en     km
en     km

លោកស្រី អ៊ុក ឆាយាវី រងចាំការឆ្លើយតបពីក្រសួងមហាផ្ទៃ ក្រោយស្នើធ្វើធម្មយាត្រាពីភ្នំពេញទៅពោធិ៍សាត់

Share

លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យបានចេញលិខិតគោរពជូនរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ដើម្បីស្នើសុំធ្វើពិធីហែរធម្មយាត្រាពីរាជធានីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ដើម្បីសីសធម៌សង្គម។ តែអ្នកនាំពាក្យក្រសួងបានឆ្លើយតបថា នេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងទេ ស្របពេលលោកស្រីប្រធានសមាគមទាមទារឱ្យក្រសួងមានលិខិតឆ្លើយតប ដើម្បីរៀបចំនីតិវិធីបន្ដទៀត។

ក្នុងលិខិតចេញពីសមាគមគ្រូបង្រៀនឯករាជ្យកាលពីថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៣ បានឱ្យដឹងថា ការហែរធម្មយាត្រា ពីរាជធានីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ មានគោលបំណងលើកកម្ពស់សីលធម៌សង្គម និងឱ្យមនុស្សគ្រប់រូប មិនថាអ្នកតូច ឬអ្នកមានតួនាទី ត្រូវមានសីលធម៌រស់នៅក្នុងសង្គម។

ផ្អែកតាមលិខិតដដែលបន្ដថា ការស្នើនេះនឹងមានការចូលរួមយ៉ាងតិច៥០នាក់។ កន្លែងជួបជុំនៅត្រង់រូបសំណាក់លោកយាយពេញ នឹងដង្ហែចេញទៅកាន់ខេត្តពោធិ៍សាត់ត្រ់ងបូជនីយដ្ឋានប្រវត្តិសាស្ដ្រលោកឧញ្ញ៉ា ឃ្លាំង មឿង ឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់។

លោក ខៀវ សុភ័ក្ដ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឱ្យដឹងថា លោកបានទទួលលិខិតពីសមាគមនគ្រូបង្រៀនឯករាជ្យហើយ តែយ៉ាងណាគ្រោងការណ៍ហែរធម្មយាត្រានេះ មិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃទេ ដោយសារជាការធ្វើធម្មយាត្រាចល័ត។ លោកប្រាប់ឱ្យលោកស្រីប្រធានសមាគមស្នើទៅកាន់រដ្ឋបាលកន្លែងដែលរៀបចំ និងខេត្តដែលឆ្លងកាត់វិញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បន្ដថា សម្រាប់លោកផ្ទាល់ ការធ្វើបែបនេះមិនអាចជួយអ្វីបានទេ។ លោកថា ប្រសិនបើការធ្វើធម្មយាត្រាជួយសីលធម៌សង្គមបាន នោះមិនបាច់មានសាសនា ឬគ្រូបង្រៀនសីលធម៌នៅតាមសាលានោះទេ។

តែយ៉ាងណាលោកស្រី អ៊ុក ឆាយាវី ថា នេះគ្រាន់តែជាការពញាក់ស្មារតីដល់ស្ថាប័នកំពូល ដោយសារបច្វុប្បន្ននេះ មានករណីវាយតប និងសម្លាប់ច្រើននៅក្នុងបណ្ដាញសង្គម ជាពិសេសរឿងប្រើពាក្យសម្ដីមិនពិរោះពិសារ មិនថាប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំមួយចំនួន។

ឆ្លើយតបទៅការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាការស្នើសុំនេះមិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង លោកស្រីប្រធានសមាគមថា រង់ចាំការឆ្លើយតបពីក្រសួងដូចគ្នា ដើម្បីលោកស្រីចាត់វិធានការបន្ដទៀត ។

បើតាមការបញ្ជាក់ពីលោកស្រី អ៊ុក ឆាយាវី ការដែលរើសយកទីតាំងពីភ្នំពេញទៅកាន់ខេត្តពោធិ័សាត់ ដោយសាររូបសំណាក់យាយពេញ ជាទីកន្លែងកំណើតទីក្រុងភ្នំពេញ ហើយបញ្ចប់ទៅវិញនៅកន្លែងបូជនីយដ្ឋានលោកតា ឃ្លាំង មឿង ដោយលោកជាវីរៈបុរសស្នេហាជាតិមួយបានលះបង់ជិវិតដើម្បីជាតិមាតុភូមិ៕

Share

ព័ត៌មានទាក់ទង

Image