en     km
en     km

​សិស្សស្រីនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ៦៥នាក់ ដួលសន្លប់ខណៈគ្រូពេទ្យរកមិនឃើញមូលហេតុ

Share

ភ្នំពេញ៖ សិស្សានុសិស្សដែលភាគច្រើនជាសិស្សស្រីនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបន្តដួលសន្លប់ជាបន្តបន្ទាប់ ដែលគិតចាប់ពីថ្ងៃទី០១ រហូតមកដល់ថ្ងៃទី៥ ខែកុម្ភៈ។ ជុំវិញការដួលសន្លប់របស់សិស្សស្រីៗនេះ គេនៅមិនទាន់រកឃើញមូលហេតុណាមួយជាក់លាក់បែបវិទ្យាសាស្ត្រជាងបញ្ហាអបិយជំនឿនៅឡើយនោះទេ។

 លោក គីម ចាន់ចាវ រាយការណ៍ chanchav-06-02-23-Famale Students

 

 

រយៈពេល ៣ ថ្ងៃគឺពីថ្ងៃទី២ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែកុម្ភៈ មានសិស្សស្រីនៃវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយចំនួន ៦៥នាក់ និងសិស្សប្រុសម្នាក់ បានដួលសន្លប់ និងមានអាការៈមិនស្រួលខ្លួន ហើយសិស្សខ្លះមានអាការៈស្រែកទ្រហោយំដោយពុំដឹងមូលហេតុ។

 

លោក ហ៊ុន រ៉ែម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយថ្លែងប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ករណីសិស្សដួលសន្លប់នេះកើតឡើងចាប់តាំងពីថ្ងៃទី០២ ខែកុម្ភៈមកម្ល៉េះ ដោយកាលនោះមានសិស្សស្រី ២ នាក់ដួលសន្លប់ ហើយបន្ទាប់មក នៅថ្ងៃទី០៣កុម្ភៈ មានសិស្ស ២០នាក់បន្ថែមទៀតបានដួលសន្លប់។ ប៉ុន្តែក្រោយមកនៅថ្ងៃទី០៤កុម្ភៈ ពុំមានសិស្សដួលសន្លប់ឡើយ លុះដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបមានសិស្ស ៤៤ នាក់ទៀតបានដួលសន្លប់។ ដូច្នេះ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកុម្ភៈ មានសិស្សសរុប ៦៦ នាក់ដែលបានដួលសន្លប់ និងមានអាការៈមិនស្រួលខ្លួន។

 

 

ករណីសិស្សដួលសន្លប់បន្តថ្ងៃគ្នាបែបនេះ មិនធ្លាប់កើតមានទេនៅក្នុងវិទ្យាល័យមួយនេះ។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយដដែលបញ្ជាក់ថា ករណីនេះ គេនៅមិនទាន់អាចរកឃើញមូលហេតុតាមផ្នែកវេជ្ជសាស្ត្របាននៅឡើយទេ ក្រៅតែពីជំនឿបែបអរូបិយ។

«តាមលោកគ្រូពេទ្យគាត់ពិនិត្យមើលរយៈពេល៣-៤ថ្ងៃហ្នឹងវាអត់មានអីប្លែកទេនៅក្នុងខ្លួនសិស្សទាំងនោះ ហើយពេលយើងវិទ្យាសាស្ត្រស្រាវជ្រាវទៅថាអ្នកតាអី អារក្ស ព្រៃភ្នំ អីចឹងទៅណា៎ ដោយសារមានការខុសមាត់ខុសក អីនៅសាលាហ្នឹងហ៍ គ្រូនិងគ្រូឈ្លោះគ្នាអីចឹងទៅ។ ហើយពេទ្យយើងដុកទ័រអីមកពីខេត្តច្រើនដែរហ្នឹង គាត់មកពិនិត្យតាមដានជម្ងឺអីហ្នឹងវាអត់មានឃើញអាការៈអីប្រែប្រួលទេ»។

 

 

ទោះយ៉ាងណា លើករណីដួលសន្លប់តែទៅលើសិស្សស្រីនេះ ត្រូវបានលោក ហ៊ុន រ៉ែម ចាត់ទុកថាសិស្សស្រីឆាប់មានភាពភ័យខ្លាច និងតក់ស្លុតជាងសិស្សប្រុស។

«ត្រង់កន្លែងហ្នឹងបងកំពុងប្លែកដែរ ប៉ុន្តែប្រហែលជាស្រីហ្នឹងគាត់មានការភិតភ័យ អារម្មណ៍គាត់ឆាប់តក់ស្លុតជាបុរសចឹងហា៎។ អាហ្នឹងវាអាចភ័យឃើញគ្នាមិត្តភក្ដិគាត់ទន់ដៃទន់ជើង គាត់ក៏ជួយទៅទាំងអស់។ អាហ្នឹងស្ថានការណ៍ស្រាវជ្រាវពេទ្យ និងគ្រូខ្មែរ មួយបែបៗម្នាក់ តែពេទ្យអត់មានឃើញអីទាំងអស់»។

លោកនាយកប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយបន្ថែមថា គិតមកទល់ពេលនេះ មានសិស្សស្រីជាច្រើននាក់បានធូរស្បើយហើយអនុញ្ញាតិឱ្យចេញពីមន្ទីពេទ្យផងដែរ។ ដោយឡែកសិស្សសាលាប្រមាណ ៤នាក់ ទៀតកំពុងសម្រាកព្យាបាល។ ទាក់ទងការសិក្សារបស់សិស្សវិញ អាជ្ញាធរពាក់ព័ន្ធរួមនឹងក្រសួងអប់រំបានសម្រេចឱ្យពួកគាត់សម្រាកការសិក្សាមួយរយៈ ដើម្បីតាមដានសុខភាពមុននឹងអនុញ្ញាតឱ្យចូលរៀនឡើងវិញ៕

Share

Image
Image
Image