en     km
en     km

ក្រុមអ្នកធ្វើធម្មយាត្រានៅតែអាចចូលគោរពវិញ្ញាណក្ខន្ធកញ៉ា ឃ្លាំង មឿង ទោះមានការរារាំងពីអាជ្ញាធរ  

Share

ក្រុមអ្នកធ្វើធម្មយាត្រាដឹកនាំដោយសមាគមគ្រូបង្រៀនឯករាជ្យបានធ្វើដំណើរដល់ខេត្តពោធិ៍សាត់ហើយ ដោយបានចូលគោរពវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ឃ្លាំង មឿង នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ ទោះបីជាត្រូវបានអាជ្ញាធររារាំងក្បួនដង្ហែរនេះ ដោយយកហេតុផលត្រូវកំណត់ចំនួនត្រឹម៥០នាក់ប៉ុណ្ណោះ ទើបអាចចូលទៅស្តូបអ្នកឧកញ៉ា ឃ្លាំងមឿង បាន។

 លោក គីម ចាន់ចាវ រាយករណ៍ Chanchav-07-02-23-01-Pilgrimage

    

ការរារាំងដោយកំណត់ចំនួនអ្នកចូលរួមបែបនេះ គឺអាជ្ញាធរយោងទៅលើការដាក់លិខិតស្នើរសុំធ្វើធម្មយាត្រារបស់ក្រុមសមាគមគ្រូបង្រៀនឯករាជ្យ ដែលបញ្ជាក់ចំនួនអ្នកចូលរួមចំនួនត្រឹម ៥០នាក់។

អាជ្ញាធរដែលមករារាំងក្បួនធម្មយាត្រាដឹកនាំដោយលោក រ៉ុង ឈុន មេសហជីពដ៏ល្បីឈ្មោះនោះមានទាំងកងកម្លាំងនគរបាលផង និងប៉ូលីសចរាចរណ៍ផង។ អាជ្ញាធរមួយរូបដែលមកណែនាំក្រុមអ្នកធ្វើធម្មយាត្រា ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិលបានប្រាប់ថា អាជ្ញាធរអាចអនុញ្ញាតឱ្យពួកគេហែរក្បួនវិញ ប៉ុន្តែពេលទៅដល់ផ្នូរអ្នកតា ឃ្លាំងមឿង នឹងមិនអនុញ្ញាតឱ្យហែរក្បួនចូលឡើយ។

«គឺខ្ញុំឱ្យជាយោបល់ទៅឱ្យហើយ កុំឱ្យបងប្អូនទៅវាធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ នៅកន្លែងបូជនីដ្ឋានអ្នកឧកញ៉ាឃ្លាំងមឿងហ្នឹង។ ពួកខ្ញុំមិនអាចទៅរារាំងរញ៉ែរញ៉ៃនៅកន្លែងហ្នឹងបានទេ។ អាហ្នឹងខ្ញុំចង់ជម្រាបចឹងហា៎ ប៉ុន្តែបើបងប្អូនចង់ចូលរួមដង្ហែរក្បួនយើងអនុញ្ញាតឱ្យ ប៉ុន្តែពេលដែលចូលដល់ហ្នឹងគឺពួកយើងអត់ឱ្យចូលទេ»។

 

 

អ្នកធ្វើធម្មយាត្រាបានលើកឡើងថា ការធ្វើធម្មយាត្រារយៈពេល ៥ ថ្ងៃកន្លងមកនេះ មានអាជ្ញាធរមូលដ្ឋានខ្លះរំខាន គំរាមកំហែង និងខ្លះទៀតជួយសម្រួលឱ្យពួកគាត់បានហែក្បួននិងស្នាក់នៅដោយសុវត្ថិភាព ខណៈធម្មយាត្រានេះនឹងបិទបញ្ចប់នៅថ្ងៃទី៧ ខែកុម្ភៈនេះ ។

 

 

កញ្ញា ឈឿន ដារ៉ាវី សកម្មជនបរិស្ថានដែលបានចូលរួមក្នុងធម្មយាត្រានេះ បានឱ្យដឹងថា ក្រុមធម្មយាត្រា បានស្នើសុំធ្វើសកម្មភាពដង្ហែរដែលមានគ្នា ៥០នាក់ ប៉ុន្តែពេលដង្ហែរតាមផ្លូវអាចមានអ្នកចូលរួមបន្ថែមធ្វើឱ្យលើសចំនួនប្រាកដ។

«យើងស្នើសុំ៥០នាក់ ប៉ុន្តែយើងចង់បញ្ជាក់ថា៥០នាក់ គឺដើរពីភ្នំពេញមកពោធិ៍សាត់ ទៅដល់ហ្នឹង ប៉ុន្តែចង់និយាយថាតាមផ្លូវបើមានអ្នកចូលរួមបន្ថែមយើងអត់រាប់ចូលទេ»។

 

 

ទោះយ៉ាងណាប៉ូលីសចរាចរណ៍ដែលអន្តរាគមន៍រឿងនេះ បានបដិសេដការអះអាងបែបនេះ។

«មើលការស្នើសំណូមពររបស់យើង ការស្នើសុំរបស់យើងមិនមែនអញ្ចឹងទេ មើលសារថ្មីហា៎ មើលសំណើររបស់យើង»។

យ៉ាងណាមិញ បើទោះបីជាការដង្ហែរក្បួនត្រូវបានរារាំងដោយអន្លើក្ដី ក៏ក្រុមអ្នកធ្វើធម្មយាត្រា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ ត្រូវបានអាជ្ញាធរអនុញ្ញាតឡើងវិញ ឱ្យពួកគេអាចចូលទៅដល់ផ្នូរអ្នកឧកញ៉ាឃ្លាំងមឿង ដើម្បីធ្វើពិធីបន់ស្រន់តាមការគ្រោងទុក។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ហែធម្មយាត្រាថ្មើរជើង ចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។ ពួកគេចាត់ទុកធម្មយាត្រាថា ធ្វើដើម្បីជំរុញការលើកកម្ពស់សីលធម៌សង្គម ដោយយល់ថា បើមនុស្សចាស់គ្រប់លំដាប់ថ្នាក់នៅតែបន្តប្រើភាសាអសុរោះ មិនរួបរួមសាមគ្គីគ្នាដូចមួយរយៈកាលចុងក្រោយនេះ នោះយុវជនបន្តវេននឹងយកគំរូតាម ដែលអាចឱ្យសង្គមជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ៕

Share

Image
Image
Image