en     km
en     km

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

Share

 

សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់របស់ប្រទេសមួយចំនួនដែលប្រឆាំងនឹងក្រុមស្រឡាញ់ភេទដូចគ្នា(LGBTQ) ថាជាការអនុម័តច្បាប់បំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្លួនឯង។

(កញ្ញា កែវ សុជាតា រាយការណ៍ពីព័ត៌មាននេះ)

បើយោងតាមសារព័ត៌មាន The Guardian បានរាយការណ៍ថា សម្តេចសង្ឃកាតូលិក ហ្វ្រង់ស៊ីស (Francis) បានរិះគន់ច្បាប់ ដែលហាមប្រាមអ្នកស្រឡាញ់ភេទដូចគ្នាថាជារឿងអយុត្តិធម៌ ដោយសារតែពួកគេមិនទទួលបានសិទ្ធិស្មើគ្នាដូចក្រុមមនុស្សឯទៀត។ លោកបញ្ជាក់ថា ព្រះជាម្ចាស់តែងតែស្រឡាញ់កូនស្មើៗគ្នា មិនដែលរើសអើង ឬប្រកាន់ចំពោះនរណាម្នាក់ឡើយ។

កាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣នេះ សម្តេច Francis បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ការស្រឡាញ់ភេទដូចគ្នាមិនមែនជាឧក្រិដ្ឋកម្មទេ ជាពិសេសចាំបាច់ត្រូវបែងចែកឱ្យដាច់រវាងពាក្យថាឧក្រិដ្ឋកម្ម និងអំពើបាបពីការស្រឡាញ់ភេទដូចគ្នា។

ដោយឡែក សម្តេចសង្ឃរូបនេះ បានបន្តអំពាវនាវថា ក្រុមប៊ីស្សពកាតូលិក ត្រូវបញ្ឈប់ចលនាគាំទ្រច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រលាញ់ភេទដូចគ្នា បញ្ឈប់រាល់សកម្មភាពបំបិទសិទិ្ធសេរី និងការហាមប្រាមមិនឱ្យក្រុមនេះឈានជើងចូលក្នុងព្រះវិហារ។ យ៉ាងណា ភស្តុតាងជាច្រើនបានបង្ហាញថា កាលពីសម័យអាណានិគមអង់គ្លេស មានការបំផុសច្បាប់អ៊ីស្លាមជាច្រើននៅក្នុងប្រទេស ដែលបណ្តាលឱ្យពួកគេ ប្រឆាំងនឹងក្រុម LGBTQ ថាជារឿងត្រឹមត្រូវ។

គួរបញ្ជាក់ថា បច្ចុប្បន្ន មានប្រទេសចំនួន ៦៧ លើទូទាំងសកលលោក  បានអនុម័តច្បាប់ដាក់ទោសទណ្ឌលើក្រុមមនុស្សស្រឡាញ់ភេទគ្នា។ ក្នុងនោះ មនុស្សចំនួន ១១នាក់ កំពុងប្រឈមនឹងការដាក់ទោសប្រហារជីវិត។ នេះបើយោងតាម ​​The Human Dignity Trus​t។ អ្នកជំនាញបាននិយាយថា ទោះបីជាច្បាប់មិនត្រូវបានអនុវត្តក៏ដោយ ក៏មនុស្សមួយចំនួនតែងមាក់ងាយ តាមយាយី និងប្រើប្រាស់អំពើហិង្សាលើក្រុម LGBTQដែរ។

យ៉ាងណាមិញ អង្គការសហប្រជាជាតិ បានសំណូមពរជាច្រើនលើកច្រើនសារ ឱ្យបញ្ឈប់ការអនុម័តនូវច្បាប់ ដែលដាក់ទោសក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដោយនិយាយថា ពួកគេកំពុងរំលោភលើសិទ្ធិសេរីជាឯកជនភាព រើសអើង និងរំលោភលើកាតព្វកិច្ចរបស់ប្រទេស ក្រោមច្បាប់អន្តរជាតិដើម្បីការពារសិទ្ធិមនុស្សរបស់ប្រជាជនទាំងអស់ ដោយមិនគិតពីនិន្នាការផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រឡើយ៕

ប្រភព៖ The Guardian ចុះថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣

Share

Image
Image
Image