en     km
en     km

ស្ត្រី​អូស្ត្រាលី​បំបែក​ឯតទគ្គកម្មដោយ​រត់​ឆ្លងកាត់ផ្ទៃ​ប្រទេស១៥០ថ្ងៃ

Share

 

លោកស្រី Erchana Murray-Bartlett អ្នករត់ម៉ារ៉ាតុងម្នាក់ បានចំណាយពេលប្រាំខែដើម្បីរត់ពីចុងម្ខាងដល់ចុងម្ខាងទៀតនៃភាគខាងត្បូងប្រទេសអូស្ត្រាលី។កីឡាករវ័យ 32 ឆ្នាំរូបនេះបានរត់ដល់គោលដៅក្នុងចម្ងាយ 6,300 គីឡូម៉ែត្រកាលពីថ្ងៃចន្ទទី១៦ មករា ២០២៣។ការរត់ម៉ារ៉ាតុងនេះធ្វើឡើងជារៀងរាល់ថ្ងៃក្នុងរយៈពេល150 ថ្ងៃជាប់ៗគ្នា។

លោកស្រី Murray-Bartlett បានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយសម្រាប់ការរត់ម៉ារ៉ាតុងប្រចាំថ្ងៃ

ជាប់ៗគ្នា ដែលជារយៈឆ្ងាយបំផុតសម្រាប់អ្នករត់ម៉ារ៉ាតុងជាស្ត្រី។ក្នុងការរត់ម៉ារ៉ាតុងនេះលោកស្រីបានរៃអង្គាសប្រាក់បានជាង 100,000 ដុល្លារអូស្ត្រាលី ប្រហែល70,000 ដុល្លារសហរដ្ឋអាមេរិក សម្រាប់អង្គការអភិរក្សសប្បុរសធម៌ Wilderness Society ។

អ្នកស្រី Murray-Bartlett ជាអ្នករត់ម៉ារ៉ាតុងវិជ្ជាជីវៈជាច្រើនឆ្នាំមកហើយ ប៉ុន្តែបន្ទាប់ពីខកខានក្នុងវគ្គជម្រុះ​សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ លោកស្រីបានកំណត់ក្តីស្រមៃថ្មីមួយ។លោកស្រីបានរត់ឆ្លងកាត់ប្រទេសអូស្ត្រាលី និងបំបែកឯតទគ្គកម្មពិភពលោក Guinness ក្នុងការរត់ម៉ារ៉ាតុងប្រចាំថ្ងៃជាប់ៗគ្នាយូរបំផុតសម្រាប់ស្រ្តី ដែលកាលពីឆ្នាំមុនបានទៅលើជនជាតិអង់គ្លេសលោកស្រី Kate Jayden ដែលបានរត់ក្នុងរយៈពេល106ថ្ងៃ។

លោកស្រី Murray-Bartlett រត់ម៉ារ៉ាតុងនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វកម្រជិតផុតពូជ និងរុក្ខជាតិនៅអូស្ត្រាលី។ អូស្ត្រាលីជាទ្វីបតែមួយគត់ដែលមានជីវៈចម្រុះច្រើនជាងគេក្នុងពិភពលោក ប៉ុន្តែស្ថិតក្នុងចំណោមប្រទេសមានហានិភ័យបំផុតក្នុងការបាត់បង់ជីវចម្រុះទាំងនោះ។

វាជាការរត់ដ៏លំបាកសម្រាប់លោកស្រី Murray-Bartlett ដែលបានធ្វើឱ្យលោកស្រីរងរបួស៣ដងក្នុងរយៈពេលបីសប្តាហ៍ដំបូង។ប៉ុន្តែ​រាងកាយ​របស់លោកស្រី​​អាចទប់ទល់​បានអាច​រត់​តាម​បណ្តោយ​ឆ្នេរ​ដ៏​ល្បី​របស់​អូស្ត្រាលី កាត់​ព្រៃ​ កាត់​ផ្លូវ​កខ្វក់ និង​ផ្លូវ​ហាយវេ។ ពេលខ្លះលោកស្រីត្រូវរត់កាត់ភ្លៀងធ្លាក់ខ្លាំង ហើយពេលខ្លះទៀតអាកាសធាតុឡើងកំដៅដល់ 35C។ស្បែកលោកស្រីរលាកដោយកំដៅថ្ងៃ(sunburn) និងមានសត្វល្អិតខាំជាច្រើន ដូចជា សត្វស្រមោច មូស ពីងពាងជាដើម។

នៅពេលលោកស្រីរត់ចូលដល់ទីក្រុងមែលប៊ន ជើងរបស់លោកស្រីរលាក ហើមទំហំប៉ុនស្បែកជើង ហើយលោកស្រីបានដូរស្បែកជើងអស់ដប់គូ។លោកស្រីបានប្រាប់ BBC កាលពីថ្ងៃអង្គារទី១៧ មករា ថា”វាពិតជាថ្ងៃដ៏លំបាកខ្លាំងណាស់… អ្នកនៅទីនោះ អ្នកមើលមិនឃើញបន្ទាត់ដល់ទីចុងក្រោយទេ ហើយអ្នកគិតថាហេតុអ្វីបានជាខ្ញុំធ្វើបែបនេះ?។លោកស្រីបានបន្ថែមថា “ទោះបីពេលខ្លះបែកញើសជោកនិងមានរុយរោម និងឈឺចុកចាប់ពេញខ្លួនក៏ដោយ តែខ្ញុំគិតថា: ‘ទេខ្ញុំអាចទៅមួយគីឡូម៉ែត្រទៀត” ឬ “ទេខ្ញុំអាចទៅ 500 ម៉ែត្របន្ថែមទៀត” ប្រសិនបើអ្នកអាចកំណត់គោលដៅខ្លីៗបែបនេះ  នោះអ្នកអាចធ្វើវាបាន។”

លោកស្រីបានរត់ឆ្លងផុតបន្ទាត់ទីជាគោលដៅចុងក្រោយកាលពីល្ងាចថ្ងៃចន្ទទី១៦ មករា។ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកស្រី Murray-Bartlett បាននិយាយថា អ្នកស្រីមានការគាំទ្រច្រើនលើសលប់ ដោយអ្នកខ្លះបានហៅលោកស្រីជិះរថយន្ត និងខ្លះបានរត់អមដំណើរជាមួយលោកស្រី។លោកស្រី​បាន​និយាយ​ថា​៖ «​វា​ច្រើន​លើសលប់ ខ្ញុំ​រំភើបខ្លាំង​ណាស់​។”ការ​​ចូលរួម​គឺ​អស្ចារ្យ​ណាស់ ហើយ​ការ​ដែល​អ្នក​រាល់​គ្នា​រត់​ជាមួយ​ខ្ញុំ វា​ធ្វើ​ឱ្យ​​កាន់​តែ​ពិសេស”។

ប្រភព៖ BBC ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣

Share

Image
Image
Image