រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន និងមនុស្សយ៉ាងហោចណាស់ ១៥ នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីធ្លាក់ឧទ្ធម្ភាគចក្រនៅក្បែរសាលាមត្តេយ្យមួយ នៅជាយរដ្ឋធានី Kyiv ភាគខាងកើត។ នេះបើយោងតាមសារព័ត៌មានBBC ចុះផ្សាយនៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣នេះ។
ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ បណ្តាលឱ្យកុមារពីរនាក់ស្លាប់បាត់បង់ជីវិត រីឯកុមារ ១០នាក់ទៀត កំពុងបញ្ចូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។
ដោយឡែក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Denys Monastyrsky និងមនុស្សប្រាំបីនាក់ផ្សេងទៀតស្ថិតនៅក្នុងឧទ្ធម្ភាគចក្រ ត្រូវបានស្លាប់ទាំងអស់។
តាមប្រភពមន្ត្រីអ៊ុយក្រែនបានឱ្យដឹងថា អនុរដ្ឋមន្ត្រីទីមួយ និងរដ្ឋលេខាធិការអ៊ុយក្រែនក៏បានស្លាប់ក្នុងហេតុការធ្លាក់ឧទ្ធម្ភាគចក្រនេះផងដែរ។
យ៉ាងណាមិញ ក្រោយពេលកើតហេតុ អគ្គិភ័យបានឆាបឆេះនៅជិតសាលាមត្តេយ្យ ហើយសិស្សានុសិស្សជាកុមារទាំងនោះ រួមទាំងបុគ្គលិកផង ត្រូវបានជម្លៀសចេញពីអគាកើតហេតុភ្លាមៗ។
តាមចម្លើយសាក្សីដែលមើលឃើញហេតុការណ៍នេះបានរាយការណ៍ថា វាងងឹត និងមានអ័ព្ទខ្លាំង នៅពេលធ្លាក់ឧទ្ធម្ភាគចក្រ ហើយវាបានហោះទៅបុកសាលាមត្តេយ្យ មុនពេលធ្លាក់នៅជិតអគារលំនៅដ្ឋានពលរដ្ឋមួយកន្លែងក្បែរនោះ។គេឃើញមានបំណែកឧទ្ធម្ភាគចក្រនៅពាសពេញទីធ្លាខាងក្រៅសាលាមត្តេយ្យ។
បច្ចុប្បន្ននេះ លោក Klymenko អគ្គស្នងការនគរបាលជាតិអ៊ុយក្រែន បាននិយាយថា មនុស្សចំនួន២២ នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលក្នុងនោះមានកុមារចំនួន១០ នាក់ផងដែរ៕
ប្រភព៖ BBC ចុះថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