en     km
en     km

មណ្ឌលសុខភាពក្នុងព្រៃក្បែរព្រំដែនកម្ពុជា-ឡាវរំពឹងអាចកាត់បន្ថយអត្រាមរណភាពមាតានិងកុមារ

Share

ភ្នំពេញ៖ មណ្ឌលសុខភាពឈ្មោះថា«សន្ដិភាព»ជាប់ជាយដែនប្រទេសកម្ពុជា-ឡាវ នឹងក្លាយជាក្តីសង្ឃឹមថ្មីក្នុងការកាត់បន្ថយអត្រាមរណភាពមាតានិងកុមារ និងជាទីតាំងល្អប្រសើរសម្រាប់ផ្តល់សេវាព្យាបាលនិងថែទាំអ្នកជំងឺដែលពលរដ្ឋនៅទីនោះភាគច្រើនជាជនជាតិដើមភាគតិច កាវ៉ែត ។

មណ្ឌលសុខភាពស្ថិតនៅតាមជាយដែនកម្ពុជា-ឡាវមួយកន្លែងមានឈ្មោះថា សន្ដិភាព មានទីតាំងក្នុងឃុំ សន្ដិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ ម្សិលមិញ។ មណ្ឌលសុខភាពសង្គ្រោះបឋមនេះ ជាការសហការគ្នារវាងអង្គការភ្លែនអន្ដរជាតិ និងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង សម្រាប់រួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការប្រើប្រាស់សេវាថែទាំសុខភាពបឋម ដោយយកចិត្តទុកដាក់សម្រាប់ជនជាតិដើមភាគតិចដែលមានជីវភាពខ្វះខាត ជាពិសេសស្ត្រី និងកុមារីនៅតំបន់នោះ។ នេះបើតាមការឱ្យដឹងពីមន្ដ្រីនៃអង្គការភ្លែនអន្ដរជាតិប្រាប់ដល់វិទ្យុស្ដ្រី។


ប្រធានមណ្ឌលសុខភាពសន្ដិភាព លោក សែន ពិសី បានលើកឡើងថា កាលពីមុន ស្ដ្រីពពោះមួយចំនួនបានសម្រេចចិត្តធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួន ទៅកាន់មណ្ឌលសុខភាព សៀមប៉ាង ដែលមានចម្ងាយ ៣៥ គីឡូម៉ែត្រ ពីភូមិរបស់ពួកគេ។ នៅរដូវវស្សា ប្រជាពលរដ្ឋស្ទើតែមិនអាចធ្វើដំណើរទៅមណ្ឌលសុខភាពបានទេព្រោះផ្លូវរងការខូចខានខ្លាំង។ ជាដំណោះស្រាយប្រជាពលរដ្ឋបានប្រើផ្លូវទឹកជំនួសសម្រាប់ធ្វើដំណើរទៅកាន់មណ្ឌលសុខភាព។ នេះបើតាមការលើកឡើងរបស់លោកប្រធានមណ្ឌលសុខភាពសន្ដិភាពដដែល ដោយបញ្ជាក់ឱ្យដឹងបន្ថែមថា បញ្ហាឧបសគ្គផ្លូវធ្វើដំណើរនេះបានបង្កភាពគ្រោះថ្នាក់ និងចំណាយពេលវេលាច្រើនសម្រាប់ពលរដ្ឋនៅពេលមណ្ឌលសុខភាពនៅឆ្ងាយពីលំនៅឋាន។


អ្នកស្រី ម៉ាត ម៉ាលី អ្នកភូមិម្នាក់នៃឃុំសន្ដិភាពបានលើកឡើងថា អ្នកស្រីរីករាយដែលមានមណ្ឌលសុខភាពនៅឃុំអ្នកស្រី ហើយអ្នកស្រីនិងប្រជាពលរដ្ឋផ្សេងទៀតងាយស្រួលក្នុងការទទួលបានសេវាសុខភាពកាន់តែប្រសើរជាងមុន។
ទន្ទឹមគ្នានេះដែរ អង្គការភ្លែនអន្តរជាតិកម្ពុជាសង្ឃឹមថា មណ្ឌលសុខភាពនេះ នឹងអាចបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពបឋមសម្រាប់មនុស្សជាង ១ម៉ឺន ២ពាន់នាក់ និងកុមារជាង ៧,000 នាក់។


សូមជម្រាបថា អ្នកភូមិនៃឃុំសន្ដិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលទទួលបានមណ្ឌលសុខភាពជាលើកដំបូងនេះ ភាគច្រើនអ្នករស់នៅទីនោះជាជនជាតិដើមភាគតិច កាវ៉ែត៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង