en     km
en     km

បាត់ដំបង៖អ្នកពាក់ព័ន្ធរៀបចំពិធីដាំកូនឈើនិងលែងកូនត្រីនៅ«ទេសចរណ៍បៃតងសហគមន៍ខ្ញុំ»

Share

ខេត្តបាត់ដំបង៖ មន្រ្តីក្រសួងមហាផ្ទៃ មន្រ្តីមន្ទីរអប់រំ មន្រ្តីមន្ទីរបរិស្ថាន មន្ត្រីមន្ទីរធនធានទឹក មន្ត្រីមន្ទីរសាធារណៈការ មន្រ្តីមន្ទីររុក្ខប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរខេត្តបាត់ដំបង ប្រជាសហគមន៍ និងក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ សរុបប្រមាណ ២០០នាក់ បានរៀបចំពិធីប្រគល់ទទួល-ដាំកូនឈើ១២០០ដើម និងលែងកូនត្រី នៅទេសចរណ៍បៃតងសហគមន៍ខ្ញុំកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
សកម្មភាពដាំកូនឈើ។
ពិធីដាំកូនឈើដែលធ្វើឡើងនៅអាងទឹកបាដាក ស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មានគោលបំណងលើកកម្ពស់ទេសចរណ៍ក្នុងសហគមន៍ ផ្សព្វផ្សាយការដាំនិងបណ្តុះកូនឈើ ការចិញ្ចឹមត្រី ពិសេសលើកទឹកចិត្តដល់ពលរដ្ឋ យុវជន ចូលរួមថែរក្សាបរិស្ថានដើម្បីភាពល្អប្រសើរក្នុងសហគមន៍ សង្គមជាតិ។
ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ លើកឡើងដោយរំពឹងថា ដំណើរការដាំកូនឈើនេះ នឹងក្លាយជាផ្នែកមួយសម្រាប់កែប្រែតំបន់អាងទឹកបាដាកមួយនេះ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍សហគមន៍ដែលមានរុក្ខជាតិស្រស់បំព្រាងនិងមានខ្យល់អាកាសបរិសុទ្ធ។ មួយទៀតដែល តាមរយៈកម្មវិធីនេះ យុវជនក៏អាចបណ្តុះនិស្ស័យនិងមានឆន្ទៈស្រលាញ់ថែរក្សាបរិស្ថាន និងជួយកែប្រែជីវភាពប្រជាសហគមន៍តាមរយៈចំណូលពីតំបន់ទេសចរណ៍នោះផងដែរ។
ពិធីប្រគល់និងដាំកូនឈើ។
ក្នុងឱកាលនោះដែរ លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលឃុំតាប៉ុន បានថ្លែងថា លោកមានក្តីរីករាយនិងការសប្បាយចិត្តនូវពេលបានឃើញយុវជនចេះរួមសាមគ្គីគ្នា និងចេះជួយគ្នាទៅវិញទៅទៅមក ដើម្បីឱ្យសហគមន៍កាន់តែមានភាពល្អប្រសើររីកចម្រើនទៅមុខ។
តាមរយៈកម្មវិធីនេះ លោកស្រី សឿម យាប់ មេឃុំតាប៉ុន បានឲ្យដឹងថា អ្នកស្រីសប្បាយរីករាយដែលមានក្រុមយុវជនចេះសហការសាមគ្គីគ្នា នាំយកកូនឈើមកដាំនៅតំបន់តាប៉ុននេះ។ លោកស្រីបន្តថា ការដាំកូនឈើនេះ នឹងធ្វើឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ និងដឹងថាដើមឈើមានសារៈសំខាន់សម្រាប់សហគមន៍ក៏ដូចជាប្រជាជនទូទៅផងដែរ។ ជាចុងក្រោយ លោកស្រីមេឃុំតាប៉ុន សូមផ្ដាំផ្ញើទៅកាន់យុវជន និងអាជ្ញាធរមូលដ្ឋានត្រូវចេះចូលរួមថែរក្សា ការពារ ដើម្បីជាផលដល់សហគមន៍នាពេលអនាគត។
អាជ្ញាធរគ្របគ្រង់មូលដ្ឋានបានចូលរួមកម្មវិធីនេះ។
ដោយឡែកលោក ក្រៀល ប្រម ជាពលរដ្ឋម្នាក់ដែលបានចូលរួមកម្មវិធីនេះលើកឡើងថា ការដាំកូនឈើនេះនឹងក្លាយជាកេ្តរិ៍តំណែលដល់កូនចៅជំនាន់ក្រោយ ហើយលោកសប្បាយរីករាយនូវពេលបានឃើញក្រុមយុវជនចេះជួយគ្នារៀបចំសកម្មភាពនេះឡើង។
ចំណែកលោក សន ដាសាន់ យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំយល់ឃើញថា ក្នុងនាមជាយុវជនគប្បីស្គាល់ពីតួនាទីរបស់ខ្លួន ដើម្បីជួយដល់សហគមន៍ដែលខ្លួនរស់នៅទាំងអស់គ្នា ដោយមិនត្រូវចំណាយពេលជាមួយរឿងរ៉ាវគ្មានប្រយោជន៍ច្រើនពេក។ជាងនេះយុវជន ដាសាន់ លើកទឹកចិត្តដល់យុវជនទាំងអស់ត្រូវ ចេះកសាងនូវស្នាដៃ ដើម្បីបន្សល់ទុកនិងធ្វើជាគំរូល្អដល់អ្នកជំនាន់ក្រោយ។
អត្ថបទខ្លីនេះសរសេរដោយ សន ដាសាន់ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។

Share

ព័ត៌មានទាក់ទង

Image