en     km
en     km

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

Share

 

អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ថា ប្រជាពលរដ្ឋចំនួន ១៦២ នាក់ បានស្លាប់ដោយសារអាកាសធាតុចុះត្រជាក់ក្នុងរដូវរងាខែនេះ ដែលជាហេតុការណ៍មិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្ស។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរថា ខ្លួនមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញប្រេងឥន្ធនៈ ដើម្បីកំដៅខ្លួននោះទេ។

(កញ្ញា​ កែវ សុជាតា រាយការណ៍ពីព័ត៌មាននេះ)

បើយោងតាមលោក Shafiullah Rahimi អ្នកនាំពាក្យរដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មាន Reuters​ ថា អាកាសធាតុចុះត្រជាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សចំនួន ១៦២នាក់ ដែលករណីនេះកើតមានឡើងតាំងពីថ្ងៃទី១០ ខែមករារហូតមកទល់នឹងពេលនេះ។ តួយ៉ាង កាលសប្តាហ៍មុន មានប្រជាពលរដ្ឋស្លាប់៨៤នាក់។

តាមប្រភពសារព័ត៌មាន Reuters បានបញ្ជាក់ថា សីតុណ្ហភាពនៅអាហ្វហ្គានីស្ថានធ្លាក់ចុះដល់ទៅ -៣៤ អង្សាសេ ខណៈប្រទេសនេះកំពុងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ក្រុមអង្គការផ្តល់ជំនួយជាច្រើន បានផ្អាកប្រតិបត្តិការខ្លះ ដោយសារការហាមប្រាមរបស់មេដឹកនាំតាលីបង់ ដោយមិនឱ្យស្ត្រីបម្រើការជាបុគ្គលិកក្នុងអង្គការមិនមែនរដ្ឋាភិបាល។

យ៉ាងណាមិញ ក្មេងៗជាច្រើននៅភាគខាងលិចនៃរដ្ឋធានីអាហ្វហ្គានីស្ថាន បានដើររើសសំរាមផ្លាស្ទិក ដើម្បីប្រមូលដុតជាអណ្តាតភ្លើង ក្នុងគោលបំណងជួយរក្សាកម្តៅខ្លួនរបស់ពួកគេ។ ការរើសសម្រាមមកកែច្នៃបែបនេះ ដោយសារតែពួកគេមិនមានលទ្ធភាពទិញអុស ឬធ្យូងថ្ម។

បុរសម្នាក់មានឈ្មោះថា Ashour Ali វ័យ ៣០ ឆ្នាំ កំពុងរស់នៅជាមួយកូន ៥ នាក់នៅក្នុងបន្ទប់សង់ពីបេតុងមួយ ដោយនិយាយថា ឆ្នាំ​នេះ​អាកាសធាតុ​ត្រជាក់​ខ្លាំង ហើយ​លោក​មិនមានលុយ​ទិញ​ធ្យូង​សម្រាប់​ប្រើប្រាស់​​ទេ​។ លោកបន្ថែមថា ប្រាក់តិចតួចដែលលោករកបាន ​ក៏​មិន​គ្រប់គ្រាន់​សម្រាប់​ទិញប្រេងឥន្ធនៈ​ដែរ​។

សូមរំលឹកថា ជាធម្មតា រដូវរងាតែងតែធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋអាហ្វហ្គានីស្ថាននៅតំបន់ភ្នំ។ ការស្លាប់របស់ប្រជាជនអាហ្វហ្គានីស្ថាននេះ ត្រូវបានគេមើលឃើញថា មកពីក្រុមតាលីបង់បានហាមឃាត់ស្រី្តមិនឱ្យចូលរួមក្នុងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការមនុស្សធម៌៕

ប្រភព៖ Reuters​ ចុះថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣

Share

Image
Image
Image