en     km
en     km

កម្ពុជាជំរុញភាគីម៉ាល់ឌីវនាំចូលត្រីខកំប៉ុងជាជាងត្រីស្រស់

Share

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីកម្ពុជាសម្ដេច ហ៊ុន សែន បានពិភាក្សាការងារជាមួយប្រធានាធិបតីសាធារណរដ្ឋ ម៉ាល់ឌីវ លោក អ៊ីប្រាហ៊ីម មហាមេដ សូលី កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អំពីសារៈសំខាន់នៃពាណិជ្ជកម្មទេ្វភាគី ដោយមើលឃើញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។


ជំនួបនេះមានបំណងដើម្បីបង្កើនពាណិជ្ជកម្មទេ្វភាគី ការវិនិយោគ ការផ្លាស់ប្ដូរទេសចរណ៍ និងលើកទឹកចិត្តដល់វិស័យឯកជនប្រទេសទាំងពីរសហការគ្នាជិតស្និទ្ធិ ថ្នាក់ដឹកនាំកម្ពុជា និងម៉ាល់ឌីវបានពិភាក្សាគ្នាពីការនាំចូលកសិផលកសិកម្មរបស់កម្ពុជា មានអង្ករ ពោត ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ផ្លែឈើ សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ រួមទាំងគ្រឿងអគ្គិសនី អំពូលភ្លើងសម្រាប់តុបតែង ផលិតផលឈើ ផលិតផលប្លាស្ទិក និងស្បែកសត្វកែច្នៃ ចូលក្នុងប្រទេសម៉ាល់ឌីវ។


ចំណែកភាគីម៉ាល់ឌីវិញ ដាក់ក្តីរំពឹងថា កម្ពុជានឹងពិចារណានាំចូលគ្រឿងសមុទ្រ និងត្រីរបស់ខ្លួនចូលមកកម្ពុជាវិញ។ នេះបើផ្អែកទៅតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចជុំជួបថ្នាក់ដឹកនាំទាំងពីរ។
នាយករដ្ឋមន្ដ្រីកម្ពុជាបានសង្ឃឹមថា អង្ករកម្ពុជានឹងទទួលបានការពេញនិយម សម្រាប់ប្រជាជនម៉ាល់ឌីវផង និងសម្រាប់អ្នកទេសចរដែលមកទស្សនកិច្ចនៅម៉ាល់ឌីវ។ សម្ដេចបានបន្ដថា សម្រាប់ការនាំចូល លើគ្រឿងសមុទ្រ និងត្រី មកកម្ពុជា គឺកម្ពុជាមានទាំងត្រីទឹកសាប និងត្រីទឹកប្រៃ។ យ៉ាងណាសម្ដេចបានឱ្យភាគីម៉ាល់ឌីវសិក្សាលើត្រីខកំប៉ុងវិញ ព្រោះមួយឆ្នាំៗកម្ពុជាប្រើត្រីខកំប៉ុងច្រើន។ សម្ដេចបន្ថែមទៀតថា នាប៉ុន្មានខែមុននេះ កម្ពុជាប្រើត្រីខកំប៉ុងប្រមាណ ១០ម៉ឺនកេស ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលមានការលិចលង់ ដោយជំនន់ទឹកភ្លៀង ឥឡូវនេះកំពុងតែត្រូវការទៀតផងដែរ៕

Share

ព័ត៌មានទាក់ទង

Image