en     km
en     km

​អាជ្ញាធរ​ច្រានចោល​របាយការណ៍​អ្នក​ស្រាវជ្រាវ​ ចំពោះ​ការ​អង្កេត​ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២

Share

kem-lei-cover

​តំណាង​មក​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​ ក្រសួងបរិស្ថាន​ ព្រមទាំង​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ បាន​ទាត់​ចោល​របាយការណ៍​សិក្សា​អង្កេត​គោលនយោបាយ​សំណង​ គម្រោង​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ របស់​អ្នក​ស្រាវជ្រាវ​ ដោយ​ចោទ​ថា​ មិន​មាន​ភាព​ច្បាស់លាស់​ និង​ស​ម្អៀ​ង​ ហើយ​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​ កែប្រែ​របាយការណ៍​នេះ​ឡើង​វិញ​ មុន​នឹង​ចេញផ្សាយ​ជា​សាធារណៈ​។​

​ការ​ច្រានចោល​របស់​ការ​របស់​អង្គការ​ NGO​ Forum​ នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​អង្កេត​ គោលនយោបាយ​សំណង​ និង​តម្លៃ​ទ្រព្យ​ តាម​ទីផ្សារ​នៃ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​០៩​ខែធ្នូ​នេះ​ នៅ​ឯ​មណ្ឌល​ព័ន្ធ​កិច្ច​ឯកភាព​គ្រី​ស្ទ​បរិស័ទ​ ភ្នំពេញ​។​

​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ អ៊ិ​ត​ ប្រាំង​ បាន​លើក​ឡើង​ថា​ លោក​មិន​អាច​ទទួលយក​របាយការណ៍​នោះ​បាន​ទេ​ ព្រោះ​របាយការណ៍​នោះ​សរសេរ​ថា​ គោលនយោបាយ​សំណង​ដែល​អាជ្ញាធរ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​កន្លង​មក​នោះ​ មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ខូចខាត​របស់​ប្រជាជន​។​

​លោក​អ៊ិ​ត​ ប្រាំង​ បន្ត​ថា​ តាម​រយៈ​គោលការណ៍​សំណង​របស់​ក្រុមហ៊ុន​កន្លង​មក​ គឺ​មាន​ប្រជាជន​ប្រមាណ​៩០%​បាន​យល់ព្រម​ទទួលយក​សំណង​នោះ​ទាំងស្រុង​ ចំណែក​អ្នក​នៅ​សេសសល់​គឺ​ក្រុមហ៊ុន​កំពុង​ចរចា​ផ្ដល់​សំណង​បន្ថែម​។​ «​វា​ផ្ទុយ​ពី​ការ​សិក្សា​របស់​លោក​ កែម​ ឡី​ គឺ​មាន​រហូត​ដល់​៩០%​ យើង​បាន​ទូទាត់​សំណង​ប្រសើរ​ជាង​លើស​ពី​ទ្រព្យ​ប្រជា​ពល​ដែល​ធ្លាប់​មាន​។​ រីឯ​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​ធំៗ​គឺ​ក្រុមហ៊ុន​មាន​សំណង​បន្ថែម​»​ ។​

kem-lei-01​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​ កែម​ ឡី​ ដែល​ជា​អ្នក​ស្រាវជ្រាវ​អង្កេត​គោលនយោបាយ​សំណង​ គម្រោង​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ នោះ​ បាន​លើក​ឡើង​ថា​ តាម​ការ​សិក្សា​របស់​លោក​ឃើញ​ថា​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៩៣%​មិន​យល់​ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នោះ​ទេ​ ព្រោះ​សហគមន៍​ដែល​ពលរដ្ឋ​រស់នៅ​មាន​កន្លែង​បន់ស្រន់​ ពិសេស​គឺ​មាន​កន្លែង​កប់​សព​ដូនតា​របស់​ពួក​គេ​ ។​

​លោក​បន្ថែម​ថា​ មួយវិញទៀត​ចំពោះ​សំណង​របស់​ក្រុមហ៊ុន​ ដែល​បាន​ទូទាត់​សង​ដល់​ប្រជាជន​ទៀត​សោត​ ក៏​មិន​ទាន់​សមរម្យ​នោះ​ដែរ​ ព្រោះ​សំណង​របស់​ក្រុម​សង​ដល់​ពលរដ្ឋ​ គឺជា​សំណង​សមូហភាព​។​
​លោក​កែម​ ឡី​ បន្ត​ថា​ ការ​ដែល​មន្ត្រី​រដ្ឋាភិបាល​តែងតែ​ទាត់​ចោល​របាយការណ៍​ស្រាវជ្រាវ​ គឺ​សឹងតែ​ក្លាយជា​វប្បធម៌​ទៅ​ហើយ​ ។​ លោក​ថា​ ការ​ទាត់​ចោល​របាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​ សបញ្ជាក់​ពី​កម្សោយ​របស់​រដ្ឋាភិបាល​ ដែល​មិន​ហ៊ាន​ទទួលយក​ការ​ពិត​ ដើម្បី​យក​ទៅ​ធ្វើការ​កែប្រែ​។​

