រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការងារភិវឌ្ឍន៍ជនបទនៅតែពុំទាន់ឆ្លើយតបបានសមស្របនៅឡើយ ទាំងផ្នែកបរិមាណ និងគុណភាព ទោះបីជាសង្គមស៊ីវិល និងអង្គការដែគូ ចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងសស្រាក់សស្រាំក៏ដោយ។ តែសង្គមស៊ីវិលយល់ថា ការមិនទាន់អាចឆ្លើយតបតាមតម្រូវការរបស់ពលរដ្ឋ ព្រោះខ្វះធាតុចូលពីប្រជាពលរដ្ឋ និងថវិកាសម្រាប់អភិវឌ្ឍន៍នៅមានកម្រិត។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការងារភិវឌ្ឍន៍ជនបទនៅតែពុំទាន់ឆ្លើយតបបានសមស្របនៅឡើយ ទាំងផ្នែកបរិមាណ និងគុណភាព ថ្វីត្បិតតែមានដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាច្រើនបាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសស្រាក់សស្រាំក៏ដោយ។
ការលើកឡើងរបស់រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើឡើងនៅថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៣នេះ ខណៈចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង នៅសណ្ឋាគារសុខាភ្នំពេញ។
លោកបន្ដថា រាជរដ្ឋាភិបាលបានធ្វើអន្តរាគមន៍ ទាំងផ្នែកសុខាភិបាល សង្គម និងសេដ្ឋកិច្ច សំដៅជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃនៃគ្រួសារក្រីក្រ ដែលភាគច្រើនជាកសិករ និងកម្មកររស់នៅតំបន់ជនបទ។
តែយ៉ាងណាសង្គមស៊ីវិលដែលធ្វើការជាមួយកសិករបានលើកឡើងថា កត្តាដែលនាំឱ្យការងារភិវឌ្ឍន៍ជនបទនៅតែពុំទាន់ឆ្លើយតបបានសមស្របនៅឡើយ ដោយសារតែដំណើរអភិវឌ្ឍន៍ខ្វះធាតុចូលពីប្រជាពលរដ្ឋ និងសង្គមស៊ីវិល។ លោក ថេង សាវឿន ប្រធានាសមាគមសម្ព័ន្ធសហគមន៍កសិករថ្លែងយ៉ាងដូច្នេះថា៖
ស្របពេលនៃការសង្កេតឃើញថាមានចំណុចខ្វះខាត លោកប្រធានសមាគមរូបនេះបានបបន្ថែមថា រដ្ឋាភិបាលគួរតែបើកចំហរនូវថវិកាជាតិ និងផែនការយុទ្ធសាស្ដ្រ ព្រមទាំងស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ និងជួយដល់ប្រជាពលរដ្ឋជនបទ។
ទោះបីបែននេះក្ដី ក្នុងផែនការឆ្នាំ២០២៣ លោករដ្ឋមន្ដ្រីបានអះអាងថា រាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ លើកការអភិវឌ្ឍន៍ជនបទតាមរយៈយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងបណ្តាគោលបំណងគោលនយោបាយអភិវឌ្ឍន៍ជនបទនានា។
បើតាមរបាយការណ៍ពីក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា កាលពីឆ្នាំ២០២១ អត្រាគ្របដណ្តប់ លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទ សម្រេចបានកើនឡើង រហូតដល់ជិត ៨០%។ សម្រាប់ឆ្នាំ២០២២វិញ លទ្ធផលសម្រេចបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទ បានបន្តកើនឡើងរហូតដល់ជាង ៨០% ខណៈការជំរុញកំណើន នៃអត្រាទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត កើនឡើងប្រមាណ ២% និងអនាម័យនៅតំបន់ជនបទ កើនឡើងប្រមាណ ១.៥% ជារៀងរាល់ឆ្នាំគិតចាប់ពីឆ្នាំ២០១៧៕