en     km
en     km

មនុស្ស៨នាក់បាត់ខ្លួន ក្រោយលិចនាវានៅចន្លោះប្រទេសជប៉ុន និងកូរ៉េខាងត្បូង

Share

 

នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣នេះ ឆ្មាំសមុទ្រជប៉ុននិងកូរ៉េខាងត្បូងបានជ្រមុជទឹក ដើម្បីជួយសង្រ្គោះនាវិក ៨ នាក់ ក្រោយហេតុការណ៍លិចនាវាដឹកទំនិញមួយនៅចន្លោះដែនទឹករបស់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង។ ដោយឡែក នាវិក ១៤ នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ។

(កញ្ញា កែវ សុជាតា ជូននូវសេចក្តីរាយការណ៍)

បើយោងតាមសារព័ត៌មាន CNA បានរាយការណ៍ថា នាវាខាងលើមានឈ្មោះថា Jin Tian មានទម្ងន់ ៦,៦៥១ តោន ហើយត្រូវបានចុះបញ្ជីត្រឹមត្រូវនៅក្នុងទីក្រុងហុងកុងប្រទេសចិន។ ក្នុងនាវានោះ បានផ្ទុកមនុស្សចំនួន​ ២២ នាក់​ ពោលគឺជនជាតិចិនចំនួន ១៤ នាក់ និងមនុស្ស ៨ នាក់ផ្សេងទៀតមកពីប្រទេសមីយ៉ាន់ម៉ា។

យ៉ាងណាមិញ អ្នក​នាំពាក្យ​ឆ្មាំ​សមុទ្រ​ជប៉ុនដែល​បដិសេធមិនបញ្ចេញឈ្មោះបាន​ប្រាប់សារព័ត៌មាន AFP ថា​ ​នាវិកចំនួន ១៤ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​។ ក៏ប៉ុន្តែលោកមិនបានទាន់ដឹងពីស្ថានភាព និងសញ្ជាតិរបស់ពួកគេនៅឡើយទេ។ លោកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ឆ្មាំសមុទ្រកូរ៉េខាងត្បូងបានជួយសង្រ្គោះនាវិកចំនួន ៦ នាក់។ រីឯនាវិក ១១ នាក់ផ្សេងទៀតនៅមិនទាន់ដឹងខ្លួននៅឡើយ។

តាមប្រភពដដែលបានបញ្ជាក់ថា​ ករណីលិចនាវានេះបណ្តាលមកពីខ្យល់ត្រជាក់ ដែលកំពុងបក់បោកមកកាន់តំបន់អាស៊ី ដោយសីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ ៣ អង្សាសេ ក្នុងតំបន់កោះក្បែរកន្លែងរកឃើញជនរងគ្រោះ។

កាលពីល្ងាចថ្ងៃអង្គារ ទី២៤ ខែមករានេះ​ អ្នកបើកបរនាវាបានបញ្ជូនសញ្ញាប្រកាសអាសន្ន ពីកោះដាច់ស្រយាល Danjo ដែលស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន។ នៅព្រឹកថ្ងៃបន្ទាប់ អ្នកបើកបរបានប្រើប្រាស់ទូរស័ព្ទផ្កាយរណបទាក់ទងឆ្មាំសមុទ្រកូរ៉េខាងត្បូងថា លោក និងនាវិកដទៃទៀត សម្រេចចាកចេញពីនាវានេះ ដោយទុកឱ្យវាលិចលង់ក្នុងសមុទ្រតែម្តង។ បន្ទាប់ពីពេលនេះមក ទំនាក់ទំនងទាំងអស់ត្រូវបានកាត់ផ្តាច់ទាំងស្រុង។

គួរបញ្ជាក់ថា នាវាឯកជន ៣ គ្រឿង ដែលស្ថិតនៅក្នុងតំបន់នោះ បានជួយសង្គ្រោះនាវិកជាច្រើននាក់។ បច្ចុប្បន្ន យន្តហោះនិងនាវាចំនួនពីរគ្រឿងរបស់ឆ្មាំសមុទ្រជប៉ុន បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ និងមាននាវាបន្តបន្ទាប់ទៀតរបស់ប្រទេសទាំងពីរនឹងធ្វើដំណើរទៅទីនោះ ដើម្បីបន្តរុករកជនរងគ្រោះ។

សូមរំលឹកថា កាលពីឆ្នាំ២០២០ នាវាដឹកទំនិញនោះ ផ្ទុកនាវិកចំនួន ៤៣ នាក់ រួមទាំងសត្វគោក្របីចំនួន ៦០០០ក្បាល ដែលបណ្តាលឱ្យនាវាលិចនៅភាគនិរតីនៃប្រទេសជប៉ុន បន្ទាប់ពីជាប់នៅក្នុងព្យុះទីហ្វុង។ យ៉ាងណា នាវិកចំនួនពីរនាក់ បានរស់រានមានជីវិតក្នុងហេតុការណ៍អកុសលនេះ៕

ប្រភព៖​ CNA ចុះថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣

Share

Image
Image
Image