កាប៊ុល៖ យោងតាមរ៉យទ័រ ប្រធានជំនួយអង្គការសហប្រជាជាតិបានធ្វើទស្សនកិច្ចនៅក្រុងកាប៊ុលនិងបានជួបប្រជុំជាមួយរដ្ឋមន្ត្រីស្តីទីនៃរដ្ឋបាលតាលីបង់ កាលពីថ្ងៃចន្ទទី២៣ មករា ២០២៣បានសម្ដែងការព្រួយបារម្ភចំពោះការអប់រំ និងការងាររបស់ស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាហ្វហ្គានីស្ថាន។
រដ្ឋបាលតាលីបង់ បានបញ្ជាឱ្យអង្គការក្រៅរដ្ឋាភិបាលបញ្ឈប់បុគ្គលិកជាស្ត្រីពីការងារ កាលពីខែមុន បានធ្វើឱ្យម្ចាស់ជំនួយជាច្រើនផ្អាកប្រតិបត្តិការរបស់ខ្លួន ដែលនាំឱ្យវិបត្តិមនុស្សធម៌ឡើងនៅរដូវរងា។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌លោក Martin Griffiths បានលើកឡើងពីបញ្ហាការអប់រំ និងការងាររបស់ស្ត្រី។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាហ្វហ្គានីស្ថាន។អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថាលោក Griffiths នឹងជម្រុញរដ្ឋបាលតាលីបង់ “យើងមានសារតែមួយដូចដែលយើងបាននិងកំពុងថ្លែងតាំងពីដំបូង អំពីតម្រូវការក្នុងការធ្វើគោលនយោបាយយកចិត្តទុកដាក់លើស្ត្រី។អ្នកនាំពាក្យបានបន្ថែមថាលោក Griffiths នឹង “គូសបញ្ជាក់ថាការងារមនុស្សធម៌មិនអាចធ្វើទៅបានដោយគ្មានវត្តមានបុគ្គលិកជាស្ត្រីនោះទេ”។
ការធ្វើទស្សនៈកិច្ចរបស់លោក Griffiths ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុនដោយអគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Amina Mohammed ដែលបានក្រើនរំឭកដល់មន្ត្រីតាលីបង់នៅទីក្រុងកាប៊ុល និងទីក្រុង Kandahar ភាគខាងត្បូង ជុំវិញការ ដាក់កំហិតលើស្ត្រីទាក់ទងនឹងការងារ និងការអប់រំ។រដ្ឋមន្ត្រីការបរទេសស្តីទីអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi បាននិយាយថា លោកបានស្នើឱ្យ លោកGriffiths ប្រាប់សហគមន៍អន្តរជាតិនូវ “សមិទ្ធិផល និងឱកាស” របស់រដ្ឋបាលតាលីបង់ ដូចជាការលើកលែងទោសទូទៅដល់អតីតគូប្រជែង “ជំនួសឱ្យការទិទៀន និងបង្ហាញការខ្វះខាតមួយចំនួន”។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាហ្វហ្គានីស្ថានបានថ្លែងថាលោក Griffiths បានទទួលស្គាល់ថាសន្តិសុខក្នុងប្រទេសអាហ្វហ្គានីស្ថានមានភាពប្រសើរឡើង ចាប់តាំងពីក្រុមតាលីបង់ចូលកាន់តំណែង បន្ទាប់ពីកងទ័ពបរទេសបានដកចេញកាលពីឆ្នាំ 2021។ គ្មានរដ្ឋាភិបាលបរទេសណាមួយបានទទួលស្គាល់ជាផ្លូវការនូវរដ្ឋបាលរបស់ពួកតាលីបង់នោះទេ ចាប់តាំងពីក្រុមនេះបានដណ្តើមអំណាច ដោយអ្នកការទូតមួយចំនួនបាននិយាយថា ត្រូវតែផ្លាស់ប្តូរទាក់ទងនឹងការគោរពសិទ្ធិស្ត្រីជាមុនសិន។ ប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្មេងស្រី និងស្ត្រីភាគច្រើនដែលមានអាយុលើសពី 12 ឆ្នាំត្រូវបានហាមឃាត់មិនឱ្យចូលរៀន ឬហាមរៀននៅសាកលវិទ្យាល័យ។ ការដាក់ទណ្ឌកម្ម និងការកាត់បន្ថយជំនួយបានរួមចំណែកធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលបានធ្វើឱ្យប្រជាជនជាងពាក់កណ្តាលពឹងផ្អែកលើជំនួយមនុស្សធម៌៕
ប្រភព៖ រ៉យទ័រ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