en     km
en     km

សម្តេច ហ៊ុន សែន ឆ្លើយតបអ្នករិះគន់ការអប់រំថា ពួកគេក៏ជាអ្នកទទួលការអប់រំនៅកម្ពុជាដែរ

Share

ថ្លែងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងអប់រំទាំងចាស់ និងថ្មី និងមាននិស្សិតដែលបញ្ចប់ការសិក្សាជិត៧ពាន់នាក់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឆ្លើយតបទៅអ្នករិះគន់វិស័យអប់រំនៅកម្ពុជា ដោយអះអាងថា ពួកគេក៏ជាអ្នកទទួលការអប់រំនៅកម្ពុជាដែរ ប៉ុន្តែបែរជាមើលស្រាលគុណភាព អប់រំរបស់កម្ពុជាទៅវិញ។ ទោះយ៉ាងណា មេដឹកនាំកម្ពុជាទទួលស្គាល់ថា កន្លងមកខ្លួនពិតជាបានបើកឱ្យគ្រូអាចបង្រៀនគួរក្រៅម៉ោងសិក្សាបាន។ លោក គីម ចាន់ចាវ រាយការណ៍

 

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលកំពុងបង្ហាញមោទកភាពចំពោះការវិវត្តន៍វិស័យអប់រំនៅកម្ពុជា បានព្រលយសារទៅកាន់អ្នករិះគន់វិស័យអប់រំនេះ ដោយបញ្ជាក់ថា អ្នករិះគន់ទាំងនោះរិះគន់ទាំងដែលខ្លាចនាយករដ្ឋមន្ត្រីលើកឡើងអំពីការវិវត្តន៍របស់វិស័យអប់រំចាប់តាំងពីការបង្រៀនក្រោមដំបូលសាលាលិចទឹក រហូតដល់មានអគារសាលារៀនល្អៗដូចបច្ចុប្បន្ននេះ។ សម្តេច ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

«អ្នកខ្លះខ្លាចណាស់នៅក្នុងការដែលយើងរំលឹកអំពីអតីតកាលរបស់កម្ពុជា។ ជួនកាលពួកគេបានចេះដឹងនៅក្រោមដំបូលសាលាធ្លុះធ្លាយ បានសិក្សានៅក្រោមសាលាដែលយើងបានខិតខំកសាង បានទទួលការបណ្ដុះបណ្ដាល ពីគ្រូរបស់យើង ដែលបានខិតខំរួមគ្នា។ ប៉ុន្តែផ្ទុយទៅវិញ គេបែរចាត់ទុកថា គេបែរជាមើលស្រាលគុណភាព មើលស្រាលនូវការអប់រំរបស់កម្ពុជាទៅវិញ»

បើទោះបីជាការអប់រំនៅកម្ពុជាមានការវិវឌ្ឍន៍ជាបន្តបន្ទាប់ក្ដី ក៏ប៉ុន្តែគុណភាពអប់រំត្រូវបានគេចាត់ទុកជាទៅថានៅមានកម្រិតនូវឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកនយោបាយ អ្នកវិភាគសង្គម និងរួមទាំងនាយករដ្ឋមន្ត្រីផងដែរ។ ប៉ុន្តែថ្មីៗនេះ មានការលើកឡើងរិះគន់ច្រើនជាពិសេសនៅក្នុងបណ្ដាញសង្គម និងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលផង អំពីការណ៍ដែលអនុញ្ញាតឱ្យគ្រូអាចបើកបង្រៀនគួរក្រៅម៉ៅង។ ពួកគេបានសរសរសារ និងចែករំលែក(Share) នូវឃ្លាដែលក្នុងខ្លឹមសារដើមថា«សូមក្រសួងអប់រំ! មេត្តាជួយប្រាប់មន្ត្រីថ្នាក់ក្រោម កាត់បន្ថយរៀនគួរផង យកមុខវិជ្ជារៀនគួរមកដាក់ម៉ោងរៀនរដ្ឋវិញទៅ អាណិតកូនអ្នកក្រផង ព្រោះប្រាក់ខែគ្រូសម័យឥលូវ បើខ្ញុំដឹងប្រសើរជាងមុន»

ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Chansoda Bora បានសរសរថា «មែនហើយ ដាក់សម្ពាធសិស្សពេលគ្នាមិនរៀនគួរ

សម្ពាធជីវភាពផង ម៉ោងរៀនរដ្ឋអត់សូវយកចិត្តទុកដាក់ បើមានការយោគយល់ដល់សិស្សក្រីក្រឬស្មារតីដើម្បីសិស្សទាំងមូលក្នុងថ្នាក់ គួរពង្រឹងក្នុងម៉ោងរដ្ឋឲ្យល្អ ហើយម៉ោងគួរកុំបង្ខំឬដាក់សម្ពាធសិស្សពេលគ្នាមិនរៀនដោយមូលហេតុជីវភាព»

ចំណែកគណនីមួយទៀត ឈ្មោះ បញ្ញា ម៉ូលីតា យល់ថាការបើកឱ្យមានការបង្រៀនគួរក្រៅម៉ោងសិក្សាច្រើនអាចធ្វើឱ្យក្មេងពិបាកក្នុងបែងចែកពេលសិក្សា ត្បិតត្រូវរៀនគួរផង និងត្រូវរៀនរដ្ឋផង។ អ្នកលេងបណ្ដាញសង្គមនេះ បានសរសេរក្នុងទម្រង់ដើមថា«ចំណែក រៀននោះរៀន ក្មេងរកពេលសម្រាក់មិនឃើញទេព្រោះតេរៀនគួរនឹង»

លើបញ្ហានេះ នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងអប់រំ និងសាស្ត្រាចារ្យជាច្រើននាក់ សម្តេច ហ៊ុន សែន ទទួលស្គាល់ថាខ្លួនពិតបានបើកឱកាសឱ្យគ្រូបង្រៀនអាចបើកបង្រៀនគួរក្រៅម៉ោងបាន ដែលបានកំណត់ក្នុងសៀវភៅមួយមានចំណងជើងថា «១០ឆ្នាំនៃដំណើរកម្ពុជា»។

«ខ្ញុំបើកឱកាសឱ្យគ្រូមានលទ្ធភាពបង្រៀនគួរសម្រាប់សិស្ស ក៏ប៉ុន្តែក្នុងឃ្លោងឃ្លានៅទីនោះ ក៏បានបញ្ជាក់ថា សូមលោកគ្រូអ្នកគ្រូលើកលែងដល់សិស្សដែលគ្មានប្រាក់បង់។ នេះដំណាក់កាលរបស់យើងវាឆ្លងកាត់បែបនេះ»

ក្នុងនាមជាមេដឹកនាំកំពូលនៅកម្ពុជា សម្ដេចហ៊ុន សែន បានចាត់ទុកការអប់រំជាវិស័យអាទិភាព ដោយបញ្ជាក់ថា «គ្មានធនធានមនុស្ស យើងមិនអាចធ្វើអ្វីបានទេ ដូច្នេះយើងត្រូវផ្ដល់តម្លៃដល់ការអភិវឌ្ឍធនធានមនុស្ស»។

របាយការណ៍ មួយដែលចេញដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កាលពីអំឡុងឆ្នាំ២០១៧នៅតែបន្តផ្តល់ពិន្ទុកម្រិតទាបដល់កម្ពុជាទៅលើការអប់រំ និងការបណ្តុះបណ្តាលពលរដ្ឋរបស់ខ្លួន ក្នុងការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយសមត្ថភាពប្រកួតប្រជែង និងការប្រើប្រាស់ជំនាញប្រកបដោយផលិតភាព ដោយផ្តល់ចំណាត់ថ្នាក់អន់បំផុតនៅអាស៊ាន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ៕

Share

ព័ត៌មានទាក់ទង

Image