en     km
en     km

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ ផ្តើម​យុទ្ធនាការ​គាំទ្រ​ការ​អនុវត្ត​ច្បាប់​ពាក់មួក​សុវត្ថិភាព​

Share

​ភ្នំពេញ​៖​ ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​ច្បាប់​ពាក់មួក​សុវត្ថិភាព​ សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ខែមករា​ ដើមឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ​ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ បាន​ប្រារព្ធ​ពិធី​មួយ​នៅ​សាលា​បឋម​សិក្សា​ព្រែក​ឯង​ នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​នេះ​ ដោយ​មាន​មន្ត្រី​ពាក់ព័ន្ធ​ និង​អាណាព្យាបាល​សិស្ស​ចូលរួម​ប្រមាណ​៣០០​នាក់​។​
151209-Mao-Samnang-News-01_cover​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP)​ បាន​ប្រារព្ធ​ពិធី​ផ្តើម​យុទ្ធនាការ​គាំទ្រ​ការ​អនុវត្ត​ច្បាប់​ពាក់មួក​សុវត្ថិភាព​ សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ព្រមទាំង​កុមារ​ ក្នុង​គោលបំណង​គាំទ្រ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ពាក់មួក​សុវត្ថិភាព​ សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ខែមករា​ ដើមឆ្នាំ​ ២០១៦​។​

​ការ​ប្រារព្ធ​ពី​ធី​នេះ​ ធ្វើ​ឡើង​នៅ​សាលា​បឋម​សិក្សា​ព្រែក​ឯង​ ស្ថិត​នៅ​សង្កាត់​ព្រែក​ឯង​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ​ ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ ប្រជាពលរដ្ឋ​ មាតាបិតា​ អាណាព្យាបាល​សិស្ស​ និង​សិស្សានុសិស្ស​ជាង​ ៣០០​នាក់​។​

​យុទ្ធនាការ​របស់​អង្គការ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ AIP​ ក៏​លើកកម្ពស់​ការ​យល់​ដឹង​ និង​គាំទ្រ​ឱ្យ​កុមារ​ពាក់មួក​សុវត្ថិភាព​ ក្នុង​ពេល​ធ្វើ​ដំណើរ​ផង​ដែរ​ ដើម្បី​បង្ការ​ការ​រង​របួស​ក្បាល​ ការពារ​អាយុជីវិត​របស់​ពួក​គេ​ពី​គ្រោះថ្នាក់​ចរ​រា​ចរណ៍​។​

​លោកស្រី​ Mirjam​ Sidik​ នាយិកា​ប្រតិបត្តិ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ បាន​ថ្លែង​ថា​ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ និង​កុមារ​ដែល​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​ មាន​ចំនួន​តិចតួច​នៅឡើយ​។​ លោកស្រី​ថា​ ការ​ពាក់មួក​សុវត្ថិភាព​ បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​បាន​ ៦៩​ %​ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​បាន​ ៤២​ %​ នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។​

​លោកស្រី​ Mirjam​ Sidik​ បាន​និយាយ​ថា​ មុន​នឹង​ការ​អនុវត្ត​ច្បាប់​ពាក់មួក​សុវត្ថិភាព​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​ ០១​ ខែមករា​ ឆ្នាំ​ ២០១៦​ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ នឹង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​ច្បាប់​ពាក់មួក​សុវត្ថិភាព​នេះ​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​។​

​លោក​ ចក​ ច​ន្ថា​ មន្ត្រីជាន់ខ្ពស់​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​ (USAID)​ ប្រចាំ​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ការ​អនុវត្ត​ច្បាប់​ពាក់មួក​សុវត្ថិភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ព្រមទាំង​កុមារ​ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់​ជីវិត​បាន​យ៉ាងច្រើន​។​

​លោក​បាន​លើក​ឡើង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ អាច​បង្ករ​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​ និង​សុខុមាលភាព​សង្គម​កម្ពុជា​ ហើយ​ក្នុង​នោះ​ទៀត​សោត​ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​ជីវិត​ប្រជាជន​កម្ពុជា​ ០៦​ នាក់​ក្នុង​មួយ​ថ្ងៃៗ​ និង​រង​របួស​ជា​ច្រើន​នាក់​ ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំពោះ​អ្នក​ប្រើប្រាស់​ម៉ូតូ​ច្រើន​ជាងគេ​។​

​លោក​ ចក​ ច​ន្ថា​ បាន​សំណូមពរ​ ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ មាតាបិតា​ អាណាព្យាបាល​សិស្ស​ យកចិត្តទុកដាក់​និង​ប្រើប្រាស់​មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ប្រការ​ណាមួយ​ប៉ះពាល់​ដល់​ជីវិត​។​

​លោក​ ឈួ​ន​ វ៉​ន់​ អគ្គនាយករង​ដឹក​ជញ្ជូន​ និង​ជា​អគ្គលេខាធិការ​រង​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​មាន​ប្រសាសន៍​ថា​ ក្នុង​ឆ្នាំ​ ២០១៤​ កន្លង​ទៅ​ គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់​បាត់បង់​ជីវិត​ ២២០០​ នាក់​ ហើយ​ការ​បង្កើត​ច្បាប់​ពាក់មួក​សុវត្ថិភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ដែល​រដ្ឋាភិបាល​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ដើមឆ្នាំ​ ២០១៦​ ខាង​មុខ​ គឺជា​ការ​ចូលរួម​ចំណែក​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។​

​លោក​ ឈួ​ន​ វ៉​ន់​ បាន​បន្ត​ទៀត​ថា​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ រាល់​ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ត្រូវ​ចាប់ផ្តើម​ពាក់​មួយ​សុវត្ថិភាព​ទាំងអស់​គ្នា​ ចៀសវាង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ល្អ​។​

​លោក​ ឈួ​ន​ វ៉​ន់​ បាន​លើក​ឡើង​ថា​ ច្បាប់​ពាក់មួក​សុវត្ថិភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ នឹង​ផាកពិន័យ​ចំពោះ​អ្នក​មិន​ពាក់​មួយ​សុវត្ថិភាព​ក្នុង​ពេល​បើកបរ​ចំនួន​ ១៥.០០០​ រៀល​ក្នុង​ម្នាក់​ ដែល​ផ្ទុយ​ពី​ច្បាប់​ចរាចរណ៍​ចាស់​ពិន័យ​ស​ត្រឹម​ ៣០០០​ រៀល​។​ ការ​ផាកពិន័យ​នេះ​ ក្នុង​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ បង្កើន​ការ​យកចិត្តទុកដាក់​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​បើកបរ​។​

​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP)​ នា​ពេល​ថ្មីៗ​នេះ​ បានឱ្យ​ដឹង​ថា​ ប្រសិនបើ​ច្បាប់​ពាក់​មួយ​សុវត្ថិភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ ប្រទេស​កម្ពុជា​នឹង​អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​បាន​ ៥៦១​ នាក់​ ការពារ​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​បាន​ចំនួន​ជាង​ ១​ម៉ឺន​នាក់​ពី​ការ​រង​របួស​ក្បាល​ និង​សន្សំ​ថវិកាជាតិ​បាន​ចំនួន​ជាង​ ៩៨​ លាន​ដុល្លារ​អា​មេ​រិ​ក​គិត​ត្រឹម​ឆ្នាំ​ ២០២០៕

Share

Image
Image
Image