សម្តេច ហ៊ុន សែន មេបក្សកាន់អំណាច បានព្រមានប្តឹងគណបក្សភ្លើងទៀន ដែលចេញបានសេចក្តីថ្លែងការណ៍ចោទប្រកាន់ថា គណបក្សកាន់អំណាច បានគំរាមកំហែងលើគណបក្សប្រឆាំងចំពោះការចាប់ខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដែលពាក់ព័ន្ធនឹងករណីចេញមូលប្បទានបត្រ ឬសែកស្អុយ។ មេបក្សកាន់អំណាចចាត់ទុក ការចាប់ខ្លួន លោក ថាច់ សេដ្ឋា គឺជារឿងអនុវត្តច្បាប់សុទ្ធសាធ មិនមានការពាក់ព័ន្ធនឹងនយោបាយទេ ហើយករណីនេះក៏ធ្លាប់កើត ឡើងជាហូរហែរកន្លងមកចំពោះ អ្នកដែលបាន ប្រព្រឹត្តកំហុសនេះដូចគ្នា។ លោក គីម ចាន់ចាវ រាយការណ៍
សម្តេច ហ៊ុន សែន មេដឹកនាំកំពូលរបស់គណបក្សកាន់អំណាច ដែលបានព្រមានរឿងដែលគណបក្សភ្លើង ទៀនចេញសេចក្ដីថ្លែងការណ៍ ចាត់ទុកករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា ជារឿង នយោបាយ បានប្រកាសថាគណបក្សប្រជាជនកម្ពុជា នឹងលុបបំបាត់តាមផ្លូវតុលាការ។ ការថ្លែងបែបនេះ ធ្វើ ឡើង ពិធីចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
«អ្នកអត់អាចចេញសេចក្តីថ្លែងការណ៍បន្ទោសថាគណបក្សកាន់អំណាចគំរាមកំហែងអ្នកឯងទេ អ្នកឯងប្រយ័ត្នគណបក្សប្រជាជនប្តឹង អ្នកឯងចេញសែកអត់លុយ រឿងតុលាការចាប់ខ្លួន ជារឿងសមហេតុផលណាស់ រឿងស្អីនយោបាយ ស្អីនយោបាយ ចឹងនយោបាយទាំងអស់»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ហើយបញ្ជូនទៅឃុំនៅពន្ធនាគារ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញក្រោមបទចោទ«មិនបំពេញកាតព្វកិច្ចចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ពាក់ព័ន្ធនឹងករណីចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ឬសែកស្អុយ ដែលបានកើតឡើងចាប់តាំងពីឆ្នាំ២០១២មក។
ជុំវិញការចាប់ និងឃុំខ្លួននេះ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍មួយចាត់ទុកថាជារឿងនយោបាយ ដោយទាមទារឱ្យដោះលែង លោក ថាច់ សេដ្ឋា និងបានចោទថា ជាការគំរាមកំហែង និងបំបាក់ស្មារតីក្រុមប្រឆាំង មុនការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលនឹងមកដល់ក្នុងរយះពេលជាង៦ខែទៀតនោះ។ អ្នកវិភាគនយោបាយមួយចំនួនក៏បានចាត់ទុកករណីនេះជារឿងនយោបាយផងដែរ។ លោក បណ្ឌិត មាស នី អ្នកវិភាគនយោបាយនៅកម្ពុជា បានបង្ហាញក្ដីបារម្ភពីវាសនាគណបក្សភ្លើងទៀនដែលកំពុងកើនប្រជាប្រិយភាព។ ទោះយ៉ាងណាលោក ចាត់ទុកករណីរងពាក្យបណ្ដឹងជាបន្តបន្ទាប់របស់មន្ត្រីបក្សប្រឆាំងនេះ ជាស្ថានការណ៍មិនគាប់ប្រសើរមុនការបោះឆ្នោតសោះឡើយ។ ព្យុះភ្លៀងលើគណបក្សភ្លើងទៀននេះ គឺដោយសារគណបក្សប្រឆាំងមួយនេះនៅតែមានក្នុងខ្សែភ្នែករបស់បក្សកាន់អំណាច។
«ខ្ញុំគិតថាសម្រាប់ព្យុះភ្លៀង មកលើអ្នកដឹកនាំគណបក្សភ្លើងទៀនដែលជាគណបក្សមួយលេចធ្លោជាងគេក្នុងចំណោមគណបក្សដទៃ។ ទោះបីគណបក្សភ្លើងទៀនមិនទាន់មានឥទ្ធិពលទៅដល់ពេលមួយដែលអាចប្រកួតជាមួយរដ្ឋាភិបាលក៏ដោយ ខ្ញុំគិតថាគណបក្សនេះ វានៅតែក្នុងក្រសែភ្នែករដ្ឋាភិបាលដែលត្រូវតែតាមមើលគ្រប់ជំហ៊ានទាំងអស់។ ទោះបីចង់មិនចង់ក៏គណបក្សនយោបាយដែលមានការកើនឡើងឥទ្ធិពលបែបហ្នឹងព្រោះក្នុងវប្បធម៌នយោបាយស្រុកយើងវាចៀសមិនផុតពីការទទួលនូវព្យុះភ្លៀងផ្គរ ដូចដែលយើងបានឃើញ»
សម្តេច ហ៊ុន សែន បានជំរុញឱ្យមេធាវីគណបក្សប្រជាជនកម្ពុជា សិក្សាអំពីសេចក្តីថ្លែងការណ៍របស់ គណបក្ស ភ្លើងទៀន ដើម្បីប្តឹងទៅតាមច្បាប់។ តែយ៉ាងណាមេបក្សកាន់អំណាចបញ្ជាក់ថា៖ «ឱ្យហ្អែង សុំទោស បើមិនសុំទោសប្តឹងហ្អែងទៀត ខ្ញុំបានប្រាប់ទៅមេធាវីគណបក្សប្រជាជនមើលសេចក្តីថ្លែងការណ៍ហ្នឹង គណបក្សកាន់អំណាច វាមានតែគណបក្សប្រជាជន គំហែងហ្អែងពីអង្កាល គំរាមនៅកន្លែងណា បើហ្អែងមិនដកពាក្យហ្នឹងទេ ប្តឹងមួយទៀត»។
ទោះយ៉ាងណា លោក មាស នី ទាមទារឱ្យ គ្រប់ភាគីនយោបាយគួរមានការជជែកចចារគ្នា ជាជាងការប្ដឹងផ្ដល់ត្បិតកន្លងលើមកទិដ្ឋភាពផ្លូវច្បាប់និងនយោបាយ កម្ពុជា បានយកមក ដោះស្រាយបានករណីជាច្រើនកន្លងមក ហើយក៏ឃើញមានការចរចាអនុគ្រោះគ្នាផងដែរ ដែលធ្វើឱ្យស្ថានការណ៍បានធូរស្រាលឡើងវិញ៕