​លោក​កែម​ ឡី​ មាន​ប្រសាសន៍​ថា​៖​ «​ជា​ទម្លាប់​ទៅ​ហើយ​ ទោះបីជា​របាយការណ៍​របស់​UN​ របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​ ក៏​រដ្ឋាភិបាល​មិន​ដែល​ទទួលស្គាល់​ទេ​ ប្រសិនបើ​គាត់​ក្លាហាន​ទទួលយក​ការ​ពិត​នោះ​គាត់​នឹង​មាន​ឪ​កាស​នឹង​កែប្រែ​»​ ។​

​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ លោក​ ស្រី​ លី​បិ​ តំណាង​សហគមន៍​ភូមិ​ជ្រុប​ ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​ លើក​ឡើង​ថា​ សំណង​ដែល​អាជ្ញាធរ​បាន​ចុះ​សិក្សា​វាយតម្លៃ​ទូទាត់​ សង​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ គឺ​មិនមែន​ជា​សំណង​ដែល​អាច​ធានា​ដល់​ការ​រស់នៅ​រយៈពេល​វែង​ឆ្ងាយ​នោះ​ទេ​ គឺ​គ្រាន់តែ​អាច​ដោះស្រាយ​បាន​បញ្ហា​នៅ​ចំពោះ​មុខ​នេះ​តែ​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា​ លោក​គាំទ្រ​ចំពោះ​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​ឯករាជ្យ​ ដោយ​លោក​ថា​ ការ​ស្រាវជ្រាវ​នេះ​ បាន​ចុះ​សិក្សា​ផ្ទាល់​ដល់​មូលដ្ឋាន​ឆ្ងាយៗ​ និង​បាន​វាយតម្លៃ​ចំពោះ​ផល​ប៉ះពាល់​រយៈ​វែង​ ដែល​ប្រជាពលរដ្ឋ​អាច​ក្រីក្រ​ទៅ​វិញ​ ក្រោយ​ទទួលយក​សំណង​នៅ​ពេល​បច្ចុប្បន្ន​។​ លោក​ថា​៖​ «​ការ​ស្រាវជ្រាវ​របស់​លោក​បណ្ឌិត​នេះ​ពិតជា​ត្រឹមត្រូវ​ ព្រោះ​គាត់​បាន​ចុះ​ទៅ​សិក្សា​ផ្ទាល់​នៅ​តាម​មូលដ្ឋាន​ ជា​ពិសេស​ទៅ​មូលដ្ឋាន​ដែល​ឆ្ងាយៗ​គឺ​គេ​អាច​ដឹង​ពី​ស្ថានភាព​របស់​ប្រជាប​ល​រដ្ឋ​ទុក​លំបាក​យ៉ាងណា​។​ មួយទៀត​នោះ​ភោគផល​ ផល​ដាំ​ណាំ​ អចល​នា​ទ្រព្យ​ សត្វ​ចិញ្ចឹម​ជាដើម​នឹង​ វា​មិន​សាក​សម​ទៅ​នឹង​ការ​ទូទាត់​សំណង​នោះ​ទេ​»​។​

​យោង​តាម​របាយការណ៍​របស់​NGO​ Forum​ បាន​រក​ឃើញ​ថា​ ជាង​៩០%​នៃ​អ្នក​ភូមិ​ដែល​បាន​ធ្វើការ​អង្កេត​ក្នុង​ឃុំ​ចំនួន​៣​ ជា​ប្រជា​កសិករ​ ហើយ​ជាង​៩០%​ បាន​ស្នើ​សុំ​យ៉ាង​ទទូច​ ឲ្យ​លុប​ចោលការ​កសាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។​ របាយការណ៍​ក៏​បាន​បញ្ជាក់​ថា​ សំណង​ដែល​ទាមទារ​ដោយ​សហគមន៍​ និង​សំណង​ដែល​ស្នើ​ឡើង​ដោយ​ក្រុមហ៊ុន​ និង​រដ្ឋាភិបាល​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​។​ ការ​អង្កេត​នេះ​បាន​រក​ឃើញ​ថា​ សំណង​គប្បី​មាន​ចំនួន​ជា​មធ្យម​ ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ សម្រាប់​គ្រួសារ​នីមួយៗ​ បូក​នឹង​ថ្លៃ​ចំណាយ​សម្រាប់​ពិធី​តាំងទី​លំនៅ​ថ្មី​ ថ្លៃ​ចំណាយ​សម្រាប់​ការ​បាត់បង់​ឱកាស​សេដ្ឋកិច្ច​ និង​ ដី​ព្រៃ​បញ្ចុះសព​ និង​ ដី​ព្រៃ​អារក្សអ្នកតា​នៅ​ក្នុង​សហគមន៍​នីមួយៗ​៕

Share

Image
Image
Image