រដ្ឋបាលក្រុងកែប បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយតម្រូវអាជីវករនៅផ្សារក្តាម ឈប់ប្រើជញ្ជីងយូរដៃ ក្នុងការថ្លឹងគ្រឿងសមុទ្រអោយភ្ញៀវ។ ករណីអាជីវករនៅតែមិនគោរពតាម រដ្ឋបាលក្រុងកែប នឹងពិន័យតាមច្បាប់។ លោក គីម ចាន់ចាវ រាយការណ៍
បើតាមរយៈសេចក្ដីជូនដំណឹង ដែលអ្នកសារព័ត៌មានទទួលបាន នៅថ្ងៃទី១៦ ខែមករានេះ កន្លងមកអាជ្ញាធរក្រុងកែប បានធ្វើការផ្សព្វផ្សាយណែនាំដល់ អាជីវករជាច្រើនលើករួចមកហើយ អំពីការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន សោភ័ណភាព សុជីវធម៌ ពិសេសការលក់ក្ដាម បង្គារ ត្រី…ថ្លឹងជញ្ជីងមិនគ្រប់គីឡូ ជូនភ្ញៀវទេសចរណ៍ បណ្តាលឲ្យមានការរិះគន់ ពីសំណាក់សាធារណៈជនជាច្រើន។
ទោះយ៉ាងណាករណីនេះ ក៏មានអាជីវករមួយចំនួនបានចូលរួមសហការអនុវត្ត ជាមួយអាជ្ញាធរបានល្អប្រសើរ ប៉ុន្តែអាជីវករមួយចំនួនមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរនៅឡើយ ។ ការណ៍នេះហើយ ដែលធ្វើឱ្យរដ្ឋបាលក្រុងកែប ចេញសេចក្ដីជូនដំណឹង ដោយណែនាំឱ្យ អាជីវករនៅផ្សាក្ដាម ត្រូវរៀបចំកន្លែងលក់ដូរឲ្យមានសោភ័ណ្ឌភាព របៀបរៀបរយល្អ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ បរិស្ថាន សេចក្តីថ្លៃថ្នូរ និងកិត្តិយស ទីក្រុងទេចណ៍ដ៏ប្រណិត។
ដើម្បីសម្រេចនូវគោលដៅនេះ លោក ខេង យ័ន អភិបាលក្រុងកែប មិនអនុញ្ញាតឲ្យប្រើជញ្ជីញយូរដៃជាដាច់ខាត ជញ្ជីញត្រូវមានបិទសញ្ញាសម្គាល់របស់មន្ទីរឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យបានត្រឹមត្រូវ។ បន្ថែមពីនេះមិនអនុញ្ញាតឲ្យដើរចាប់ភ្ញៀវនៅលើផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនោះឡើយ។
ជាមួយគ្នានេះដែរ អាជីវករ ដែលលក់ដូរ នៅតំបន់ផ្សារក្ដាមទាំងអស់ ត្រូវវេចខ្ចប់សំរាមឲ្យបានសមរម្យត្រឹមត្រូវ ក្រោយពេលលក់ដូរចប់។ រដ្ឋបាលក្រុងកែប ក៏បានព្រមានផងដែរថា ក្នុងករណីអាជីវករ មិនគោរពអនុវត្តតាមសេចក្ដីជូនដំណឹងនេះ អាជ្ញាធរក្រុងកែបនឹងចុះរៀបចំសណ្តាប់ធ្នាប់ និងដឹកយកសម្ភារៈមករក្សាទុក ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរ និងពិន័យតាមច្បាប់ ជាធរមាន៕