en     km
en     km

សម្តេច ហ៊ុន សែន ប្រកាសលើកលែងទោសឱ្យលោក ហូរ វ៉ាន់ តែបន្តព្រមានក្រុម ប្រឆំាងឱ្យចាកចេញ​ ពីលោក សម រង្ស៊ី

Share

សម្ដេច ហ៊ុន សែន មេបក្សកាន់អំណាចដែលជាអ្នកផ្ដួចផ្ដើមការប្ដឹងផ្ដល់កន្លងមក នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានហៅលោក ហូរ វ៉ាន់ ឲ្យវិលចូលស្រុកវិញ ដោយសម្ដេចលើកលែងទោសឲ្យថែមទៀត តែមេបក្សកាន់អំណាចរូបនេះ បានណែនាំ កុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម។

លោក គីម ចាន់ចាវ រាយការណ៍

 

 

ក្រុមជ្រុលនិយមនេះ គឺមេបក្សកាន់អំណាចចង់សំដៅទៅលើក្រុមបក្សប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ ដែលភាគច្រើនកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

សម្តេចហ៊ុន សែន ហៅលោក ហូរ វ៉ាន់ ឱ្យវិលចូលស្រុកដោយសន្តិភាពបែបនេះ ពេលចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» និងសំណេះសំណាលជាមួយក្រុមការងារសាងសង់ ដោយអះអាងថា សេចក្ដីត្រូវការរបស់ខ្លួន គឺកម្ចាត់តែអ្នកដឹកនាំជ្រុលនិយមតែម្នាក់ប៉ុណ្ណោះ ដែលគេស្គាល់ច្បាស់ថាជាលោកសម រង្ស៊ី ក្រៅពីនោះផ្ដាច់ខ្លួនមកមេបក្សកាន់អំណាចរូបនេះ នឹងលើកលែងទោសឲ្យ។

«អាវ៉ាន់ អញផ្ដាំទៅអើយមកស្រុកមក ហែងទៅតាមគេធ្វើអី ​មកអញលើកលែងទោសឲ្យឲ្យតែឯងចង់មក។ ព្រោះសេចក្ដីត្រូវការរបស់ខ្ញុំ ខ្ញុំកម្ចាត់តែអាចអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់ទេ ក្រៅពីនោះផ្ដាច់ខ្លួនចេញមកលើកលែងទោសឲ្យ និយាយគ្នាឲ្យច្បាស់អញ្ចឹង»

តុលាការសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញ ជុំវិញការកាត់ទោស លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក គង់ សុភា និងលោក សេង ម៉េងប៉ុនរ៉ុង ជាសមាជិកក្រុមប្រឆាំង ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ៤លានរៀល ក្នុងសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខ ជុំវិញការរៀបចំបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ពាក់ព័ន្ធនឹងករណីញុះញង់នៅព្រំដែន។

ទន្ទឹមនឹងនេះ ក្នុងសំណុំរឿងញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្ដិសុខសង្គមដដែលនេះ សាលាឧទ្ធរណ៍ ក៏បានតម្កល់សេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ បានកាត់ទោសសកម្មជន១០រូបផ្សេងទៀត ឲ្យជាប់ពន្ធនាគារពី២០ខែ ទៅ២ឆ្នាំ និងពិន័យប្រាក់៥០០ដុល្លារ ប៉ុន្តែពួកគេត្រូវបានព្យួរទោសមួយចំនួន។ ដោយឡែកសម្រាប់ លោក ហុង លីម តំណាងរាស្ត្រខ្មែរនៅអូស្ដ្រាលី ត្រូវបានតុលាការសម្រេចឲ្យរួចផុតពីបទចោទប្រកាន់។ លោក ​អ៊ូ ច័ន្ទ​រ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា ដែលជាអតីតមន្ត្រីបក្សប្រឆាំង បានសាទរចំពោះការសម្រាលស្ថានការណ៍ចំពោះលោក ហូរ វ៉ាន់ ត្បិតអ្នកនយោបាយជើងចាស់រូបនេះមិនមានកំហុសធ្ងន់ធ្ងរឡើយ។

