en     km
en     km

សហរដ្ឋ​អាមេរិក​​ត្រៀម​​បញ្ជូន​រថក្រោះ Abrams ឱ្យ​អ៊ុយក្រែន

Share

 

វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិកពីររូបបានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារទី២៤ មករា ២០២៣ ថាសហរដ្ឋអាមេរិក កំពុងតែត្រៀមបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams រាប់សិបគ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន។ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកបែបនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបដិសេដនឹងការបញ្ជូនរថក្រោះ Abrams ទោះបីជាមានការស្នើសុំពីទីក្រុង Kyiv។

មន្ត្រី​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ការ​ប្រកាសបញ្ជូនរថក្រោះសហរដ្ឋអាមេរិក M1 Abrams ​អាច​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធទី២៥ មករា ២០២៣។ ប្រភពទីបីដែលដឹងពីបញ្ហានេះបាននិយាយថាសហរដ្ឋអាមេរិកអាចបញ្ជូនរថក្រោះ Abrams ប្រហែល 30 គ្រឿងទៅឱ្យអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

មន្ត្រីទាំងពីរបាននិយាយថារថក្រោះ Abrams ទំនងជានឹងត្រូវបានទទួលតាមរយៈមូលនិធិដែលគេស្គាល់ថាជាគម្រោងជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ទទួលបានអាវុធពីរោងចក្រឧស្សាហកម្មផលិតរថក្រោះផ្ទាល់ មិនមែនយកពីស្តុកអាវុធដែលមានស្រាប់របស់សហរដ្ឋអាមេរិកនោះទេ។

មន្ត្រីម្នាក់ទៀតបាននិយាយថា វាអាចទៅរួចដែលរដ្ឋបាល Biden អាចប្រើប្រាស់មូលនិធិ USAI ដើម្បីទិញ រថក្រោះAbrams ពីសម្ព័ន្ធមិត្តឬ ជួសជុលរថក្រោះទាំងនោះសិន បន្ទាប់មកបញ្ជូនទៅឱ្យអ៊ុយក្រែន។

ដំណើរការនេះអាចចំណាយពេលរាប់ខែឬរាប់ឆ្នាំ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបរាជ័យក្នុងអំឡុងកិច្ចពិភាក្សាក្នុងប្រទេសអាល្លឺម៉ង់កាលពី

សប្តាហ៍មុន ដើម្បីបញ្ចុះបញ្ចូលទីក្រុងប៊ែរឡាំងឱ្យផ្តល់រថក្រោះប្រយុទ្ធ Leopard ឱ្យអ៊ុយក្រែន ដែលជាតម្រូវការចាំបាច់របស់ទីក្រុង Kyiv ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

អ៊ុយក្រែននិយាយថា រថក្រោះប្រយុទ្ធរបស់លោកខាងលិចនឹងធ្វើឱ្យកងទ័ពរបស់ខ្លួននូវកម្លាំងការការពារបន្ថែមទៀតពីការវាយលុកថ្មីរបស់រុស្ស៊ីដែលទីក្រុងKyiv រំពឹងថានឹងកើតឡើងនៅពេលខាងមុខឆាប់ៗនេះ។មន្ត្រីអាមេរិកបាននិយាយថារថក្រោះAbrams ត្រូវមានការថែទាំម៉ត់ចត់ និងពិបាកក្នុងការបណ្តុះបណ្តាលទាហ៊ានអ៊ុយក្រែនដើម្បីប្រើប្រាស់វា ដែលធ្វើឱ្យវាក្លាយជាជម្រើសមិនល្អសម្រាប់ដំណាក់កាលសង្រ្គាមនេះ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បានប្រាប់អ្នកយកព័ត៌មានថារថក្រោះ “M1 Abrams គឺជាប្រព័ន្ធសព្វាវុធស្មុគ្រស្មាញ ដែលប្រឈមនឹងការថែទាំ”។លោក Ryder បាននិយាយថា “យើងបន្តពិភាក្សាជាមួយអ៊ុយក្រែន និងសម្ព័ន្ធមិត្ត និងដៃគូរបស់យើងអំពីអ្វីដែលជាតម្រូវការការពាររយៈពេលមធ្យម និងរយៈពេលវែងសម្រាប់អ៊ុយក្រែន” ។ លោក Mark Cancian អ្នកជំនាញការពារជាតិនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ​​បាននិយាយថា”ហេតុផលតែមួយគត់ដែលសហរដ្ឋអាមេរិកនឹងបញ្ជូនរថក្រោះ M1 ទៅកាន់អ៊ុយក្រែនគឺដើម្បីឱ្យប្រទេសអាល្លឺម៉ង់មានហេតុផលនយោបាយដែលអាចបញ្ជូនរថក្រោះLeopardឱ្យអ៊ុយក្រែនដែរ”។ ​ប្រភព​មួយបាន​និយាយ​ថា ប្រទេស​អាល្លឺម៉ង់​នឹង​បញ្ជូន​រថក្រោះ Leopard 2 ទៅ​អ៊ុយក្រែន​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី និង​អនុញ្ញាត​ឱ្យ​ប្រទេស​ផ្សេង​ទៀត​ដូចជា​ប៉ូឡូញ​ធ្វើ​ដូច​គ្នា។គណបក្ស Social Democratic Party របស់អធិការបតីអាល្លឺម៉ង់ Olaf Scholz បាននិងកំពុងប្រុងប្រយ័ត្នចំពោះចំណាត់ការនេះដែលអាចបណ្តាលឱ្យមានភាពតានតឹងជាមួយទីក្រុងម៉ូស្គូកើនឡើងបន្ថែមទៀត។ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនាពេលខាងមុខគឺជាផ្នែកមួយនៃការសន្ទនាជាមួយអាល្លឺម៉ង់អំពីការស្ទាក់ស្ទើររបស់ពួកគេក្នុងការផ្តល់រថក្រោះ និងដើម្បីបង្ហាញថាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកមានសារៈសំខាន់។

ប្រភព៖ Reuters ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

Share

Image
Image
Image