en     km
en     km

យោធាអាមេរិកកំពុងពិនិត្យមើលបំណែកបាឡុងចារកម្មចិនដែលត្រូវបានបាញ់ទម្លាក់

Share

 

វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យទី៥ កុម្ភៈ ២០២៣ ថាខ្លួនកំពុងស្វែងរកបំណែកនៃបាឡុងស៊ើបការណ៍ចិនដែលបានបាញ់ទម្លាក់កាលពីថ្ងៃសៅរ៍ ដែលបានធ្វើឱ្យទំនាក់ទំនងអាមេរិក-ចិនកាន់តែតានតឹង។

ឧត្តមសេនីយ Glen VanHerck មេបញ្ជាការ ការពារដែនអាកាសអាមេរិកខាងជើង បាននិយាយថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងប្រមូលកំទេចកំទីបាឡុងហោះរបស់ចិន ដែលបានបាញ់ទម្លាក់។ការផ្គុំបាឡុងហោះរបស់ចិនឡើងវិញអាចធ្វើឱ្យសហរដ្ឋអាមេរិកដឹងពីសមត្ថភាពចារកម្មរបស់ចិន ទោះបីជាមន្ត្រីអាមេរិកថាបាឡុងហោះរបស់ចិនមានឥទ្ធិពលតិចតួចទៅលើសន្តិសុខជាតិអាមេរិកក៏ដោយ។

យន្តហោះចម្បាំងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ទី៤ កុម្ភៈបានបាញ់ទម្លាក់បាឡុងហោះនៅលើឆ្នេរសមុទ្រនៃរដ្ឋ South Carolina មួយសប្តាហ៍បន្ទាប់ពីវាបានចូលដល់ដែនអាកាសសហរដ្ឋអាមេរិកជាលើកដំបូងនៅជិតរដ្ឋអាឡាស្កា។ លោកឧត្តមសេនីយ VanHerck បាននិយាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅលើដែនទឹករបស់សហរដ្ឋអាមេរិក។

ប្រទេសចិនបានតវ៉ាចំពោះការបាញ់បាឡុងនេះថាជា “ប្រតិកម្មហួសហេតុ” ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយ​ថា វិធានការប្រឆាំងណាមួយរបស់ទីក្រុងប៉េកាំងទំនងជានឹងត្រូវបានកែតម្រូវឡើងវិញ ដើម្បីធ្វើឱ្យទំនាក់ទំនងអាមេរិក-ចិនមិនឱ្យកាន់តែអាក្រក់ទៅៗ។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃអាទិត្យបានរិះគន់លោកប្រធានាធិបតី Joe Biden ចំពោះការពន្យាពេលជាច្រើនថ្ងៃក្នុងការបាញ់ទម្លាក់បាឡុងស៊ើបការរបស់ចិន ខណៈដែលវាហោះលើដែនអាកាសសហរដ្ឋអាមេរិក។សមាជិកសភារូបនេះបានចោទប្រកាន់លោក Joe Biden ថាបង្ហាញភាពទន់ខ្សោយចំពោះប្រទេសចិន។

លោក Tom Cotton សមាជិកគណកម្មាធិការកិច្ចការសព្វាវុធនៃព្រឹទ្ធសភាអាមេរិកបាននិយាយថា “ខ្ញុំគិតថាវាគឺជាការស្ទាក់ស្ទើររបស់ប្រធានាធិបតីក្នុងការចាត់វិធានការណាមួយ ចំពោះហេតុការណ៍ដែលត្រូវបានចាត់ទុកថាជាការបង្កហេតុ ឬការប្រឈមមុខដាក់គ្នាចំពោះពួកកុម្មុយនិស្តចិន” ។

អតីតប្រធានាធិបតី Donald Trump និងអតីតនាយកចារកម្មជាតិរបស់លោកគឺលោក John Ratcliffe បានបដិសេធការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិ Lloyd Austin ដែលថាបាឡុងហោះស្រដៀងគ្នានេះ បានហោះឆ្លងកាត់សហរដ្ឋអាមេរិកក្នុងអំឡុងពេលលោក Donald Trump ធ្វើជាប្រធានាធិបតី។លោក Trump បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social ថា “ប្រទេស​​​ចិនមានការគោរពខ្លាំងពេកចំពោះ ‘TRUMP’ សម្រាប់រឿងនេះ ហើយវាមិនដែលកើតឡើងនោះទេ។

