en     km
en     km

កុមារីឥណ្ឌាម្នាក់សម្រេចបោះបង់មរតកជំនួញលក់ពេជ្ររបស់គ្រួសារមកបួសជាដូនជីក្នុងវ័យទើបតែ៨ឆ្នាំ

Share

កាលពីសប្តាហ៍មុន កុមារីឥណ្ឌាអាយុទើបតែប្រាំបីឆ្នាំម្នាក់ ជាកូនស្រីច្បងក្នុងត្រកូលអ្នកជំនួញលក់ពេជ្រដ៏មានស្តុកស្តម្ភមួយនៅក្នុងប្រទេសឥណ្ឌា បានសម្រេចលះបង់កិលេស តណ្ហា មកបួសជាដូនជីដោយត្រូវស្លៀកស ពាក់ ជើងទទេ និងដើរបិណ្ឌបាតតាមផ្ទះអ្នកស្រុកទៅវិញ។
(កញ្ញា កែវ សុជាតា រាយការណ៍ពីព័ត៌មាននេះ)
បើយោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ក្មេងស្រីខាងលើមានឈ្មោះថា Devanshi Sanghvi មានវ័យប្រាំបីឆ្នាំ បានសម្រេចចិត្តបួសជាដូនជីនៅក្នុងទីក្រុង Surat ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣។
Devanshi បានកោរសក់ និងធ្វើពិធីសម្បថដើម្បីបញ្ជាក់ចិត្តស្មោះស ក្រោមការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃជាន់ខ្ពស់ក្នុងសាសនាអាចែ(Jain)រាប់ម៉ឺននាក់។
តាមប្រភពដដែលបានឱ្យដឹងបន្ថែមថា ក្រោយចប់ពិធីកុមារី Devanshi បានទៅរស់នៅក្នុងវត្តជាមួយព្រះសង្ឃអាចែ(Jain)និងដូនជី។ បច្ចុប្បន្ន កុមារីតែងកាន់អំបោះបោសដីជាប់ខ្លួន ដើម្បីបោសសម្អាតសត្វល្អិតចេញពីផ្លូវដើររបស់ខ្លួន ក្នុងគោលបំណងជៀសវាងការដើរជាន់សត្វល្អិតដោយចៃដន្យ។


លោក Kirti Shah អ្នកលក់ពេជ្រម្នាក់ បាននិយាយថា ក្មេងស្រីរូបនេះមិនអាចបន្តស្នាក់ផ្ទះបានទៀតនោះទេ ព្រោះថា ពេលនេះនាងក្លាយជាដូនជីទៅហើយ។ លោកបានបន្ថែមថា ជីវិតជាដូនជីក្នុងសាសនាអាចែ(Jain) គឺពិតជាលំបាកណាស់ ដោយសារតែត្រូវដើរគ្រប់ទីកន្លែង ក៏ប៉ុន្តែមិនអាចប្រើប្រាស់យានជំន្នះបានឡើយ ហើយមិនអាចឆាន់អាហារក្រោយពេលថ្ងៃលិចបាននោះទេ។
យ៉ាងណាមិញ តាមការចុះផ្សាយរបស់សារព័ត៌មាន Times of India បានបញ្ជាក់ថា ឪពុកម្តាយរបស់ Devanshi ជាអ្នកបដិបត្តិសាសនាយ៉ាងខ្ជាប់ខ្ជាន់ ដោយសារតែពួកគេហាមប្រាមកូនស្រីមិនឱ្យមើលទូរទស្សន៍ ខ្សែភាពយន្ត ទៅផ្សារទំនើប ឬភោជនីយដ្ឋាន។ដោយឡែក មានមតិប្រឆាំងជាច្រើនបានទទូចឱ្យអាជ្ញាធរឥណ្ឌាជួយអន្តរាគមន៍ ដោយពួកគេយល់ថា គ្មានសាសនាណាមួយដែលអនុញ្ញាតឱ្យកុមារក្លាយជាដូនជីឬព្រះសង្ឃនោះឡើយ ជាពិសេសកុមារីខាងលើត្រូវបែកចេញពីគ្រួសារក្នុងវ័យក្មេងបែបនេះ។ រីឯមនុស្សមួយចំនួនទៀត បានចូលទៅវែកញែករិះគន់គ្រួសាររបស់ក្មេងស្រីក្នុងបណ្តាញសង្គម ដោយចោទប្រកាន់ពួកគេថា បានរំលោភសិទ្ធិកូនរបស់ខ្លួនឯង។
ស្រ្តីម្នាក់បាននិយាយថា ឥឡូវនេះ នាងត្រឹមជាក្មេងស្រីនៅឡើយ ក៏ប៉ុន្តែ ២ទៅ ៣ឆ្នាំខាងមុខ នាងអាចមានការគិតខុសពីនេះក៏ថាបាន ដ្បិតមានករណីជាច្រើនដែលស្ត្រីបានផ្លាស់ប្តូរគំនិតនៅពេលពួកគេធំឡើង។
សាស្ត្រាចារ្យ Mehta ជាស្រ្តីមានចំណេះដឹងខាងសាលនានេះនិយាយថា កាលពីប៉ុន្មានឆ្នាំមុន នាងបានដោះស្រាយករណីដូនជីអាចែ(Jain)វ័យក្មេងម្នាក់ ដែលបានរត់ចេញពីវត្តដោយសារតែនាងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។ រីឯករណីផ្សេងទៀតដែលល្បីល្បាញនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០០៩ មានក្មេងស្រីម្នាក់បានបួសនៅអាយុ ៩ ឆ្នាំ បន្ទាប់ពីឈានដល់វ័យ ២១ ឆ្នាំ ស្រ្តីរូបនេះបានលួចរៀបការជាមួយមិត្តប្រុសរបស់ខ្លួន។
គួរបញ្ជាក់ថា សាសនាអាចែ(Jain) គឺជាសាសនាដ៏ចំណាស់ជាងគេបំផុតក្នុងពិភពលោក ដែលមានដើមកំណើតនៅប្រទេសឥណ្ឌាកាលពីជាង ២៥00 ឆ្នាំមុន ដោយបច្ចុប្បន្នមានបរិស័ទចំនួនជាង ៤ លាននាក់៕

ប្រភព៖ BBC ចុះថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image