រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះ បដិសេធមិនឱ្យមានការវិនិយោគលើគម្រោងរោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គឡើយ តែលើកទឹកចិត្តឱ្យមានការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យវិញ។ អ្នកស្រាវជ្រាវបរិស្ថានសារទរចំពោះការសម្រេចចិត្តនេះ និងស្នើឱ្យគិតគូរលើអគ្គិសនីនាំចូលផង តើជាអគ្គិសនីស្អាតមែនឬយ៉ាងណា?
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
.រាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានឱ្យដឹងថា កម្ពុជាកំពុងទាក់ទាញវិនិយោគថាមពលស្អាតបន្ថែមទៀត ខណៈកម្ពុជាមានថាមពលស្អាតនេះ ៦២%ហើយ តែមិនអនុម័តឱ្យបង្កើតរោងចក្រអគ្គិសនី ប្រើប្រាស់ធ្យូងថ្ម ថ្មី ឬធ្វើទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គឡើយ។ បើតាមសម្ដេច គឺលើកទឹកចិត្តឱ្យមានការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់បង្កើតថាមពលអគ្គិសនីស្អាតនេះ។
ការលើកឡើងរបស់សម្ដេច ខណៈជួបជាមួយប្រតិភូវិនិយោគបារាំង នៅថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២៣នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី រាជធានីភ្នំពេញ។
កាលពីឆ្នាំ២០២២ អគ្គិសនីកម្ពុជាបានឱ្យដឹងថា ថាមពលអគ្គិសនីស្អាតបានកើនឡើងជាង១០% ដែលចំនួននេះ ចូលរួមក្នុងការផ្តល់ថាមពលឱ្យបានគ្រប់គ្រាន់នៅក្នុងប្រទេសកម្ពុជា និងដើម្បីបង្កើនចីរភាពនៃកិច្ចការពារបរិស្ថាន។ នេះបើតាមការឱ្យដឹងពីលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា។
បើតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងដែរថា ភាគីបារាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែ ថាមពល និងប្រេងកាត។ ក្រៅពីនេះ ក៏បានកោតសរសើរកម្ពុជាលើការអភិវឌ្ឍថាមពលបៃតង និងថាមពលកកើតឡើងវិញ ដែលមានប្រភពពីវារីអគ្គិសនី និងថាមពលដើរដោយពន្លឺព្រះអាទិត្យ ក្នុងគោលបំណងឈានទៅកាត់បន្ថយការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់។
លោក ហេង គឺមហុង ប្រធានសមាគមន៍បណ្ដាញយុវជនកម្ពុជា CYNបានសារទរជាមួយការសម្រេចចិត្តមិនអនុម័តរបស់រាជរដ្ឋាភិបាលលើការបង្កើតរោងចក្រអគ្គិសនី ប្រើប្រាស់ធ្យូងថ្ម ថ្មី ឬធ្វើទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គ។ ក្នុងនាមលោកធ្លាប់សិក្សាស្រាវជ្រាវលើទន្លេមេគង្គបានលើកឡើងថា ទន្លេមេគង្គជាឆ្អឺងខ្នង នៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងតំបន់សក្ដានុពលនៃជីវចម្រុះ។ ស្របនឹងការសារទរនេះលោកបានស្នើឱ្យរដ្ឋាភិបាលគិតគូរលើថាមពលស្អាតដែលទិញមកពីប្រទេសជិតខាង និងមានការបន្ថយបន្ទុកពន្ធលើការនាំចូលបន្ទះសូឡាផងដែរ ដើម្បីប្រជាពលរដ្ឋតំបន់ដាច់ស្រយាលបានប្រើប្រាស់ពេញលេញ។
បើតាមការឱ្យដឹងបន្ថែមពីលោក គឺមហុង ថា ថាមពលអគ្គិសនីស្អាត ដែលបានមកពីពន្លឺព្រះអាទិត្យ កម្លាំងខ្យល់ គឺជួយបូមថាមពលពីផ្ទះកញ្ជក់ កាត់បន្ថយការកើនឡើងកម្ដៅផែនដី មិនបំភាយឧស្ម័នកាបូនិច និងជួយកាត់បន្ថយចំណាយរបស់ប្រជាជនប្រើប្រាសថាមពលអគ្គិសនីផងដែរ។
យ៉ាងណាលោកមានការសំណូមពរដល់រាជរដ្ឋាភិបាលដែរ ថាគួរមានការប្រកួតប្រជែងលើការនាំចូលអគ្គិសនី កុំឱ្យមានការនាំចូលផ្ដាច់មុខ ដើម្បីចៀសវាងត្រូវបានគ្រប់គ្រងដោយក្រុមណាមួយហើយអគ្គសនីឡើងថ្លៃ។
៕