្រប់គ្រង​ទៅ​លើ​អារម្មណ៍​អវិជ្ជមាន​ និង​ដើម្បី​កាត់​បន្ថយ​ ឬ​ជៀសវាង​បញ្ហា​ជាដើម​ ។​

who-dead-data-alchole-01
​ចំណែក​លោក​វេជ្ជបណ្ឌិត​មុំ​ គង់​ ប្រធាន​អង្គការ​ ចលនា​សុខភាព​កម្ពុជា​ បាន​ថ្លែង​ថា​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ធំៗ​បួន​ដូច​ជា​ បង្ក​ជា​ជំងឺមិនឆ្លង​ គ្រោះថ្នាក់​ចរាចរណ៍​ អំពើ​ហិង្សា​ និង​ការ​ខាតបង់​សេដ្ឋកិច្ច​ជាដើម​។​ លោក​ថ្លែង​បន្ត​ទៀត​ថា​ ក្រៅពី​នេះ​ គ្រឿង​ស្រវឹង​ ក៏​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​៣៨១​នាក់​ក្នុង​មួយ​ឆ្នាំ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​ លើស​ពី​នេះ​ទៅ​ទៀត​ វា​ធ្វើ​ឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ​៥៤​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ផង​ដែរ​។​

​លោក​វេជ្ជបណ្ឌិត​មុំ​ គង់​បានឱ្យ​ដឹង​ទៀត​ថា​ ភាគច្រើន​មនុស្ស​ពេញកម្លាំង​ធ្វើការ​ ដែល​មាន​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ​ ដល់​៣៤​ឆ្នាំ​ ជា​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ជាងគេ​ គឺ​៨២.១%​ ។​ លោក​ថា​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​កាតាលីករ​មួយ​ដែល​ជំរុញ​ឱ្យ​មានការ​ចាប់ផ្តើម​សេព​គ្រឿង​ស្រវឹង​ ហើយ​ភាព​ងាយ​រកបាន​នៃ​គ្រឿង​ស្រវឹង​ក៏​ជា​ការ​ជំ​រុ​ឱ្យ​មានការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ផង​ដែរ​។​

​លោក​មាន​ប្រសាសន៍​ទៀត​ថា​ ការ​ហាមឃាត់​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ ដែល​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ និង​ទប់ស្កាត់​ការ​ចាប់ផ្តើម​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ជា​ពិសេស​ក្នុង​ចំណោម​ស្ត្រី​ និង​កុមារ​។​ ហើយ​វិធានការ​ក្នុង​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដែរ​នោះ​ គឺ​តម្លើង​ពន្ធ​ទៅ​លើ​គ្រប់​ផលិតផល​គ្រឿង​ស្រវឹង​ទាំងអស់​។​

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោកស្រី​គឹ​ម​ សេដ្ឋា​នី​ មាន​ប្រសាសន៍​ថា​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ និង​ផល​លំបាក​យ៉ាង​ខ្លាំង​។​ លោកស្រី​បន្ត​ថា​ ដើម្បី​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​គ្រឿង​ស្រវឹង​ ក្រសួងសុខាភិបាល​ ដែល​ជា​ក្រសួង​ជំនាញ​ បាន​បញ្ជូន​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​ទៅ​កាន់​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​បាន​ប្រជុំ​ឆ្លង​អន្តរក្រសួង​រួច​ហើយ​។​

​លោកស្រី​បន្ថែម​ថា​ នៅ​ពេល​ដែល​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​ នោះ​នឹង​មានការ​កំណត់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ក៏​ដូច​ជា​ការ​ចែកចាយ​ការ​លក់​ និង​ទិញ​គ្រឿង​ស្រវឹង​ រីឯ​ពន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង​ត្រូវ​បាន​ដំឡើង​ផង​ដែរ​។​
​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​មនុស្ស​២​ពាន់​លាន​នាក់​ បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ហើយ​មាន​មនុស្ស​ចំនួន​៧៦​លាន​៣​សែន​នាក់​ ដែល​មាន​រោគវិនិច្ឆ័យ​ថា​ មាន​ជំងឺ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ខុស​ប្រក្រតី​៕

Share

Image
Image
Image