បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានរកឃើញបទល្មើសព្រៃឈើចំនួន៧៣ ករណីក្នុងឃុំធ្មា និងឃុំរៀបរយ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ការរកឃើញបទល្មើសព្រៃឈើនេះ គឺបន្ទាប់ពីសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ចុះស្រាវជ្រាវ ស៊ើបអង្កេត ពីស្ថានភាពព្រៃឡង់រយៈពេល៤ថ្ងៃ ក្រោយការឃ្លាំមើលជាច្រើនខែ។ លោក គីម ចាន់ចាវ រាយការណ៍
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ មួយក្រុមដែលមានសមាជិកចំនួន៣៣នាក់ បានរកឃើញគល់ឈើដែលក្រុមជនល្មើសលួចចូលកាត់ចំនួន ៥៥ករណី ដែលឈើត្រូវបានអារមានមុខកាត់ពីកន្លះម៉ែត្រ ទៅមួយម៉ែត្រ ព្រមទាំងបានរកឃើញឈើអារច្រៀកមិនទាន់ដឹកចេញចំនួន ៩ម៉ែត្រគូប ចំនួន ៣ករណីធំៗ។ នេះបើតាមការឱ្យដឹងពីបណ្ដាញយុវជនកម្ពុជា (CYN)។ លោក អូត ឡាទីន មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានឱ្យដឹងថា ករណីបទល្មើសព្រៃឈើទាំង ៧៣ករណី ត្រូវបានរកឃើញកាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ មករា រួមមានករណីឈើអារជាក្ដារប្រវែង៥ម៉ែត្រ ចំនួន៣,៧ម៉ែត្រគូប ឈើអារធ្វើឃ្នាបប្រវែង៧ម៉ែត្រ ចំនួន៤,៤ម៉ែត្រគូប និងករណីឈើអារផាងជាបន្ទះប្រវែង២ម៉ែត្រ ចំនួន១ម៉ែត្រគូប។ ឈើដែលត្រូវបានអារទាំងនោះ រួមមានប្រភេទឈើដូចជា គគី ត្រាច តៀក ផ្ចឹក ឈើទាល ឈ្លីក ជាដើម។ ក្រៅពីនេះសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ក៏បានរកឃើញក្រុមជនល្មើសដែលលួចចូលទៅអារ និងដឹកឈើ ចំនួន ៨នាក់ ដែលមានគោយន្តដឹកឈើចំនួន ២គ្រឿង និងបានរកឃើញសម្ភារសម្រាប់ការកាប់ឈើជាច្រើនទៀត។
ថ្លែងប្រាប់វិទ្យុស្ត្រីរសៀលថ្ងៃទី១៧ ខែមករានេះ លោក ស្រី ថី សកម្មជនព្រៃឡង់ ដែលបានតាមស៊ើបអង្កេតបទល្មើសព្រៃឈើខាងលើ បានឱ្យដឹងថាករណីនេះ គឺសុទ្ធសឹងជាពលរដ្ឋនៅក្នុងសហគមន៍ជាអ្នកកាប់និងដឹកលក់ឱ្យឈ្មួញដែលចាំទិញយកទៅលក់បន្ត។ យ៉ាងណាករណីនេះ ត្រូវរង់ចាំការដោះស្រាយពីមន្ត្រីជំនាញ។
«ធ្វើការវា២៤ឆ្នាំហើយ បើក្នុងច្បាប់អត់មានសិទ្ធិអីទៅចាប់ ទៅហាមឃាត់ ទៅស្អីទេ ក្នុងច្បាប់គេហា៎។ ប៉ុន្តែមានសិទ្ធិបានត្រឹមតែរាយការណ៍ ទៅឃាត់ទុកឱ្យនៅមួយកន្លែង រង់ចំាមន្ត្រីជំនាញដោះស្រាយ ប៉ុន្តែយើងចាំមើលឆ្អែតហើយ អត់ឃើញមានមន្ត្រីជំនាញដោះស្រាយទេ»
ទោះយ៉ាងណាសកម្មជនព្រៃឡង់ដដែលនេះបញ្ជាក់ថាករណីបទល្មើសខាងលើ ក្រុមបណ្ដាញសហគមន៍ព្រៃឡង់ បានដកហូតសម្ភារៈ មួយចំនួនដូចជាអាវុធកែច្នៃ និងម៉ាស៊ីអាឈើជាដើម ប៉ុន្តែមិនមានតួនាទីក្នុងការឃាត់មនុស្សនោះឡើយ។
«បើយើងឃាត់ទុកអត់មានអ្នកណាទៅនៅការពារទេ ឈើក៏ដោយមនុស្សក៏ដោយ អត់មានពីណាទៅជួយការពារយើងទេ ហើយយើងពិបាកនឹងធ្វើការណាស់ ហើយការសន្និដ្ឋានរបស់យើងករណីខាងលើមិនមែនតែប៉ុណ្ណោះទេ អាចមានបក្ខពួកអីផ្សេងទៀត អាចទៅកាងអាចទៅអីពីក្រោយក៏មានដែរ យើងធ្វើកន្លងមកវាតែងតែមាន»
ទាំងបណ្ដាញយុវជនកម្ពុជា (CYN) និងបណ្ដាញសហគមន៍ព្រៃឡង់យល់ថា បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារ បានកើតឡើងក្នុងរូបភាព ២ធំៗ ក្នុងនោះរួមមាន ការជួលប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតឱ្យកាប់ឈើ ធ្វើអាជីវកម្ម និងការកាប់ទន្ទ្រានព្រៃដើម្បីធ្វើចម្ការ។ ទោះយ៉ាងណា បទល្មើសព្រៃឈើទាំងនោះ កើតឡើងដោយសារការអនុវត្តច្បាប់នៅមានកម្រិត បញ្ហាអំពើពុករលួយ និងការរឹតត្បិតសមាជិកសមាគមធ្វើសកម្មភាពការពារព្រៃឡង់។ លោក ស្រី ថី បានអំពាវនាវឱ្យអាជ្ញាធរសហាការជាមួយសមាគមការពារព្រៃឈើក្នុងមូលដ្នានក្នុងការការពារព្រៃឡង់ និងសុំឱ្យមានការបង្កើនការអនុវត្តច្បាប់ចំពោះបទល្មើសព្រៃឈើផ្សេងៗ។
ពាក់ព័ន្ធករណីនេះ លោក នេត្រ ភត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន កាលពីពេលថ្មីនេះ បានអះអាងថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានតែបទល្មើសខ្នាតតូចដែលចាំបាច់ត្រូវបន្តទប់ស្កាត់និងបង្ក្រាប ក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូបានកំពុងបន្តអនុវត្តវិធានការចាំបាច់នានាដើម្បីកាត់បន្ថយ។ កាលពីឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងបរិស្ថានបង្ក្រាបបានបទល្មើសចំនួន ៥៣៧៦ករណី រឹបអូសបានឈើជាង ១ពាន់ម៉ែត្រគូប និងដករហូតរណាយន្តចំនួន ២ពាន់១រយ គ្រឿង៕