en     km
en     km

កម្មកររោងចក្រ សិនតៃ ហ្គាមិន ទាមទារឱ្យថៅកែទទួលពួកគេចូលធ្វើការតាមកាលកំណត់បន្ទាប់ពីព្យួរការងារ២ខែ

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២៣នេះ ក្រុមកម្មករនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ សិនតៃ ហ្គាមិន បានប្រមូលផ្ដុំគ្នានៅមុខរោងចក្រជាថ្មី ទាមទារឱ្យថៅកែរោងចក្រទទួលពួកគេចូលធ្វើការវិញតាមកាលកំណត់ បន្ទាប់ពីការព្រមព្រៀងផ្អាក ឬព្យួរការងាររយៈពេល២ខែ។

លោក គីម ចាន់ចាវ រាយការណ៍

សកម្មភាពទាមទារនៅមុខរោងចក្ររបស់កម្មការកាត់ដេរសម្លៀកបំពាក់នៃក្រុមហ៊ុន សិនតៃ ហ្គាមិន ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែ កុម្ភៈនេះ ហាក់មិនមានសភាពតវ៉ាធ្ងន់ធ្ងរ ឬលើកបដាស្រែកទាមទារដែលបង្កសំឡេងរំខានអ្វីឡើយ។ សកម្មភាពរបស់ក្រុមអ្នកតវ៉ា គ្រាន់តែប្រមូលផ្ដុំគ្នាទាមទារដោយសន្តិវិធីឱ្យថៅកែយល់ព្រមទទួលពួកគាត់ចូលធ្វើការវិញ ឬចែកវេនគ្នាធ្វើការក្នុងករណីការបញ្ជាទិញនៅតែមានកម្រិតទាប ឬក៏ទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករក្រោយបញ្ចប់កិច្ចសន្យាការងារ ត្បិតក្រុមអ្នកតវ៉ាសុទ្ធសឹងតែជាកម្មករ-និយោជិត ដែលធ្វើការចន្លោះពីស ៥ ទៅ ១០ ឆ្នាំ។

 

លោក គឹម សាផេន ប្រធានសហជីពស្មារតីខ្មែរប្រចាំរោងចក្រ សិនតៃ ហ្គាមិន បានឱ្យដឹងថា ក្រុមហ៊ុនបានព្យួរការងារកម្មករនិយោជិតចំនួន ៩១២នាក់ ក្នុងចំណោមកម្មករសរុបដែលមានចំនួន១,៧០០នាក់ ប៉ុន្តែមកដល់ពេលនេះ ក្រុមកម្មករនៅមិនទាន់ដឹងថាអ្នកណានឹងអាចចូលធ្វើការវិញ និងអ្នកណាខ្លះដែលត្រូវបន្តព្យួរការងារនៅឡើយ។

 

«ដល់ថ្ងៃចូលហើយយើងអត់ដឹងថាកម្មករណាបានចូល កម្មករណាត្រូវបន្តព្យួរទៀតទេ។ បើតាមដំណឹងចេញពីប្រធានក្រុមផ្សព្វផ្សាយជូនកម្មករតៗគ្នា ក្រុមហ៊ុនត្រូវព្យួរទៀត អ្នកខ្លះត្រូវចូលអ្នកខ្លះត្រូវព្យួរ ប៉ុន្តែជាក់ស្ដែងមកដល់ពេលនេះយើងអត់ដឹងទេ អ្នកណាត្រូវព្យួរអ្នកណាត្រូវចូលជាតិ តែថ្ងៃនេះគាត់ចូលធ្វើការអត់ឱ្យគាត់ចូលទេ»។

 

ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ សិនតៃ ហ្គាមិន បានសម្រេចព្យួរការងារកម្មករ-និយោជិត ចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងរយៈពេល ២ ខែដែលក្រុមហ៊ុនព្យួរការងារកម្មករនេះ ក្រុមហ៊ុនផ្តល់ប្រាក់សំណងជូនកម្មករ និយោជិតចំនួន ៣០ដុល្លារក្នុងមួយខែ ក្រោមហេតុផលអ្នកបញ្ជាទិញថយចុះ។ ប៉ុន្តែលុះមកដល់ពេលកំណត់ត្រូវចូលធ្វើការវិញ ក្រុមកម្មករបានទៅខាងមុខក្រុមហ៊ុន តែសន្តិសុខរោងចក្រមិនអនុញ្ញាតឱ្យចូលបម្រើការងារឡើយ ដោយបញ្ជាក់ថា ក្រុមហ៊ុនត្រូវព្យួរការងារពួកគាត់បន្តទៀត។

 

ក្រុមកម្មកររោងចក្រដែលភាគច្រើនជាស្ត្រី បានបង្ហាញពីក្ដីកង្វល់លើបញ្ហាជីវភាពប្រសិនបើមិនមានដំណោះស្រាយណាមួយជូនពួកគាត់។

 

«ព្យួរការងារពីរខែនេះ ឃើញថាមានផលលំបាកច្រើនទាក់ទងទៅនឹងជីវភាពគ្រួសារការចំណូលចំណាយប្រចាំខែចឹងហា៎ លំបាកខ្លាំង ដោយសារទទួលបានតែ៣០ដុល្លារក្នុងមួយខែ! និយាយរួមទៅមិនមានចំណូលអីចូលហ្មង ពិបាករកការងារធ្វើមួយរយៈនេះ»

 

ងាកមកស្ត្រីកម្មការិនីម្នាក់ទៀត ដែលកំពុងមានតួនាទីចិញ្ចឹមកូនក្នុងបន្ទុកដែលត្រូវសិក្សាបានឱ្យដឹងថា បន្ថែមពីក្ដីបារម្ភលើជីវភាព អ្នកស្រីព្រួយបារម្ភខ្លាចបាត់បង់អត្ថប្រយោជន៍នានាដែលពួកគេត្រូវទទួលបានតាមច្បាប់ ប្រសិនបើកម្មករត្រូវបាត់បង់ការងារមែននោះ។

 

«ខ្ញុំព្រួយបារម្ភខ្លាំងជាគេគឺបាត់បង់អត្ថប្រយោជន៍ហ្មង បើគាត់ត្រូវបញ្ឈប់ពួកខ្ញុំគាត់ទូទាត់ប្រាក់អត្ថប្រយោជន៍ ទូទាត់ប្រាក់ឱ្យគ្រប់គ្រាន់មក ខ្ញុំរកការងារថ្មីទៀតធ្វើហើយ តែនេះគាតមិនទូទាត់ព្យួរមួយខែហើយមួយខែទៀត»។

 

នៅថ្ងៃទី៦ ខែកុម្ភៈនេះ ជាថ្ងៃទី ២ ហើយ ដែលក្រុមកម្មករនិយោជិតរោងចក្រ សិនតៃ ហ្គាមិន ប្រមូលផ្ដុំទាមទារដំណោះស្រាយ។ លើការតវ៉ានេះ ក្រុមកម្មករអះអាងថា បានឃើញអាជ្ញាធរចូលមកសម្របសម្រួលដោះស្រាយជាមួយភាគីរោងចក្រដែរ ប៉ុន្តែរហូតដល់ពេលនេះមិនទាន់មានលទ្ធណាមួយប្រាប់មកកាន់ពួកគាត់នៅឡើយ៕

Share

ព័ត៌មានទាក់ទង

Image