loader

ផ្ទះ៦ខ្នងបានបាក់ស្រុតចូលក្នុងស្ទឹង ខណះពលរដ្ឋជាង១០០គ្រួសារបង្ខំចិត្តរើចេញពីផ្ទះដោយសារជំនន់ទឹកភ្លៀងរដូវវប្រាំង

ជំនន់ទឹកភ្លៀង ក្នុងរដូវប្រាំង នៅពាក់កណ្ដាលខែមករា ដើមឆ្នាំ២០២៣នេះ បានក្លាយជាប្រធានបទដ៏ចាប់អារម្មណ៍។ ក្នុងហេតុការណ៍នេះ ផ្ទះពលរដ្ឋយ៉ាងហោចណាស់ ៦ ខ្នង បានបាក់ស្រុតចូលក្នុងស្ទឹង ខណៈពលរដ្ឋជាង ១០០ គ្រួសារបង្ខំចិត្តរើចេញពីផ្ទះ ដោយជំនន់ទឹកភ្លៀងខុសរដូវនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

ជំនន់ទឹកភ្លៀងក្នុងរដូវប្រាំងឆ្នាំនេះ បានបណ្តាលឱ្យលិចផ្ទះសម្បែងពលរដ្ឋជិត ១ ពាន់ខ្នង ដែលរស់នៅតាមបណ្ដោយ ស្ទឹងព្រែកត្នោត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ដំណោះស្រាយចំពោះមុខភា្លមៗ គឺអាជ្ញាធរក្រុងភ្នំពេញ បានបញ្ជូនកម្លាំងសមត្ថកិច្ចជាច្រើននាក់ ជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋ ចាប់តាំងពីថ្ងៃទី១៣ មករា មកដល់ពេលថ្ងៃទី១៨ ខែមករានេះ ដោយស្ថានភាពទឹកទើបតែចាប់ផ្ដើមស្រក ។ ពលរដ្ឋជាង ១ពាន់គ្រួសារ រស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងពលរដ្ឋខ្លះទៀត រស់នៅក្រុងតាខ្មៅ និង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានរងគ្រោះដោយទឹកជំនន់ ជាច្រើនថ្ងៃជាប់ៗ គ្នា ចាប់តាំងពីថ្ងៃទី១៣ មករា មកទល់ពេលនេះ។

ប្រជាពលរដ្ឋហាក់ភ្ញាក់ផ្អើល ចំពោះគ្រោះធម្មជាតិទឹកជំនន់ចំរដូវប្រាំងបែបនេះ ព្រោះពលរដ្ឋមិនធ្លាប់ជួបទាល់តែសោះ ហើយគ្រោះធម្មជាតិនេះធ្វើឱ្យលំនៅឋានពលរដ្ឋយ៉ាងហោចណាស់ ៦ខ្នង បាក់ស្រុតចូលក្នុងស្ទឹង ស្របពេលពលរដ្ឋរាប់សិបគ្រួសារទៀត ត្រូវបង្ខំចិត្តជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ ពលរដ្ឋមួយចំនួនបានបញ្ចេញមតិលើបណ្តាញសង្គមដោយទម្លាក់កំហុសបាតុភាពនេះ លើរដ្ឋាភិបាលថា បណ្ដោយឱ្យក្រុមអ្នកមានអំណាច លុបបឹងធម្មជាតិជាច្រើនកន្លែង ដូចជា បឹងទំពន់ បឹងធំ និងបឹងតាមោកជាដើម ដើម្បីសង់អគារ ផ្ទះល្វែង ជាហេតុបណ្ដាលឱ្យគ្មានកន្លែងរំដោះទឹកពេលមានភ្លៀងធ្លាក់ខ្លាំង។

ពលរដ្ឋដែលរស់នៅជាប់ព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួនជិត១០០គ្រួសារ បង្ខំចិត្តរើផ្ទះសម្បែងចេញពីកន្លែងធ្លាប់រស់នៅ ក្រោយពីមានផ្ទះចំនួន ៦ ខ្នងបានបាក់ស្រុតចូលក្នុងព្រែក  ហើយពួកគេបានស្នើឱ្យរដ្ឋាភិបាលផ្ដល់សំណងដីនិងផ្ទះដល់ពួកគេ។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ មានពលរដ្ឋចំនួន ៦៥គ្រួសារ ស្មើ ៦១ខ្នងផ្ទះ ស្ថិតនៅភូមិព្រែកថី និងភូមិព្រែកសំរោង នៃសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរងផលប៉ះពាល់ពីការបាក់ដី ដោយផ្ទះចំនួន ៦ ខ្នងបានបាក់ចូលទឹកព្រែក ហើយផ្ទះផ្សេងទៀតគឺចាំបាច់តម្រូវឱ្យរើចេញភ្លាមៗ។

បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៥ ខែមករា ក៏បានលើកឡើងដែរថា កម្លាំងនគរបាលជាតិចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្ដស្ទឹងព្រែកត្នោត ចំនួន១០សង្កាត់ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ក្នុងនោះមាន២៩ភូមិ ដែលមាន ៩៥៣ខ្នងផ្ទះ និង ១ ០២៦គ្រួសារ ស្មើមនុស្ស ៤ ០៣៥នាក់។ សង្កាត់ដែលប៉ះពាល់នោះមាន សង្កាត់សាក់សំពៅ, សង្កាត់ស្ពានថ្ម, សង្កាត់ក្រាំងពង្រ, សង្កាត់គងនយ, សង្កាត់ទៀន, សង្កាត់ព្រែកកំពឹស, សង្កាត់ជើងឯក, សង្កាត់ព្រៃស, សង្កាត់ដង្កោ, និងសង្កាត់ព្រៃវែង៕

 

5 1 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ផលិតផលសូត្រខ្មែរចំនួន១១មុខគ្រោងនឹងដាក់តាំងពិព័រណ៍នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះអាជ្ញ[...]

មន្ដ្រីនាំពាក្យក្រសួងព័ត៌មានអំពាវនាវឱ្យបក្សភ្លើងទៀនពិនិត្យមើលផ្ទៃក្នុងខ្លួន ក្រោយចេញផ្សាយព័ត៌មានច្របូកច្របល់

មន្ដ្រីនាំពាក្យក្រសួងព័ត៌មានអំពាវនាវឱ្យបក្សភ្[...]

ប៉ូលិស​ថៃ១៥​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​បន្ទាប់​ពី​​ជន​សង្ស័យ​រត់​រួច

  បាងកក៖ ប៉ូលីសថៃបាននិយាយកាលពីថ្ងៃចន្ទទី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x