en     km
en     km

ការអនុគ្រោះក្រុមប្រឆាំងនៅក្រៅប្រទេសតែថ្កោលទោសតែលោក សម រង្ស៊ី ជានយោបាយសន្តោសប្រណៃឬ?

Share

អ្នកនយោបាយមួយចំនួនចាត់ទុកថា ការអនុគ្រោះដល់សកម្មជន និងមន្ត្រីអតីតបក្សប្រឆាំងដែលនៅក្រៅប្រទេសឱ្យវិលចូលស្រុកវិញដោយមិនគិតពីទោសពៃពីសំណាក់សម្តេច ហ៊ុន សែន ដែលជាមេបក្សកាន់អំណាច គឺជាការប្រើវប្បធម៌នយោបាយសណ្ដោសប្រណៃ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកនយោបាយ និងអ្នកវិភាគខ្លះយល់ថា ការអនុគ្រោះចំពោះគ្រប់គ្នាតែវៀលលែងតែលោក សម រង្ស៊ី តែម្នាក់បែបនេះ គឺជាស្នៀតនយោបាយវាយប្រហារទៅលើបុគ្គល ដែលជានយោបាយពិបាករកដំណោះស្រាយ។

(លោក គីម ចាន់ចាវ ជូនសេចក្តីរាយការណ៍ពិស្ដាពីព័ត៌មាននេះ)

 

 

ម្ដងជាពីរដង សម្ដេច ហ៊ុន សែន មេបក្សកាន់អំណាចដែលជាអ្នកផ្ដួចផ្ដើមការប្ដឹងផ្ដល់កន្លងមក តែបានហៅ អ្នកនយោបាយអតីតបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើសកម្មភាពនយោបាយប្រឆាំងរដ្ឋាភិបាលនៅក្រៅប្រទេស ឲ្យវិលចូលស្រុកវិញ ដោយសម្ដេចសន្យាថានឹងលើកលែងទោសឲ្យថែមទៀតផង។ ក៏ប៉ុន្តែមេបក្សកាន់អំណាចរូបនេះ បានណែនាំទៅដល់អ្នកដែលមានសមានចិត្តជាមួយអតីតបក្សប្រឆាំង កុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម។ ក្រុមជ្រុលនិយមនេះ គឺសម្តេច ហ៊ុន សែន មេបក្សកាន់អំណាចចង់សំដៅទៅលើក្រុមបក្សប្រឆាំងដែលដឹកនាំដោយលោក សម រង្ស៊ី អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

តែថ្មីៗនេះសម្តេច ហ៊ុន សែន បានអំពាវនាវចំៗឈ្មោះ លោក ហូរ វ៉ាន់ និងសហការី ហើយទន្ទឹមនឹងការអំពាវនាវនេះ មេដឹកនាំកំពូលនៃបក្សកាន់អំណាចទទួលស្គាល់ថា សេចក្ដីត្រូវការរបស់ខ្លួនគឺកម្ចាត់តែអ្នកដឹកនាំជ្រុលនិយមតែម្នាក់ប៉ុណ្ណោះ ដែលគេស្គាល់ច្បាស់ថាជាលោក សម រង្ស៊ី ហើយក្រៅពីនោះ បើសិនជាផ្ដាច់ខ្លួនចេញពីស្រមោលលោក សម រង្ស៊ី នោះនឹងត្រូវទទួលការលើកលែងទោស។

លើបញ្ហានេះលោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដែលជាអតីតមន្ត្រីបក្សប្រឆាំងយល់ថា ទាំងលោក សម រង្ស៊ី និងសម្តេច ហ៊ុន សែន តែងធ្វើនយោបាយតទល់សំដៅតែលើបុគ្គល។ ហើយការធ្វើនយោបាយវាយប្រហារសំដៅតែលើបុគ្គលបែបនេះ មិនបានយូរអង្វែង ឬពិបាកក្នុងការរកដំណោះស្រាយ។

ផ្ទុយទៅវិញលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលស្និទ្ធនឹងគណបក្សកាន់អំណាច  បានបង្ហាញការគាំទ្រចំពោះការសម្រេចរបស់សម្តេច ហ៊ុន សែន ដែលតឹងតែងតែសម្រាប់លោក សម រង្ស៊ី ប៉ុន្តែបើកផ្លូវសម្រាប់ក្រុមប្រឆាំងដែលចង់ចូលមកស្រុក។

 

 

ទោះជាមានការអំពាវនាវពីមេបក្សកាន់អំណាចឱ្យវិលចូលប្រទេសវិញ ដោយមិនប្រកាន់ទោសពៃក្ដី ក៏ក្រុមមន្ត្រីអតីតបក្សប្រឆាំងកំពុងនិរទេសខ្លួននៅបរទេសទាំងនោះ មិនព្រមវិលចូលស្រុកតាមការអំពាវនាវឡើយ។ ទោះយ៉ាងណាលោក មាស នី អ្នកវិភាគសង្គមមួយរូប ចង់ឱ្យគ្រប់ភាគីនយោបាយគួរមានការជជែកចរចាគ្នា ជាជាងការប្ដឹងផ្ដល់ ត្បិតកន្លងមកលើទិដ្ឋភាពផ្លូវច្បាប់និងនយោបាយ កម្ពុជាបានយកមកដោះស្រាយសម្រេចជោគជ័យ លើករណីជាច្រើនកន្លងមក ពិសេសរឿងរ៉ាវទាំងនោះតែងឃើញមានការចរចាអនុគ្រោះគ្នាផងដែរ ដែលធ្វើឱ្យស្ថានការណ៍បានធូរស្រាលឡើងវិញ។

ស្រដៀងគ្នានេះដែរ លោក អ៊ូ ច័ន្ទរ័ត្ន ទាមទារឱ្យអ្នកនយោបាយគួរគាស់រំលើងនូវវប្បធម៌សន្ទនាយកមកប្រើប្រាស់វិញ ជាជាងការបន្តវាយប្រហារគ្នា ជាពិសេសវាយប្រហារតែលើរឿងបុគ្គល។ ការជជែកគ្នាត្រូវតែមានភាពស៊ីវិល័យខ្ពង់ខ្ពស់ដើម្បីផ្ដល់នូវគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ៕

 

Share

ព័ត៌មានទាក់ទង

Image