en     km
en     km

មន្ដ្រីនាំពាក្យក្រសួងព័ត៌មានអំពាវនាវឱ្យបក្សភ្លើងទៀនពិនិត្យមើលផ្ទៃក្នុងខ្លួន ក្រោយចេញផ្សាយព័ត៌មានច្របូកច្របល់

Share

មន្ដ្រីនាំពាក្យក្រសួងព័ត៌មានអំពាវនាវឱ្យបក្សភ្លើងទៀនពិនិត្យមើលផ្ទៃក្នុងខ្លួន ក្រោយចេញផ្សាយព័ត៌មានច្របូកច្របល់ ធ្វើឱ្យភ្នាក់ងារក្រសួងព័ត៌មានទទួលបានព័ត៌មានមិនត្រឹមត្រូវ ហើយចេញផ្សព្វផ្សាយរហូតមានការបដិសេធពីគណបក្សភ្លើងទៀនវិញ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវឱ្យគណបក្សភ្លើងទៀនពិនិត្យមើលផ្ទៃក្នុងរបស់ខ្លួនឡើងវិញ ដែលហាក់ដូចជាកំពុងបែកបាក់ជាច្រើនក្រុម នាំឱ្យការចេញផ្សាយព័ត៌មានគ្មានការឯកភាពគ្នា ធ្វើឱ្យមានភាពច្របូកច្របល់។​ ការអំពាវនាវនេះ ចេញថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣ ក្រោយគណបក្សភ្លើងទៀនបានចេញបដិសេធ ចំពោះសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលក្រសួងព័ត៌មានបានយកទៅចុះផ្សាយហើយដាក់ចំណងជើងថា គណបក្សភ្លើងទៀន បានប្រកាសថា ការឃុំខ្លួន និងចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជារឿងត្រឹមត្រូវតាមនីតិវិធីច្បាប់នៅកម្ពុជា មិនពាក់ព័ន្ធរឿងនយោបាយទេ។

បញ្ហាចម្រូងចម្រាស់ជុំវិញការចេញសេចក្ដីថ្លែងការណ៍នេះ ក្រសួងព័ត៌មានបានឱ្យដឹងថា ភ្នាក់ងារក្រសួងទទួលបានពីមន្ដ្រីជាន់ខ្ពស់មួយរូបនៃគណបក្សភ្លើងទៀន តែមិនបានបញ្ចេញឈ្មោះនោះទេ ជាអ្នកផ្ញើឱ្យហើយថែមទាំងមានសញ្ញាសម្គាល់គណបក្សភ្លើងទៀន និងមានបោះត្រាគណបក្សទៀតផង។

ចំពោះការផ្សព្វផ្សាយព័ត៌មានដែលមានចំណងជើងដូចខាងលើ ដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងព័ត៌មាន គណបក្សភ្លើងទៀនបានបង្ហាញថាជាសេចក្ដីថ្លែងការណ៍ក្លែងក្លាយ បង្កើតឡើងដោយជនខិលខូច ក្នុងចេតនាទុច្ចរិត ដើម្បីបង្កការភាន់ច្រឡំដល់សាធារណជន មកលើគណបក្សភ្លើងទៀន។

បន្ថែមពីនេះ គណបក្សដែលមានមន្ដ្រីជាន់ខ្ពស់របស់ខ្លួនកំពុងជាប់ក្ដីក្ដាំងនៅតុលា បានសម្ដែងការសោកស្ដាយ ដែលក្រសួងព័ត៌មានបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននូវព័ត៌មានប្រឌិត ដែលជាព័ត៌មានបំពុលសង្គម អាចធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ និងអស់ជំនឿទៅលើក្រសួងព័ត៌មាន ដែលជាស្ថាប័នព័ត៌មានកំពូលរបស់ជាតិ។

យ៉ាងណាក្រៅពីអំពាវនាវដល់បក្សប្រកួតប្រជែងនិងបក្សកាន់អំណាច ក្រសួងព័ត៌មានបញ្ជាក់ថា ក្រសួងតែងតែយកចិត្តទុកដាក់ខ្ពស់លើការផ្សាយព័ត៌មានពិត និងប្រឆាំងគ្រប់សកម្មភាពក្នុងការផ្សាយព័ត៌មានមិនពិត ឬក្លែងក្លាយ។ ទោះបីបែបនេះក្ដីក្នុងលិខិតអំពាវនាវរបស់ក្រសួងក៏បានរំលេចថា ភ្នាក់ងារសាព័ត៌មានរបស់ក្រសួងបានលុបចោលភ្លាមៗនូវព័ត៌មានដែលដាក់ចំណងជើងដូចខាងលើ  បន្ទាប់ពីសេចក្ដីថ្លែងការណ៍មួយទៀតរបស់គណបក្សភ្លើងទៀនដដែលបានបដិសេធនូវព័ត៌មាននោះ៕

Share

ព័ត៌មានទាក់ទង

Image