ប៉ុន្តែតំណាងរាស្រ្តគណបក្សសាធារណរដ្ឋលោក Michael Waltz បានគាំទ្រលោក Austin ដោយប្រាប់ Washington Post ថាមន្ទីរបញ្ចកោណបានជូនដំណឹងដល់សភាថា បាឡុងហោះរបស់ចិនត្រូវបានគេប្រទះឃើញនៅជិតសហរដ្ឋអាមេរិកជាច្រើនដងក្នុងអំឡុងពេលកាន់តំណែងរបស់លោក Trump ។គាត់បាននិយាយថា បាឡុងហោះត្រូវបានគេប្រទះឃើញនៅជិតរដ្ឋតិចសាស់ និងពីរដងនៅជិតរដ្ឋផ្លរីដា ក៏ដូចជាការមើលឃើញពីមុនៗនៅជិតកោះហាវ៉ៃ និងកោះហ្គាំ។ គណបក្សប្រជាធិបតេយ្យបាននិយាយថាការសម្រេចចិត្តរបស់លោក Biden ក្នុងការពន្យាពេលបាញ់ទម្លាក់បាឡុងរហូតដល់វាឆ្លងកាត់សហរដ្ឋអាមេរិកបានការពារជនស៊ីវិលពីកំទេចកំទីដែលធ្លាក់មកផែនដី។លោក Pete Buttigieg រដ្ឋលេខាធិការដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងកម្មវិធី “State of the Union” របស់ទូរទស្សន៍ CNN ថា “ប្រធានាធិបតីបានអំពាវនាវឱ្យមានការដោះស្រាយក្នុងវិធីមួយដែលធ្វើឱ្យមានតុល្យភាពនៃហានិភ័យផ្សេងៗគ្នា។

នោះហើយជាអ្វីដែលបានកើតឡើង” ។ មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាលោក Chuck Schumer បានច្រានចោលការរិះគន់របស់គណបក្សសាធារណរដ្ឋថា “គិតជ្រុលហួស និងមានលក្ខណៈនយោបាយ” ។លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ចំណុចសំខាន់នៅទីនេះគឺថា ការបាញ់ទម្លាក់បាឡុងនៅលើទឹក មិនមែនគ្រាន់តែជាជម្រើសដែលមានសុវត្ថិភាពបំផុតនោះទេ ប៉ុន្តែវាគឺជាជម្រើសដែលបង្កើនការទទួលបានទិន្នន័យជាអតិបរមាពីបាឡុងនោះ” ។

លោក Schumer បានបន្ថែមថា មន្ទីរបញ្ចកោណនឹងរាយការណ៍សង្ខេបជូនសមាជិកព្រឹទ្ធសភាអំពីបាឡុងហោះរបស់ចិននៅថ្ងៃទី 15 ខែកុម្ភៈខាងមុននេះ។ លោក Mike Turner តំណាងរាស្រ្ដមកពីគណបក្សសាធារណរដ្ឋ ជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់បាននិយាយថា លោកជឿថា ប្រទេសចិនកំពុងប្រើបាឡុងហោះដើម្បីរកវិធីទប់ទល់នឹងអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក។ លោកTurner បាននិយាយនៅក្នុងកម្មវិធី “Meet the Press” របស់ NBC ថា “លោកប្រធានាធិបតីបានអនុញ្ញាតឱ្យវាហោះឆ្លងកាត់តំបន់ដ៏រសើបបំផុតរបស់យើង ហើយលោកមិនបានប្រាប់សាធារណៈជនអាមេរិកឱ្យបានដឹងនោះទេ” ។ គណបក្សសាធារណរដ្ឋ Marco Rubio អនុប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាបានប្រាប់កម្មវិធី ABC News “សប្តាហ៍នេះ” ថាប្រទេសចិនបានផ្ញើសារឱ្យសហរដ្ឋអាមេរិកថាខ្លួនអាចចូលក្នុងដែនអាកាសអាមេរិកបាន ។ លោក Rubio បាននិយាយថាលោកសង្ស័យ កំទេចកំទីរបស់បាឡុងហោះនេះ មានតម្លៃខាងការស្រាវជ្រាវច្រើន។

ប្រភព៖ Reuters ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image