en     km
en     km

មនុស្សយ៉ាងហោចណាស់៥០០នាក់ ត្រូវជម្លៀសចេញភ្លាមៗ ក្រោយមានអគ្គិភ័យឆាបឆេះនៅភាគខាងត្បូងទីក្រុងសេអ៊ូល

Share

 

អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃសុក្រ ទី២០ ខែមករានេះថា មនុស្សជាង ៥០០នាក់ ត្រូវជម្លៀសចេញពីទីកន្លែងស្នាក់នៅភ្លាមៗ និងផ្ទះជាង​៦០ខ្នង ត្រូវបំផ្លាញខ្ទេចខ្ទី បន្ទាប់ពីមានអគ្គីភ័យឆាបឆេះនៅក្នុងភូមិមួយក្នុងរដ្ឋធានីសេអ៊ូលប្រទេសកូរ៉េខាងត្បូង​។

(កញ្ញា កែវ សុជាតា ជូននូវសេចក្តីរាយការណ៍)

មន្ត្រីពន្លត់អគ្គីភ័យកូរ៉េខាងត្បូងបានប្រាប់សារព័ត៌មាន Reuters ថា ករណីគ្រោះអគ្គីភ័យនេះ កើតឡើងនៅម៉ោងជាង៦ព្រឹក ថ្ងៃ២០ មករា នៅក្នុងភូមិ Guryong ភាគខាងត្បូងនៃទីក្រុងសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូង។ ហេតុការណ៍នេះ បានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋជាង ៦០ខ្នង និងបណ្តាលឱ្យប្រជាជនមានការជម្លៀសប្រជាពលរដ្ឋរាប់រយគ្រួសារទៅកាន់ទីសុវត្ថិភាពភ្លាមៗ។

យ៉ាងណាមិញ អណ្តាតភ្លើងដ៏សន្ធោរសន្ធៅនេះ ត្រូវបានពន្លត់នៅប៉ុន្មាន៥ម៉ោងក្រោយ ដោយមានការចូលរួមអន្តរាគមន៍ពីមន្រ្តីប៉ូលីស និងអ្នកពន្លត់អគ្គីភ័យជាង ៦០០នាក់ ព្រមទាំងឧទ្ធម្ភាគចក្រចំនួន១០គ្រឿង។ តាមទិន្នន័យបឋមរបស់មន្រ្តីកូរ៉េខាងត្បូងបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិន​ទាន់រកឃើញ​អ្នក​ស្លាប់ ​និងអ្នក​រងរបួសក្នុងហេតុការណ៍នេះនៅឡើយទេ​។

អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយថា ដ្បិតលោកប្រធានាធិបតីកំពុងជាប់ប្រជុំក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសក្តី ក៏ប៉ុន្តែលោកបានអំពាវនាវពីចម្ងាយឱ្យបណ្តាមន្រ្តីដែលជាប់ពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីកាត់បន្ថយការខូចខាត ជាពិសេសបញ្ជូនអ្នកពន្លត់អគ្គីភ័យ និងផ្គត់ផ្គង់នូវរាល់ឧបករណ៍ទាំងអស់ដែលចាំបាច់ប្រើប្រាស់ក្នុងករណីនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Lee Sang-min ក៏បានណែនាំដល់មន្ត្រីជាប់ពាក់ព័ន្ធឱ្យការពារប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះដូចគ្នា។

សូមបញ្ជាក់ថា ភូមិ Guryong នេះ គឺជាតំបន់អនាធិបតេយ្យមួយ ដែលស្ថិតនៅជិតស្រុក Gangnam។ តួយ៉ាង តំបន់នេះងាយនឹងកើតមានគ្រោះអគ្គីភ័យ ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត ដោយសារផ្ទះជាច្រើនរបស់ប្រជាពលរដ្ឋសាងសង់ ដោយប្រើក្រដាសកាតុង និងឈើ។

ទោះបីជាយ៉ាងនេះក្តី​ កាលពីចុងឆ្នាំ២០១៤ រដ្ឋាភិបាលបានបង្ហាញផែនការសម្រាប់ការអភិវឌ្ឍឡើងវិញ និងការផ្លាស់ប្តូរទីតាំងសម្រាប់ប្រជាពលរដ្ឋ បន្ទាប់ពីមានភ្លើងឆាបឆេះដ៏ធំសម្បើមមួយក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង។ ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនោះមានការរីកចម្រើនតិចតួចបំផុត ដោយសារចំពេលមានជម្លោះដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍រវាងម្ចាស់ដី អ្នកស្រុក និងអាជ្ញាធរ៕

ប្រភព៖ Reuters ចុះថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣

Share

Image
Image
Image