en     km
en     km

គណបក្សភ្លើងទៀន គាំទ្រជំហរបក្សកាន់អំណាច ដែលទាមទារភាពស្អាតស្អំ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសនយោបាយ

Share

មួយថ្ងៃ ក្រោយការលើកឡើងរបស់សម្តេចហ៊ុន សែន មេបក្សកាន់អំណាច គណបក្ស ភ្លើងទៀន សម្រេច លុបសេចក្តីថ្លែងការណ៍របស់ខ្លួនចេញពីទំព័រលើហ្វេសប៊ុកផ្លូវការ។ ជាសេចក្តីថ្លែងការណ៍ ដែលបក្សកាន់អំណាច មើលឃើញ ថាជាការចោទប្រកាន់លើខ្លួន ដោយមិនមានមូលដ្ឋាន ហើយព្រមានឱ្យគណបក្សប្រឆាំងនេះសុំទោស បើពុំនោះទេនឹងប្ដឹងតាមច្បាប់។ លោក គីម ចាន់ចាវរាយការណ៍

 

គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងលេចធ្លោមួយសម្រាប់ការត្រៀមបោះឆ្នោតថ្នាក់ជាតិ ខែកក្កដា ឆ្នាំ២០២៣នេះ បានសម្រេចលុបសេចក្តីថ្លែងការណ៍របស់ខ្លួនចេញពីផេកហ្វេសប៊ុកផ្លូវការហើយនៅថ្ងៃទី២០ ខែមករានេះ ក្រោយពីមេបក្សកាន់អំណាច ប្រាប់ឲ្យមេធាវីគណបក្សប្រជាជនសិក្សាដើម្បីប្តឹងប្រសិនបើគណបក្សភ្លើងទៀនមិនព្រមដកចេញទេនោះ។ មិនត្រឹមតែលុបសេចក្ដីថ្លែងការណ៍ដែលគេយល់ថាជាការបង្កអរិភាពនោះចេញប៉ុណ្ណោះទេ ប៉ុន្តែគណបក្សភ្លើងទៀន ថែមទាំងបានចេញសេចក្ដីថ្លែងការណ៍ថ្មីមួយទៀត នៅថ្ងៃទី២០ ខែមករានេះ ដោយអបអរសាទរ សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលបញ្ជាក់ពីភាពស្អាតស្អំ ត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូររបស់គណបក្សកាន់អំណាច។

 

សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនកាលពីថ្ងៃទី១៨ ខែមករា ដែលនាំឱ្យមានការទើសទាល់ពីមេបក្សកាន់អំណាចនេះ គឺជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ដែលធ្វើឡើងក្រោយពីការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ នៅក្នុងសេចក្តីថ្លែងការណ៍មាន៣ចំណុចខ្លីៗនោះ ចំណុចទី១ ត្រូវបានប្រតិកម្មធ្ងន់ៗពី សម្ដេច ហ៊ុន សែន មេបក្សកាន់អំណាច ដោយសេចក្តីថ្លែងការណ៍សរសេរថា«គណបក្សភ្លើងទៀន ប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច ដោយទាមទារឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់»។

 

ជាថ្មីម្ដងទៀត គណបក្សភ្លើងទៀន ក្នុងនាមបក្សប្រឆាំងធំជាងគេ នៅថ្ងៃនេះបានបង្ហាញនូវជំហរគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការពង្រឹងបរិយាកាសនយោបាយឱ្យបានល្អប្រសើរ សំដៅធានាឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

 

ស្ថានការណ៍នយោបាយ ដែលមានភាពតានតឹង ក្នុងដំណាក់កាលចុងក្រោយនេះ គណបក្សភ្លើងទៀន ក៏បានបង្ហាញសញ្ញាស្វះស្វែងរកកិច្ចសន្ទនាជាមួយគណបក្សកាន់អំណាចផងដែរ ប៉ុន្តែគណបក្សកាន់អំណាចបញ្ជាក់ថាមិនមានភាពចាំបាច់ក្នុងការចរចា ជាជាងការប្រើយន្តការច្បាប់នោះឡើយ៕

 

Share

Image
Image
Image