នៅថ្ងៃទី១៨ ខែមករានេះ លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា កំពុងសិក្សាសំណុំរឿងនេះយ៉ាងប្រញាប់ប្រញាល់ ហើយដាក់ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការឃុំខ្លួនលោក ថាច់ សេដ្ឋា ដោយលោកចាត់ទុកថា បណ្តឹងនេះមានភាពមិនប្រក្រតី គឺមានអង្គហេតុតែមួយ តែតុលាការចាត់ការដល់ទៅពីរដង។ លោក គីម ចាន់ចាវ រាយការណ៍
លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា បានថ្លែងប្រាប់វិទ្យុស្រ្តីថាលោក ថាច់ សេដ្ឋា បច្ចុប្បន្នមានស្ថានភាពល្អប្រសើរ និងមានស្មារតីរឹងមាំ។ លោកមេធាវី ជួង ជូងី បន្ថែមថា បច្ចុប្បន្ននេះលោកកំពុងដុតដៃដុតជើងរៀបចំបណ្ដឹងឧទ្ធរណ៍ប្រឆំាងនឹងការឃុំខ្លួន និងទាមទារឱ្យដោះលែង កូនក្ដីរបស់ខ្លួន។
«យើងរៀបចំបណ្ដឹងឧទ្ធរណ៍យើងរៀបចំរួចហើយ ប៉ុន្តែយើងរង់ចាំ បានលេខដីការសម្រចឃុំខ្លួន ពីតុលាការមក ទើបយើងបំពេញលេខដីការឃុំខ្លួនហ្នឹង យើងដាក់ពាក្យបណ្ដឹង។ កាលពីម្សិលមិញខ្ញុំបានទៅតុលាការសុំលេខដីការឃុំខ្លួន ក្នុងគោលបំណងចង់ប្ដឹងឧទ្ធរណ៍ ប៉ុន្តែចៅក្រមដែលកាន់រឿងហ្នឹងមិនផ្ដល់លេខដីការឃុំខ្លួនឱ្យទេ»
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ហើយបញ្ជូនទៅឃុំនៅពន្ធនាគារ ក្រោមបទចោទ«មិនបំពេញកាតព្វកិច្ចចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ពាក់ព័ន្ធនឹងករណីចេញសែកគ្មានសាច់ប្រាក់ឬសែកស្អុយ ដែលបានកើតឡើងចាប់តាំងពីឆ្នាំ២០១២មក។
បើតាមលោកមេធាវីដដែល លោកចាត់ទុកថា សំណុំរឿងនេះ សែកអាចមានបញ្ហា ប៉ុន្តែលោករង់ចាំសំណុំរឿងពីតុលការ ដើម្បីពិនិត្យមើលសែកជាក់ស្ដែងអំពីភាពមិនប្រក្រតី។
« សែកហ្នឹងអាចមានបញ្ហាពីព្រោះថា គាត់លោកថាច់ សេដ្ឋា ប្រាប់យើងថាគាត់បានតែស៊ីញ៉េទេ ប៉ុន្តែគាត់អត់បានបំពេញចំនួនទឹកប្រាក់ អត់បានបំពេញកាលបរិច្ឆេតនៃការបើកសាច់ប្រាក់ពេលណាទេ។ ចឹងបើអ្វីដែលគាត់ប្រាប់ខ្ញុំជាការពិតវិញសែកហ្នឹងវាមានបញ្ហា។ សួរថាអ្នកណាជាអ្នកបំពេញចំនួនទឹកប្រាក់ អ្នកណាជាអ្នកបំពេញកាលបរិច្ឆេតនៃការបើកសាច់ប្រាក់?»
ទាក់ទងក្នុងរឿងនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា នេះគឺទាក់ទងនឹងទិដ្ឋភាពផ្លូវច្បាប់ មិនមែនមូលហេតុនយោបាយនោះទេ ព្រោះការចាប់ខ្លួននេះដោយសារលោក ថាច់ សេដ្ឋា បានប្រព្រឹត្តិកំហុសទាក់ទងការប្រើប្រាស់សែកស្អុយ។
«ស៊ីញ៉េសែកឱ្យគេហើយអត់មានលុយឱ្យគេ អាហ្នឹងវាជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែកក្នុងក្រមព្រហ្មទណ្ឌ។ ដូច្នេះហើយតុលាការលោកមានទឡ្ហីករណ៍ច្បាស់លាស់ក្នុងការចាត់នីតិវិធីលើករណីឯកឧត្តម ថាច់ សេដ្ឋាហ្នឹងឯង»
ជាការកត់សម្គាល់ ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សភ្លើងទៀនចំនួន ៣ រូបហើយ កំពុងរងនូវបណ្តឹងគិតត្រឹមថ្ងៃទី១៨ ខែមករា។ តួអង្គ ២ នាក់មុនគឺ លោក គង់ គាំ និង លោក សុន ឆ័យ បានបាត់បង់ដីធ្លីដោយសារបណ្តឹងផ្សេងៗពីគ្នា ពីការបញ្ជារបស់បក្សកាន់អំណាច។ លើបញ្ហាមន្ត្រីបក្សប្រឆាំងទី៣ ដែលជាប់ក្ដីក្ដាំនៅតុលាការនេះ សម្រាប់ជំហរលោក សុខ ឥសាន្ត តំណាងគណបក្សប្រជាជនកម្ពុជាចំពោះ យល់ថា ទំនងគ្មានឡើយជំនួបចរចាឡើយ ក្រោមហេតុផលករណីនេះស្ថិតក្នុងដៃតុលាការដែលស្ថិតក្នុងអំណាចដាច់ដោយឡែកពីកិច្ចសម្របសម្រួលនយោបាយ។ ប៉ុន្តែទាំងមេធាវីមន្ត្រីបក្សប្រឆាំង និងគណបក្សភ្លើងទៀនទាំងមូលនៅតែចាត់ទុកករណីក្ដីក្ដាំនេះជារឿងនយោបាយ ដោយទាមទារឱ្យមានការសម្របសម្រួលផ្នែកនយោបាយជាជាងការ តតាំងក្ដីនៅតុលាការ។
MC Promote: ជុំវិញសំណុំរឿង លោក ថាច់ សេដ្ឋា ដែលជាមន្ត្រីជាន់ខ្ពស់ បក្សប្រឆាំងទី៣ ដែលរងក្ដីក្ដាំនៅតុលាការនេះ លោក បណ្ឌិតមាស នី អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា បានបង្ហាញក្ដីបារម្ភពីវាសនាគណបក្សភ្លើងទៀនដែលកំពុងកើនប្រជាប្រិយភាព។ ទោះយ៉ាងណាលោក ចាត់ទុកករណីរងពាក្យបណ្ដឹងជាបន្តបន្ទាប់របស់មន្ត្រីបក្សប្រឆាំងនេះ ជាស្ថានការណ៍មិនគាប់ប្រសើរមុនការបោះឆ្នោតសោះឡើយ។ អ្នកវិភាគរូបនេះទាមទារឱ្យ គ្រប់ភាគីនយោបាយគួរមានការជជែកចចារគ្នា ជាជាងការប្ដឹងផ្ដល់។ ដើម្បីលម្អិតសូមនាងកញ្ញា លោក លោកស្រីរង់ចាំស្ដាប់បទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយលោក បណ្ឌិតមាសនី ក្នុងនាទីបទសម្ភាសរបស់វិទ្យុស្ត្រីនៅថ្ងៃទី១៨ ខែមករានេះ ដោយមេត្រ!