ក្រសួងការពារជាតិបានចេញមុខប្រឆាំងដាច់ អង្ការចំពោះជនណាដែលព្យាយាម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយមករំលោភបំពានបានឡើយ។
សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងក្រោយមានការបង្ហោះជេរប្រមាថថ្នាក់ដឹកនាំអង្គមេបញ្ជាការរង និងមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត តាមបណ្ដាញសង្គមហ្វេសប៊ុក។ បើតាមក្រសួងការពារជាតិដដែល ថា បុគ្គលដែលបានជេរលោក ហ៊ុន ម៉ាណែត មានឈ្មោះថា ឡុង សុគន្ធារៈ បានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិក៏បានអំពាវនាវដល់សាធារណជនកុំបន្ដចែករំលែក នូវវីដេអូរបស់បុគ្គល ឡុង គន្ធារៈ និងអំពាវនាវឱ្យសមត្ថកិច្ចចេញវិធានការដើម្បីផ្ដន្ទាទោសជននេះតាមផ្លូវច្បាប់។
សូមជម្រាបថា តាមរយៈវីដេអូ លោក ឡុង សុគន្ធារៈ បានវាយប្រហារលើលោកហ៊ុន ហ៊ុន ម៉ាណែតថា ទោះបីលោកបានបញ្ចប់សញ្ញាប័ត្រមកពីសាលា West point សហរដ្ឋអាមរិក និងសញ្ញាប័ត្រពីចក្រភពអង់គ្លេសក៏ពិតមែន ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបានឋានៈតួនាទី និងអំណាចតាមរយៈសមត្ថភាពខ្លួនឯងឡើយ គឺបានមកពីឪពុកដែលជានាយករដ្ឋមន្ដ្រីសព្វថ្ងៃប៉ុណ្ណោះ។
ក្រៅពីក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទក៏បានចេញញត្តិថ្កោលទោសដូចគ្នា ដោយចាត់ទុកបុគ្គល ឡុង សុគន្ធារៈ ជាបុគ្គលពាល គ្រងឯកសណ្ឋានដោយខុសច្បាប់ បង្កអសន្ដិសុខជាតិ និងប៉ះពាល់កិត្តិយសកងទ័ព មិនអាចលើកលែងទោសឱ្យបាន។ អគ្គបញ្ជាការដ្ឋានអះអាងថានឹងប្ដឹងទៅតុលាការដើម្បីផ្ដន្ទាទោសជននេះ តាមច្បាប់ជាធរមាន។