«ខ្ញុំអបអរសាទរប្រសិនជាមានការលើកលែងទោសមែន ហើយជាការយោគយល់ព្រោះឯកឧត្តម ហូរ វ៉ាន់ លោកចាស់ហើយ។ ម្យ៉ាងការរស់នៅក្រៅប្រទេសបែកបាក់គ្រួសារ វាអនោចអធ័មចំពោះអ្នកមានវ័យជរាអញ្ចឹងហា៎។ ហើយខ្ញុំយល់ថាមិនមានកំហុសអីធំដំ រហូតដល់លើកលែងទោសមិនបានទេ វាជាក្ដីសន្ដោសរបស់សម្តេចនាយករដ្ឋមន្ត្រីផង។ តែការគំរាមកំហែងមួយរយៈចុងក្រោយនេះ ម៉ារយៈក្រោយនេះ វាជារឿងមួយដែល ធ្វើឱ្យមតិជាតិនិងអន្តរជាតិយល់ថាជាការគំរាមកំហែងផ្នែកនយោបាយច្រើនជាង»។

សម្ដេច បានព្រមានក្រុមប្រឆាំង ដែលខ្លួនចាត់ទុកជាក្រុមជ្រុលនិយម នៅក្រៅប្រទេស នៅពេលធ្វើសកម្មភាពអ្វីផ្សេងៗ ត្រូវប្រយ័ត្នប្រយែង ព្រោះមេបក្សកាន់អំណាចរូបនេះបានតាមដានដឹងគ្រប់សកម្មភាពទាំងអស់។ ទន្ទឹមនេះ ក៏បានរំលឹកដល់អ្នកដែលតែងជេររិះគន់ខ្លួនតាមបណ្ដាញសង្គម ឲ្យប្រុងប្រយ័ត្នខ្លួន ប្រសិនបើនៅក្នុងប្រទេសនោះ អាចនឹងរងនូវទោសទណ្ឌ ប្រាប់ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកបច្ចេកវិទ្យា ត្រូវពិនិត្យតាមដានរឿងនេះ។

«មានអាមួយនោះឈ្មោះស្អីនោះ វាអត់ដាក់ឈ្មោះចំទេ។ អ្ហែងប្រយ័ត្នហា៎ បើថាអ្ហែងនៅក្នុងប្រទេសអ្ហែងរត់អត់រួចទេ អញប្រាប់ឱ្យហើយអារឿងលួចចូលមកជេរក្នុងហ្វេសប៊ុក។ ហើយនគរបាលត្រូវមើលអាហ្នឹង មើលឱ្យលឿងរហ័សបន្ដិច ខាងផ្នែកនគរបាលដែលទទួលអាហ្នឹង ទទួលអាបច្ចេកវិទ្យានេះ។ អាចូលមកជេរក្នុងហ្វេសប៊ុកហ្នឹង ដើម្បីឱ្យវាដឹងថាអាហ្នឹងវានៅក្នុងប្រទេស ឬនៅក្រៅប្រទេស។ ហើយបើនៅក្រៅប្រទេស ក្រុមគ្រួសារវានៅក្នុងប្រទេសជានរណា ដើម្បីទៅណែនាំឪពុកម្ដាយបងប្អូនឱ្យជួយទៅណែនាំវាផង»។

លើបញ្ហានេះ លោក​ អ៊ូ ច័ន្ទ​រ័ត្ន យល់ថា គណបក្សនយោបាយនីមួយៗមានគោលនយោបាយរៀងៗខ្លួន ហើយក្នុងសង្គមប្រជាធិបតេយ្យ ចៀសមិនរួចពីការរិះគន់នោះឡើយ ប៉ុន្តែលោកទាមទារឱ្យការរិះគន់ត្រូវមានមូលដ្ឋានច្បាស់លាស់ ចៀសវាងការចោទប្រកាន់ លាមពណ៌ និងជេរប្រមាថ។

«ជាទូទៅខ្ញុំសង្កេតឃើញការរិះគន់ខ្លះ ហាក់ដូចជាគ្រាន់តែជាការលាភពណ៌ ការវាយប្រហារអីជាដើម ហាក់ដូចជាសំដៅទៅរកបុគ្គលជា។ កន្លែងខ្លះយើងមើលឃើញថាវា គួរតែមានការសម្របសម្រួលមានការកែប្រែឥរិយាបថនយោបាយអីច្រើន។ ជួនកាលការប្រើប្រាស់សារបែបហិង្សា បែបជេរប្រមាថ បែបលាភពណ៌ ដោយគ្មានមូលដ្ឋានអីហ្នឹងវាមិនមែនជាដំណោះស្រាយទេ រួមទាំងការបំពានចាត់វិធានការអីផ្សេងៗហ្នឹងក៏មិនមែនជាវិធានការដែលអាចដោះស្រាយហើយអាចបញ្ចប់ជម្លោះបែបហ្នឹងហា៎»៕

 

Share

ព័ត៌មានទាក់ទង

Image