ម៉ានីល៖ នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣នេះ តុលាការបានសម្រេចដោះលែងស្រ្តីម្ចាស់ពាន់រង្វាន់ណូបែលសន្តិភាព និងគេហទំព័រព័ត៌មាន Rappler ពីបទលួចគេចពន្ធខុសច្បាប់ ក្រោយតុលាការហ្វីលីពីនគ្មានភស្តុតាងដើម្បីចោទប្រកាន់។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា អ្នកស្រី Maria Ressa ជាស្រ្តីជនជាតិហ្វីលីពីនដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត និងជាស្ថាបនិកសារព័ត៌មាន Rappler ដែលឈ្នះពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០២១ រួមជាមួយលោក ឌីមីទ្រី មួរ៉ាតូវ។
យ៉ាងណាមិញ អ្នកស្រី Ressa និងក្រុមហ៊ុនរបស់អ្នកស្រី ត្រូវជាប់ចោទពីបទគេចវេសពីការបង់ពន្ធក្នុងបួនករណី បន្ទាប់ពីបន្ថែមដើមទុនជាមួយអ្នកវិនិយោគបរទេសពីរនាក់ផ្សេងទៀត។ច្បាប់ទាំងនេះស្ថិតក្នុងចំណោមច្បាប់ក្នុងអាណត្តិអតីតប្រធានាធិបតីហ្វីលីពីន ក្នុងចេតនាបិទសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
ដោយឡែក នៅថ្ងៃពុធ ទី១៨ ខែមករានេះ សាលាឧទ្ធរណ៍បានសម្រេចទម្លាក់ការចោទប្រកាន់ ដោយសារព្រះរាជអាជ្ញាមិនអាចបង្ហាញភស្តុតាងសមហេតុផលក្នុងការចោទប្រកាន់បានទេ។
តាមប្រភពដដែលបានបញ្ជាក់ថា អ្នកស្រី Ressa បាននិយាយក្រោយការសម្រេចរបស់តុលាការថា ការលើកលែងការចោទប្រកាន់នេះមិនមែនសម្រាប់តែសារព័ត៌មាន Rappler ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជនហ្វីលីពីនគ្រប់រូប ដែលធ្លាប់រងការចោទប្រកាន់ដោយអយុត្តិធម៌។ អ្នកស្រីបន្តថ្លែងថា ការចោទប្រកាន់ទាំងនេះមានហេតុផលនយោបាយ និងគោលបំណងប្រើប្រាស់អំណាចដើម្បីរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិ។
ក្រុមអ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសិទ្ធិមនុស្សបានសាទរចំពោះសេចក្តីសម្រេចរបស់តុលាការ ដែលពួកគេបានចាត់ទុកថា ជាជ័យជម្នះសម្រាប់អ្នកសារព័ត៌មាន និងនីតិរដ្ឋ។ លោក Carlos Conde អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះជាជ័យជម្នះសម្រាប់សេរីភាពសារព័ត៌មាននៅក្នុងប្រទេសហ្វីលីពីន ជាពិសេសករណីនេះអាចសបញ្ជាក់ថា អ្នកកាសែតអាចបំពេញការងាររបស់ពួកគេដោយគ្មានការភ័យខ្លាច។
សូមបញ្ជាក់ថា ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ១៤៧ ក្នុងចំណោម១៨០ ប្រទេស នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២២។ រីឯគណៈកម្មាធិការការពារអ្នកសារព័ត៌មាននៅប្រទេសហ្វីលីពីន បានជាប់ចំណាត់ថ្នាក់លេខ៧ នៅលើពិភពលោកក្នុងសន្ទស្សន៍ឆ្នាំ២០២១៕
ប្រភព៖ Reuters ចុះថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