en     km
en     km

វីដេអូជីវិតល្អប្រសើររបស់ស្រ្តីម្នាក់នៅកូរ៉េខាងជើងស្ថិតក្រោមក្រសែភ្នែកសង្ស័យថាជាការបំភ័ណ្ឌសកលលោក

Share

ស្រ្តីជនជាតិកូរ៉េខាងជើងម្នាក់បានឱ្យដឹងថា ខ្លួនបានផ្សព្វផ្សាយវីដេអូជាច្រើននៅក្នុងប្រព័ន្ធយូធូប ដែលរៀបរាប់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងប្រទេសកូរ៉េខាងជើង។ ក្នុងនោះ មានវីដេអូមួយមានរយៈពេលត្រឹម ៤ នាទី បានទាក់ទាញចិត្តអ្នកមើលឱ្យតាមដានរហូតដល់ជាង ៤ម៉ឺន ១ពាន់ដង (៤,១០០០)។ យ៉ាងណាមិញ អ្នកជំនាញយល់ថា វាជារឿងមិនប្រក្រតីនោះទេ ដែលប្រទេសកុម្មុយនីសមួយនេះអនុញ្ញាតឱ្យមានការផ្សព្វផ្សាយព័ត៌មានក្នុងស្រុកជាសាធារណៈ។

(កញ្ញា កែវ សុជាតា ជូននូវសេចក្តីប្រែសម្រួល)

បើយោងតាមសារព័ត៌មាន CNN បានរាយការណ៍ថា ស្រ្តីជនជាតិកូរ៉េខាងជើងម្នាក់មានឈ្មោះថា YuMi បានបង្កើតគណនីយូធូបនៅខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងបង្ហាញមនុស្សទូទាំងសកលលោកឱ្យស្គាល់ពីការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងPyongyang ប្រទេសកូរ៉ខាងជើង ទាក់ទងការផ្លាស់ប្តូរក្រោយកើតមានជំងឺរាតត្បាតកូវីដ១៩ និងជីវិតប្រចាំថ្ងៃរបស់កញ្ញាផ្ទាល់ផងដែរ។

YuMi បាននិយាយជាភាសាអង់គ្លេស ដោយចង្អុលទៅការវេចខ្ចប់តុក្កតាថា នេះជារសជាតិទឹកដោះគោ រីឯរូបនេះគួរឲ្យស្រលាញ់ខ្លាំងណាស់។ YuMi សម្តែងនូវទឹកមុខសប្បាយរីករាយ និងញញឹមពព្រាយនៅក្នុងវីដេអូដើម្បីបង្ហាញថា ជីវិតនៅជាក់ស្តែងនៅក្នុងប្រទេសកូរ៉េខាងជើងហាក់មិនដូចមហាជនដឹងឮតៗគ្នានោះទេ។
យ៉ាងណាមិញ YuMi មិនមែនជាជនជាតិកូរ៉េខាងជើងតែម្នាក់គត់ដែលបង្កើតមាតិការឿងនៅក្នុងប្រព័ន្ធយូធូបនោះទេ។ ក្នុងនោះមានកុមារី Song A វ័យ ១១ ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងនៅលើគណនីផ្ទាល់ខ្លួននៅក្នុងខែមេសា ឆ្នាំ២០២២ ហើយមានអ្នកតាមដានជាង ២០,០០០ នាក់រួចមកហើយ។

ដោយឡែក អ្នកជំនាញបានបញ្ជាក់ថា មិនមែនគ្រប់យ៉ាងដែលពួកគេបង្ហាញសុទ្ធតែជាការពិតនោះទេ ខ្លះទៀតក៏មិនបានយកមកបង្ហាញឱ្យមនុស្សបានដឹងឮផងដែរ ជាពិសេសរូបភាពទាំងនោះមានសញ្ញារំលេចពីជីវិតក្រោមរបបផ្តាច់ការរបស់មេដឹកនាំ គីម ជុងអ៊ុន។
អ្នកជំនាញបានបន្តថា YuMi និងអ្នកផ្សេងទៀតទំនងជាមានទាក់ទងយ៉ាងជិតស្និទ្ធនឹងមន្ត្រីជាន់ខ្ពស់ ហើយអាចជាផ្នែកមួយនៃយុទ្ធនាការឃោសនា ក្នុងគោលបំណងផ្លាស់ប្តូរមុខមាត់ប្រទេសខ្លួនក្នុងឆាកអន្តរជាតិ ជាជាងការនិយាយឥតឈប់ឈរអំពីអាវុធនុយក្លេអ៊ែរ។

តាមលោក Park Seong-cheol អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលទិន្នន័យសម្រាប់សិទ្ធិមនុស្សកូរ៉េខាងជើង បាននិយាយថា វីដេអូរបស់ YuMi មើលទៅដូចជាការគ្រោងរៀបចំទុកមុនបានយ៉ាងណា ដែលសរសេរដោយរដ្ឋាភិបាលកូរ៉េខាងជើង។
គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនទស្សវត្សមកហើយ ប្រទេសកូរ៉េខាងជើងត្រូវបានបិទ និងផ្តាច់ខ្លួនពីពិភពលោក រួមទាំងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការធ្វើដំណើរត្រាច់ចរ ការទទួលបានព័ត៌មាន ការដាក់កម្រិតយ៉ាងខ្លាំងលើប្រើប្រាស់អ៊ីនធឺណេត ហើយសូម្បីតែមនុស្សមួយចំនួនតូចដែលមានឯកសិទ្ធិអនុញ្ញាតឱ្យប្រើទូរសព្ទបាន ក៏ត្រូវស្ថិតក្នុងដែនគ្រប់គ្រងរបស់រដ្ឋាភិបាលផងដែរ។ ចំណែកឯ សម្ភារៈបរទេសដូចជាសៀវភៅ និងភាពយន្តត្រូវបានហាមឃាត់ ដែលជារឿយៗមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកល្មើសនឹងបំរាម៕

ប្រភព៖ CNN ចុះថ្ងៃច័ន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣

Share

Image
Image
Image